38 C
Phnom Penh

មន្រ្តី​ជាន់ខ្ពស់​របស់​អង្គការ​តម្លាភាព​កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ពាន​រង្វាន់Allard Prize​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយក​ប្រតិបត្តិ​របស់​អង្គការ​តម្លាភាព​កម្ពុជា​លោក​ព្រាប កុល​ត្រូវ​បាន​ស្ថាប័ន​អន្តរ​ជាតិ​ប្រចាំ​នៅ​សាកល​វិទ្យា​ល័យ​British Columbia ​នៅ​ប្រទេស​កាណាដា​​សម្រេច​ជ្រើស​រើស​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ នៃ​ពាន​រង្វាន់​Allard Prize​សម្រាប់​សុចរិត​ភាព​អន្តរជាតិ។​

ពាន​រង្វាន់ ​Allard Prize​សម្រាប់​សុចរិត​ភាព​អន្តរ​ជាតិ​នេះ​ មាន​ទឹក​ប្រាក់​១​សែន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​ ទឹក​ប្រាក់​ទាំងនេះ​គឺ​សម្រាប់​ផ្តល់​ជូន​ដល់​សកម្ម​ជន​ប្រឆាំង​អំពើ​ពុករ​លួយ ​និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ ដែល​ប្រថុយ​ជីវិត​និង​អ្នក​ដែលរងគ្រោះ​ថា្នក់​នានា​ ដើម្បី​បុព្វហេតុ​ពិភព​លោក​មាន​ភាព​ស្អាត​ស្អំ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស។​

លោក​ព្រាប កុល​បាន​សរសេរ​នៅ​គេហ​ទំព័រ​ហ្វេសប៊ុក​(Facebook)​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា​ លោក​ជា​កូន​ខ្មែរ​ទី១​ហើយ​ ដែល​ទទួល​បាន​ការ​អញ្ជើញ​ឱ្យ​កាន់​មុខ​តំណែង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ពាន់​រង្វាន់​នេះ ​នៅ​ក្នុង​ស្ថាប័ន​អន្តរជាតិ​ ដោយ​លោក​ថា​ ជាស្ថាប័ន​ ដ៏មាន​កេរ្តិ៍​ឈ្មោះ​មួយ។​

លោក​ព្រាប កុល​សព្វ​ថ្ងៃ​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ភិបាល​អន្តរជាតិ​ និង​ជា​ប្រធាន​គណ:​កម្មការ​សវន:កម្ម​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​​ដែល​ទទួល​អាណត្តិ​ពី​ការ​បោះឆ្នោត​ត្រឹម​ត្រូវ។​ បន្ថែម​ពី​នេះ ​លោក​ក៏ត្រូវ​បាន​ផ្តល់​មុខ​ងារ​ជា​អគ្គរាជ​ទូត​សន្តិភាព​នៃ​សហ​ព័ន្ធ​សន្តិភាព​សាកល​លោក​និង​ជា​អ្នក​បណ្ដុះ​បណ្ដាល​ដែល​ទទួល​ស្គាល់​ដោយ​មជ្ឈមណ្ឌល​Oxford​សម្រាប់​ភាព​ជា​អ្នក​ដឹក​នាំ​នៃ​ព្រះ​រាជាណាចក្រ​អង់គ្លេស​ពី​ឆ្នាំ​២០១០​ដល់ ២០១២​ជំនាញ​ផ្នែក​ទំនាក់​ទំនង។​

លោក​ព្រាប កុល​មាន​ចំណេះ​ដឹង ​និង​ជំនាញ​ផ្នែក​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​ការ​គ្រប់គ្រង ​និង​ដឹក​នាំ​ហើយ​ឯកទេស​របស់​លោក​ខាង​ផ្នែក​អភិបាល​កិច្ច​និង​ការ​ប្រឆាំង​អំពើ​ពុករលួយ។​ លោក​បាន​ទទួល​សញ្ញា  ប័ត្រ ​អនុបណ្ឌិត​ផ្នែក​វិទ្យា​សាស្ត្រ​នយោបាយ​ និង​សញ្ញាប័ត្រ​ក្រោយ​ឧត្តម​សិក្សា​ផ្នែក​ការ​សង្កេត​ការណ៍​ និង​ជំនួយ​បច្ចេកទេស​ផ្នែក​បោះឆ្នោត​ពី​សាកល​វិទ្យា​ល័យ​ប្រទេសBasque​(នៅ​ទ្វីបអឺរ៉ុប) ។​  ក្រៅ​ពី​នេះ លោក​ក៏​ទទួល​បាន​សញ្ញាប័ត្រ​ភាសា​អង់គ្លេស​ពី​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​អប់រំ​(ACE)​ផង​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស