អ្នកវិភាគឯករាជ្យលោកបណ្ឌិតឡៅ ម៉ុងហៃ បានជំរុញឲ្យសមត្ថកិច្ចកម្ពុជាស្វែងរកយុត្តិធម៌ដល់ស្រ្តីរកស៊ីផ្លូវភេទឈ្មោះប៉ែន សុគន្ធាហៅស្រីម៉ៅ ដែលក្រុមសន្តិសុខខណ្ឌដូនពេញដេញចាប់រហូតដល់នាងលង់ទឹកស្លាប់កាលពីយប់ថ្ងៃទី១ ខែមករាឆ្នាំ២០១៧កន្លងទៅ។
លោកបន្តថា ករណីស្លាប់ស្ត្រីរកស៊ីផ្លូវភេទរូបនេះ បានស្ងាត់បាត់ស្រមោលដោយគ្មានការស្វែងរកយុត្តិធម៌ពិតប្រាកដល់នាងឡើយ។ លោកបណ្តិតឡៅ ម៉ុងហៃបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារនេះថា អ្នកស្លាប់មិនអាចស្រែករកយុត្តិធម៌បានទេ មានតែអ្នកដែលនៅរស់ទេ ដែលត្រូវតែរកយុត្តិធម៌ឲ្យពួកគេ។
អ្នកវិភាគនយោបាយចាស់វស្សារូបនេះបានសរសេរថា បើទេវតាមិនបានជួយគ្នាទៅហើយ តើមនុស្សអាចជួយរកយុត្តិធម៌ឲ្យស្ត្រីនេះបានទេ?លោកបន្តថា ការរកស៊ីផ្លូវភេទមិនមែនជាបទល្មើសទេ លើកលែងតែទាក់ទាញហៅគេឲ្យមាន ទំនាក់ផ្លូវភេទទើបជាបទល្មើសដែលត្រូវពិន័យជាប្រាក់ពី ៥ពាន់ ដល់ ៥ម៉ឺនរៀល ប៉ុណ្ណោះ។
លោកបានចោទជាសំណួរថា តើគួរដាក់ទណ្ឌកម្មដល់អ្នកទិញសេវាផ្លូវភេទវិញឬទេ ដើម្បីកុំឲ្យគេធ្វើបាបស្ត្រី?
នាងប៉ែន សុគន្ធាហៅស្រីម៉ៅជាស្ត្រីរកស៊ីផ្លូវភេទ មានកូនប្រុសមួយ ពិការជើងមិនអាចដើរបាន។ នៅយប់ថ្ងៃអាទិត្យទី១ខែមករាឆ្នាំ២០១៧ សន្តិសុខមួយ ក្រុមបានដេញចាប់ស្ត្រីរកស៊ីផ្លូវភេទមួយក្រុម ចាប់ផ្តើមពីវត្តភ្នំឆ្ពោះទៅសួនច្បារមាត់ទន្លេសាបត្រង់ចំណតទូកទេសចរណ៍ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ស្រ្តីទាំងនោះបានរត់គេចពីការដេញចាប់នេះ រួមទាំងនាង ប៉ែន សុគន្ធាដែរ ដែលនាងបានរត់គេចចុះទៅច្រាំងទន្លេ ហើយរត់ឆ្លងពីទូកមួយទៅទូកមួយ ដែលចតនៅតាមមាត់ទន្លេ។
ដោយភ័យស្លន់ស្លោទាំងយប់ងងឹតផងនោះ នាងសគុន្ធា បានទាក់ជើងនឹងខ្សែ ហើយបោកទៅនឹងទូកធ្លាក់ទៅក្នុងទឹក។ សាក្សីនៅកន្លែងកើតហេតុជាសន្តិសុខដែរនោះឲ្យដឹងថា មានអ្នកឯទៀតចង់ជួយស្រង់នាងសុគន្ធាដែរ តែត្រូវបានក្រុមសន្តិសុខហាមថា«កុំចេះ ទុកឲ្យវាងាប់ទៅ»។ ក្រុមសន្តិសុខក៏បានស្រែកឲ្យ នាងសុគន្ធាឡើងពីទឹកហើយនាងឆ្លើយដោយសម្លេងខ្សោយៗថា នឹងឡើង។ ពលរដ្ឋនៅក្បែរនោះក៏បានបោះខ្សែទៅឲ្យនាងសុគន្ធាតោងតែនាងអត់តោង ហើយក៏ហូរតាមទឹកទៅបាត់នៅនោះទៅ៕