30 C
Phnom Penh

ស្ថាប័ន​សារ​ព័ត៌មាន​ The Cambodia Daily​ចូល​រួម​មរណទុក្ខ​ និង​​ចំពោះ​ការ​បាត់បង់​លោក​សាំង សុឥន្ទរិទ្ធ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាប័ន​សារ​ព័ត៌មាន​​The Cambodia Daily​​សូម​ចូល​រួម​រំលែក​មរណ​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​សាំង សុឥន្ទរិទ្ធ​អតីត​បុគ្គលិក​ដ៏​ឆ្នើម​របស់​កាសែត​The Cambodia Daily ​ដែល​បាន​ទទួល​មរណភាព​នៅយប់​ថ្ងៃ​ទី៥​ខែ​មករា ​ក្រោយពី​បាន​ព្យាយាម​តស៊ូ​រស់​តាម​រយៈ​ការ​លាង​ឈាម​ចំនួន​២៨៧​លើក​ ដោយ​សារ​ជំងឺ​ខូច​ក្រលៀន។​

លោក​សាំងសុឥន្ទរិទ្ធ​ជា​អ្នក​កាសែត​ដ៏​ឆ្នើម​របស់​ស្ថាប័ន​កាសែត​មួយ​នេះ ​ដែល​ចេះ​យក​អាសារ​សហការី​ ចេះ​សហការ​និង​មាន​សណ្តាន​ចិត្ត​ល្អ​ជាមួយ​បុគ្កលិក​ទូទៅ​ក្នុង​ការ​ចែក​រំលែក​ប្រភព​ព័ត៌មាន​ជាមួយ​មិត្ត​ភក្តិ​ក្នុង​ក្រុម​ការងារ។​

ក្នុង​ពេល​ដែល​លោក​រក្សា​ទំនាក់​ទំនង​ល្អជា​មួយ​ប្រភព​ព័ត៌មាន​គ្រប់​និន្នាការ​នយោបាយ​នោះ ​​លោក​ក៏​នៅតែ​មាន​ជំហរ​ជា​អ្នក​កាសែត​អព្យាក្រឹត្យ​ ឯករាជ្យ ​សរសេរ​ព័ត៌មាន​យុត្តិធម៌​ផ្អែក​លើ​ការណ៍​ពិត​ និង​មិន​ដែល​ប្រព្រឹត្ត​ខុស​ប្រាសចាក​ក្រម​សីលធម៌​ជា​អ្នក​សារ​ព័ត៌មាន​ដែល​ផ្សាយ​ព័ត៌មាន​ពិត​ ឯករាជ្យ​អព្យា​ក្រឹត្យ​ មិន​លំអៀង​គោរព​តាម​គោល​ការណ៍​របស់​ The Cambodia Daily ​រហូត​ដល់​ថ្ងៃ​លោក​មាន​បញ្ហា​សុខភាព​មិន​អាច​បំពេញ​ការងារ​បាន។​

លោក​ជា​បុគ្គលិក​ដែល​បង្កើត​បរិយាកាស​ការងារ​សប្បាយ​រីករាយ​ បង្កើត​អនុស្សាវរីយ៍​ល្អៗ​ជាច្រើន​ក្នុង​កន្លែង​ធ្វើ​ការ។​ អតីត​បុគ្គលិក​ The Cambodia Daily​ទាំងអស់​សុទ្ធតែ​មាន​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​លោក​សាំង សុឥន្ទរិទ្ធ។ ​ដោយសារ​អំពើ​ល្អ​របស់​លោក​ទាំងអស់​នេះ​ហើយ​ លោក​សាំង សុឥន្ទរិទ្ធ​ក៏ធ្លាប់​បាន​បង្កើត​មូលនិធិ​តាម​អ៊ីនធើណិត​ ហើយ​ធ្លាប់​ប្រមូល​បាន​ថវិកា​ខ្លះ​ដើម្បី​ជួយ​ព្យាបាល​ជំងឺ​ដល់​លោក​កន្លង​មក។ ​ក្រៅពី​បាន​បង្កើន​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​The Cambodia Daily​ លោក​សាំងសុឥន្ទរិទ្ធ​ក៏​បាន​បើក​សាលា​បង្រៀន​ភាសា​អង់គ្លេស​ស្ម័គ្រចិត្ត​មួយ​សម្រាប់​សិស្ស​ក្រីក្រ​នៅ​សៀមរាប​ កន្ទូត​ ហើយ​លោក​បាន​អញ្ជើញ​បុគ្គលិក​ The Cambodia Daily​ស្ម័គ្រ​ចិត្ត​ទៅ​បង្រៀន​របៀប​សន្ទនា​ភាសា​អង់គ្លេស​នៅ​ចុង​សប្តាហ៍​ថែម​ទៀត។​

ស្ថាប័ន​ The Cambodia Daily ​សូម​កោត​សរសើរ​អ្នក​សារព័ត​មាន​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ខិតខំ​​ខ្នះខ្នែង​ជួយ​ឧបត្ថម្ភ​ដល់​លោក​សាំង សុឥន្ទរិទ្ធ​ ក្នុង​អំឡុង​ពេល​ដែល​លោក​ជួប​ប្រទះ​គ្រា​លំបាក​កន្លង​មក​នេះ។ ​ទោះបី​ជា​រូប​កាយ​លោក​បាន​ឃ្លាត​ទៅ​មែន​ តែ​អនុស្សាវរីយ៍​ អំពើ​ល្អ​និង​ក្រម​សីលធម៌​របស់​លោក​នៅ​តែ​ដក់​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​មិត្ត​រួម​អាជីព​ ហើយ​លោក​នៅតែ​ជា​បុគ្គលិក​គម្រូ​របស់​ The Cambodia Daily​ ជា​រៀង​រហូត។​

ជាថ្មី​ម្តង​ទៀត​The Cambodia Daily​សូម​កោត​សរសើរ​អ្នក​សារ​ព័ត៌មាន​ទាំងអស់​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ដល់​លោក​កន្លង​មក​ ហើយ​បាន​សម្តែង​ការ​សោកស្តាយ​ និង​បាន​ចូល​រួម​មរណ​ទុក្ខ​លោក​សាំង សុឥន្ទរិទ្ធ​យ៉ាង​អធឹក​អធ័ម។​​The Cambodia Daily​សូម​បួង​សួង​ឲ្យ​វិញ្ញាណ​ក្ខន្ធ​លោក​សាំង សុឥន្ទរិទ្ធ​ជួយ​បណ្តុះ​ និង​រក្សា​ស្មារតី​សាមគ្គី​ភាព​របស់​អ្នក​សារ​ព័ត៌មាន​ជា​និរន្តរ៍៕​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស