39.4 C
Phnom Penh

ការ​ជូនពរ​ឆ្នាំ​ថ្មី​របស់​លោក​ហ៊ុន សែន​គឺ​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​មើល​វិមាន​ឈ្នះឈ្នះ​របស់​លោក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១៩​នេះ ​លោក​ហ៊ុន សែន​​បាន​ផ្ញើសារ​ជូនពរ​ដល់​ពលរដ្ឋ​ខ្មែរ​នៅលើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ថា​ ពលរដ្ឋ​ខ្មែរ​កំពុង​ទទួល​បាន​នូវ​សុខ​សន្តិភាព ​និង​ភាព​សប្បាយ​រីករាយ​ជាមួយ​នឹង​វិមាន​ឈ្នះ​ឈ្នះ​របស់​លោក។

​លោក​អះអាង​ថា​ ភាព​សប្បាយ​រីករាយ​ទាំងអស់​នេះ​កើត​មាន​ឡើង​ដោយ​សារតែ​កម្ពុជា​មាន​សុខ​សន្តិ​ភាព​ពេញលេញ។ ​លោក​ហ៊ុន​ សែន​ក៏បាន​ជូនពរ​ដល់​ជន​រួមជាតិ​ រួមទាំង​មន្រ្តី​រាជការ ​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទ​ ជួប​តែ​សេចក្តី​សុខ ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​ និង​មាន​លាភ​សំណាង​ល្អ​គ្រប់ៗ​គ្នា ​ចាប់ពី​ថ្ងៃ​ចូល​ឆ្នាំ​សកល​ថ្មី​២០១៩​នេះ​​ត​ទៅ។​

កាលពី​ថ្ងៃ​ទី​៣១​ខែ​ធ្នូ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​កឹម សុខា​ ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ​នោះ ​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ សូម​ឲ្យ​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​នេះ​ចាប់​ផ្តើម​ពី​មេ​ដឹកនាំ​គ្រប់​និន្នាការ ​ដើម្បី​ជា​គំរូ​ ដោយ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​តាម​បែប​អគុណ​ធម៌​ មិន​ថា​ តាម​រយៈ​ការ​គំរាម​កំហែង​ការ​លាប​ពណ៌​ ជេរ​ប្រមាថ​ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ការ​មួល​បង្កាច់​ ហើយ​វិល​មក​រក​ទសពិ​ធរាជ​ធម៌​វិញ​ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​ជូន​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​កូន​ខ្មែរ​ជំនាន់​ក្រោយ។​

រី​ឯ​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ ហាម​មិន​ឲ្យចូល​ស្រុក​វិញ​នោះ​ក៏​បាន​សរសេរ​នៅ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​ថា​ លោក​នឹង​វិល​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩​នេះ។​ ហើយ​នៅ​ថ្ងៃ​ទី​១​ខែ​មករា​នេះ ​លោក​សម រង្ស៊ី​បាន​សរសេរ​ដោយ​អម​រូបថត​ចំនួន​៦​សន្លឹក​រំឭក​ពី​អនុស្សាវរីយ៍​ដែល​លោក​ធ្លាប់​ចុះជួប​សួរ​សុខ​ទុក្ខ​អាជីវករ​នៅ​តាម​ផ្សារ​ថា​«យើង​នឹង​បាន​ជួប​ជុំគ្នា​វិញ​ក្នុង​ឆ្នាំ​២០១៩​ នេះ។​ សូមជូន​ពរ​ឲ្យ​បង​ប្អូន​កូន​ក្មួយ ​ជួប​ប្រទះ​តែ​សេចក្តី​សុខ​ និង​សេចក្តី​ចម្រើន​គ្រប់ប្រការ​ចាប់​ពី​ពេល​នេះ​ត​ទៅ»៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស