អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោកគង់ គាំអះអាងថា លោកនឹងចូលបំភ្លឺជុំវិញសំណុំរឿងក្បត់ជាតិរបស់លោកកឹម សុខា នៅចុងខែមករាខាងមុខ។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកគង់ គាំចុះផ្សាយថា ក្នុងនាមលោកជាសាក្សី និងជាពលរដ្ឋ ព្រមទាំងជាអតីតអ្នករួមការងារជាមួយអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោកនឹងចូលបំភ្លឺតាមដីកាកោះរបស់តុលាការ ហើយថា លោកមិនបំភ្លៃ និងមិនមួលបង្កាច់ខុសពីការណ៍ពិតឡើយ។
កាលពីថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៨ ចៅក្រមស៊ើបសួរ លោកគី ឫទ្ធី បានចេញដីកាកោះហៅអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងគឺ លោកគង់ គាំក្នុងនាមជាសាក្សី ឱ្យចូលបំភ្លឺសំណុំរឿងព្រហ្មទណ្ឌ របស់លោកកឹម សុខា នៅថ្ងៃទី២៣ខែមករា ប៉ុន្តែដីកានោះទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃម្សិលមិញ។
កាលពីថ្ងៃទី៤មករា សាលាដំបូងរាជធានីភ្នំពេញបានច្រានចោល សំណើសុំទម្លាក់ចោលការចោទប្រកាន់លើលោកកឹម សុខាដែល ជាសំណើរបស់ក្រុមមេធាវីរបស់លោកដែលបានដាក់ពាក្យស្នើកាលពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨។
លោកកឹម សុខាត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោកហ៊ុន សែន ផ្ទាល់នាំគ្នាសម្រុកចូលចាប់ខ្លួនដល់ក្នុងផ្ទះកាលពីថ្ងៃទី៣ កញ្ញា២០១៧ ពីបទក្បត់ជាតិ។ លោកត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងគុកត្រពាំងផ្លុងក្បែរព្រំដែនវៀតណាមរយៈពេល១ឆ្នាំ ហើយបន្ទាប់មក លោកត្រូវបានផ្លាស់ប្តូរកន្លែងឃុំខ្លួនពីពន្ធនាគារត្រពាំងផ្លុង មកឃុំនៅក្នុងផ្ទះរបស់លោកជំនួសវិញកាលពីខែកញ្ញាឆ្នាំ២០១៨៕