ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានហៅការរំឭកខួប៤០ ឆ្នាំ នៃថ្ងៃ៧ មករា គឺជាការរំឭកដល់ប្រទេសវៀតណាមដែលបានឈ្លានពានចូលក្នុងទឹកដីកម្ពុជា ជាពិសេសឈ្លានពានកោះត្រល់ បូរណភាពទឹកដី និងការហូរចូលជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់មកក្នុងប្រទេសកម្ពុជាថែមទៀត។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កាលពីថ្ងៃទី ៦ ខែមករាបញ្ជាក់ថា កម្ពុជាកំពុងមានវិបត្តិរដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានរំលោភបំពានធ្ងន់ធ្ងរ ការរំលាយបក្សប្រឆាំង និងចាប់ឃុំឃាំងលោកកឹម សុខា មេដឹកនាំបក្សប្រឆាំងយ៉ាងអយុត្តិធម៌។
ប៉ុន្តែរបបលោកហ៊ុន សែនបែរជារំឭកខួប៤០ឆ្នាំរួមគ្នាជាមួយ វៀតណាមនៃថ្ងៃឈ្លានពាននេះយ៉ាងសប្បាយ ភ្ជាប់ជាមួយគុណបំណាច់ និងសមិទ្ធផលនានាដែលវៀតណាម ជួយលើកបន្តុបក្រុមមេដឹកនាំខ្មែរក្រហមថ្មី រួមមានលោកហេង សំរិន និងហ៊ុន សែនជាដើម ដែលមានចំណេះដឹងបន្តិចបន្តួច ឡើងកាន់អំណាច រហូតមកទល់សព្វថ្ងៃនេះទៅវិញ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាចាត់ទុកថា ទិវាថ្ងៃ៧មករា មិនមែនជាថ្ងៃកំណើតទី២ដូចការអះអាងរបស់របបហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាទេ។ ប៉ុន្តែថ្ងៃទី៧មករា១៩៧៩គឺថ្ងៃដែលវៀតណាម ចូលមកឈ្លានពាន និងកាន់កាប់ប្រទេសកម្ពុជាអស់រយៈពេល១០ឆ្នាំដោយកម្លាំងយោធាវៀតណាម ដែលផ្ទុយពីច្បាប់អន្តរជាតិ។ លើសពីនេះ វៀតណាមបានបញ្ជួនពលរដ្ឋរបស់ខ្លួន ឲ្យមករស់នៅក្នុងប្រទេសកម្ពុជារាប់លាននាក់ ដែលជានិគមជនជាតិវៀតណាមខុសច្បាប់រហូតមកទល់បច្ចុប្បន្ន។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានចាត់ទុកអ្នកដែលប្រឆាំងនឹងថ្ងៃ៧មករាគឺជាជនអគតិ។
ប្រធានគណបក្សប្រជាជនកម្ពុជាលោកហ៊ុន សែនបានប្រកាសថា ថ្ងៃ៧មករាគឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា ដែលនេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ហើយគ្មានជនណា ឬកម្លាំងណាមកបំភ្លៃ ឬបំផ្លាញបានឡើយ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបញ្ជាក់ថា ក្នុងអំឡុងពេលវៀតណាម ត្រួតត្រាប្រទេសកម្ពុជា១០ឆ្នាំ(១៩៧៩-១៩៨៩)ត្រូវបានអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិនានា ចាត់ទុកថា វៀតណាម ពិតជាបានចូលឈ្លានពានប្រទេសកម្ពុជា។ ពេលនោះវៀតណាម បានបង្ខំឲ្យរបបហ៊ុន សែនបង្កើតនូវសន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារខុសច្បាប់ជាច្រើន ដើម្បីបំពេញមហិច្ឆតាឈ្លានពានរបស់ខ្លួនមកលើប្រទេសកម្ពុជាដូចជាសន្ធិសញ្ញាព្រំដែនទឹក ការកំណត់ព្រំដែនគោកជាថ្មី និងកោះត្រល់រួមនឹងកិច្ចព្រមព្រៀងជាច្រើនផ្សេងទៀត។
ក្រុមនេះបានអំពាវនាវឲ្យរបបលោកហ៊ុន សែនត្រូវវិលមកអនុវត្តរដ្ឋធម្មនុញ្ញ និងដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យឡើងវិញជាបន្ទាន់ តាមរយៈការដោះលែងលោកកឹម សុខា ដោយគ្មានលក្ខខណ្ឌ ផ្តល់នីតិសម្បទាដល់គណបក្សសង្គ្រោះជាតិ និងផ្តល់សិទ្ធិធ្វើនយោបាយដល់មន្រ្តីគណបក្សនេះចំនួន១១៨ រូបឡើងវិញដោយឥតលក្ខខណ្ឌ។
ជាងនេះទៅទៀតក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានទាមទារឲ្យរបបលោកហ៊ុន សែនលុបចោលសន្ធិសញ្ញាព្រំដែនគោក ព្រំដែនទឹក និងកិច្ចព្រមព្រៀងនានាជាមួយវៀតណាម ដែលផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ ហើយត្រូវប្តឹងសើររើទាមទារកោះត្រល់ និងទឹកដីដែលបាត់បង់មកជូនពលរដ្ឋកម្ពុជាវិញ តាមរយៈហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស និង តុលាការយុត្តិធម៌អន្តរជាតិ(ICJ)។
អ្នកវិភាគនយោបាយលោកកឹម សុខ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ថ្ងៃ៧មករាជាព្រឹត្តិការណ៍មុខ២ ដោយថា ជាទិវាឃាតករមុខស្រស់នៃការឈ្លានពានរបស់ប្រទេសវៀតណាមក្រោមស្លាកមុខបំភ័នថា ជួយកម្ពុជា។ លោកថា ថ្ងៃទី៧មករាឆ្នាំ១៩៧៩ ត្រូវបានប្រជារាស្ត្រខ្មែរភាគច្រើន និងប្រទេសលោកសេរី មើលឃើញថា ជាថ្ងៃដែលកងទ័ពវៀតណាមចំនួនប្រមាណ២០ម៉ឺននាក់ លើកមកលុកលុយឈ្លានពានកម្ពុជា៕