មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាអះអាងថា លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានទទួលស្គាល់ការណ៍ពិត អំពីការបែកបាក់ផ្ទៃក្នុងរបស់ខ្លួនរវាងលោកកឹម សុខា និងលោកសម រង្ស៊ី ប្រាកដមែន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសាន្ត បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម នៅថ្ងៃច័ន្ទនេះថា ដោយសារមានការទទួលស្គាល់អំពីការបែកបាក់ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិនេះហើយបានជាលោកសម រង្ស៊ី កាលពីថ្ងៃទី២៣ ខែធ្នូ បាន អំពាវនាវឲ្យភាគីទាំងសងខាងបញ្ឈប់វាយប្រហារគ្នាតទៅទៀតចាប់ពីឆ្នាំថ្មី២០១៩តទៅ។
កាលពីថ្ងៃទី២៣ខែធ្នូ លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកពីប្រទេសបារាំងមកថា ក្នុងឱកាសបុណ្យ Christmasនិងបុណ្យឆ្លងឆ្នាំសាកល២០១៨ ផ្លាស់ចូលឆ្នាំថ្មីសាកល ២០១៩ខាងមុខនេះ ក្នុងឋានៈលោកជាប្រធានស្ដីទីរបស់គណបក្សសង្គ្រោះជាតិ លោកសូមផ្ញើនូវសេចក្ដីនឹករលឹកដល់បងប្អូនជនរួមជាតិ សមាជិកសមាជិកា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងក្នុង និងក្រៅប្រទេស ហើយសូមជូនពរដល់ជនរួមជាតិគ្រប់មជ្ឈដ្ឋានសម្រាប់ឆ្នាំថ្មីសាកលខាងមុខនេះ សុំឱ្យជនរួមជាតិទទួលបាននូវសេចក្ដីសុខ សុភមង្គល និងរក្សាសាមគ្គីភាពជាតិ ដោយមេត្តាធម៌ រម្ងាប់ចិត្តមារព្យាបាទ ឯកភាពជាតិ ជាឆ្នាំដែលមហាគ្រួសារខ្មែរអាចជួបជុំគ្នាវិញក្នុងកំណត់ត្រាជាប្រវត្តិសាស្ត្រសម្រាប់កូនខ្មែរជំនាន់ក្រោយ ដើម្បីបានចូលរួមកសាងនិងការពារប្រទេសជាតិ សាសនា និងការពាររាល់ផលប្រយោជន៍ជាតិខ្មែរឱ្យបានព្រមទាំងមានការឯកភាពជាតិពិតប្រាកដ មិនយកខ្មែរណាជាសត្រូវ។
លោកសមរង្ស៊ីបានអះអាងថា លោកមានក្តីសង្ឃឹមយ៉ាងមុតមាំថា គណបក្សសង្គ្រោះជាតិនឹងអាចដំណើរការជាប្រក្រតីដូចដើមវិញ ហើយលោកប្រធានកឹម សុខា នឹងមានសេរីភាពពេញលេញវិលមកដឹកនាំគណបក្សសង្គ្រោះជាតិដើម្បីឈានទៅរកភាពជោគជ័យ និងការផ្លាស់ប្តូរជាវិជ្ជមានតាមយន្តការប្រជាធិបតេយ្យ។
ជាងនេះទៅទៀត លោកសម រង្ស៊ីប្រាកដក្នុងចិត្តថា លោកកឹម សុខានិងរូបលោកផ្ទាល់ជាដៃគូនយោបាយស្មោះត្រង់សម្រាប់ជាតិខ្មែរ និងជាមនុស្សតែមួយសម្លុតមិនខ្លាច បំបែកមិនបាន។ ហេតុដូច្នេះសូមថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវបញ្ឈប់ការយល់ច្រឡំ ការជេរប្រមាថ ការវាយប្រហារគ្រប់រូបភាពចាប់ពីឆ្នាំថ្មីនេះតទៅ។
ទោះជាយ៉ាងណាក៏ដោយ លោកសុខ ឥសាន្តអះអាងថា លោកសម រង្ស៊ីនៅតែមានៈ និងចចេសនិយាយរត់មាត់បោកប្រាស់មហាជនថា សម រង្ស៊ីនិងកឹម សុខាជាមនុស្សតែមួយដដែល នៅពេលដែលមនុស្សទាំងពីរនៅដាច់ដោយឡែកពីគ្នា និងមានគោលជំហរខុសគ្នា។
មន្រ្តីនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជារូបនេះអះអាងថា ការអំពាវនាវរបស់លោកសម រង្ស៊ីធ្វើឡើងនៅពេលដែលមានរលកបែកបាក់យ៉ាងស្រួចស្រាលរវាងភាគីគាំទ្រលោកសម រង្ស៊ី និងភាគីគាំទ្រ លោកកឹម សុខា ហើយថា ទោះបីលោកសម រង្ស៊ី ខិតខំបិទបាំងការណ៍ពិតក៏ដោយ ការណ៍ពិតនៅតែជាការណ៍ពិតដដែល។
The Cambodia Dailyបានព្យាយាមទាក់ទងលោកសម រង្ស៊ីដើម្បីសុំប្រតិកម្មពីលោកសមរង្ស៊ីនៅថ្ងៃច័ន្ទនេះដែរ តែលោកមិនលើកទូរស័ព្ទ។
ប៉ុន្តែលោកសមរង្ស៊ីបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថាលោកហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជា កំពុងភ័យខ្លាច ហើយពួកគេកំពុងតែប្រើលិ្បចគ្រប់បែបយ៉ាងដើម្បីបំបែកលោកចេញពីលោកកឹម សុខា។
ទោះជាយ៉ាងណាក៏ដោយ អ្នកណាក៏ដឹងដែរថា ក្រុមអ្នកគាំទ្រលោកសម រង្ស៊ីនិងក្រុមអ្នកគាំទ្រលោកកឹម សុខាក្នុងគណបក្សសង្រ្គោះជាតិ កំពុងវាយប្រហារគ្នាទៅវិញទៅមកយ៉ាងជោគជាំជាបន្តបន្ទាប់តាមបណ្តាញសង្គមហ្វេសប៊ុក។
ក្រុមអ្នកឃ្លាំមើលនិយាយថា គណបក្សសង្រ្គោះជាតិកំពុងប្រឈមការបែកបាក់ផ្ទៃនៅពេលខាងមុខ ហើយការបែកបាក់នេះជាទិសដៅសំខាន់មួយដែលលោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាចង់បាន។
ប្រធានអង្គការតម្លាភាពកម្ពុជាកាលពីដើមខែធ្នូ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ប្រសិនបើក្រុមអ្នកគាំទ្រលោកសម រង្ស៊ីនិងក្រុមអ្នកគាំទ្រលោកកឹម សុខា បន្តធ្វើសង្រ្គាមពាក្យសម្តីដាក់គ្នាទៀត លទ្ធផលចុងក្រោយជម្លោះនេះកាន់តែរីករាលដាលឡើងៗ រហូតឈានទៅដល់ការចែកផ្លូវគ្នាដើរ ហើយជាលទ្ធផលគណបក្សប្រជាជនកម្ពុជានៅតែឈ្នះដដែល៕