38 C
Phnom Penh

ព្រះ​មហា​ក្សត្រ​ប្រកាស​ចូល​ជា​ធរមាន​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វិសោធន​កម្ម​ច្បាប់​គណបក្ស​នយោបាយ​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ប្រកាស​ចូល​ជាធរមាន​ ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​ហើយ​ ក្រោយ​ពេល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​យល់​ព្រម​ទាំង​ស្រុង​ទៅ​លើ​ខ្លឹម​សារ​នៃ​ច្បាប់​នេះ​ កាលពី​ពេល​កន្លង​ទៅ។​

ការ​សម្រេច​ប្រកាស​ឱ្យ​ប្រើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ពេល​នេះ​ធ្វើ​ឡើង​ក្រោយពី​រដ្ឋ​សភា​របស់​គណបក្ស​កាន់​អំណាច​បាន​អនុម័ត​កាលពី​ថ្ងៃ​១៣​ខែ​ធ្នូ​និង​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឯកភាព​ទាំង​ស្រុង​ទៅ​លើ​ខ្លឹមសារ​នៃ​ច្បាប់​នេះ​កាល​ពី​ថ្ងៃ​ទី​២៨​ខែធ្នូ​ ​ឆ្នាំ​២០១៨។​

យ៉ាង​នេះ​ក្តី ​ ​វិសោធន​កម្ម​ច្បាប់​នេះ​បញ្ជាក់​ថា​ មាត្រា​៤៥​ថ្មី​(ស្ទួន )​ ដែល​តម្រូវ​ឱ្យ​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​សម្រេច​ផ្អាក​សកម្ម​ភាព​ មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ឡើយ។​

បន្ថែម​ពី​នេះ​ បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​ទាំង​នោះ​ នឹង​អាច​ទទួល​បាន​នូវ​សិទ្ធិ​ធ្វើ​នយោបាយ​ពេញ​លេញ​ស្របច្បាប់​ គឺ​បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់ ​ដែល​កំណត់​ដោយ​សាល​ដីកា​របស់​តុលាការ​កំពូល ​ឬ​ ក្នុង​ករណី​ទាល់​តែ​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិ​សម្បទាន​ឡើង​វិញ​ ដោយ​ព្រះ​មហា​ក្សត្រ​តាម​សំណើ​របស់​លោក​ហ៊ុន សែន​និង​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ។​

វិសោធន​កម្ម​ច្បាប់​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ សំដៅ​ដល់​ការ​បើក​ផ្លូវ​អ្នក​ជាប់​បម្រាម​របស់​គណបក្ស​សង្រ្គោះ​ជាតិ​១១៨​នាក់​ ដែល​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​ដាក់​បម្រាម​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​​ឆ្នាំ ​ក្រោយ​ពេល​គណបក្ស​នេះ​ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ថ្ងៃ​ទី​១៦​វិច្ឆិកា​២០១៧។​

មុន​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​កាលពី​ពេល​ថ្មីៗ​នេះ ​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​លោក​គង់ គាំ ​និង​ កូន​ប្រុស​របស់​លោក​ម្នាក់​ទៀត​គឺ​លោក​គង់ បូរ៉ា​គ្រោង​នឹង​ស្នើ​ទៅ​ព្រះ​មហា​ក្សត្រ​ តាម​រយៈ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។​

កាលពី​ថ្ងៃ​ទី​៣​មករា​ អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សម រង្ស៊ី​បាន​លើក​ឡើង​ថា ​មុន​នឹង​ទៅ​សុំ​សិទ្ធិ​ពី​លោក​ហ៊ុន សែន​ដើម្បី​ធ្វើ​នយោបាយ​វិញ​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​រូប​ត្រូវ​ដឹង​ថា​  សិទ្ធិ​ធ្វើ​នយោបាយ​នេះ​គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់រូប​ ដូច​មាន​ធានា​ក្នុង​រដ្ឋ​ធម្មនុញ្ញ ​ហើយ​ពល​រដ្ឋ​មិន​ដែល​មាន​ទោស​អ្វី​ ដែល​អាច​ធ្វើ​ឲ្យ​ បាត់បង់​សិទ្ធិ​នេះ​បាន​ទេ។ ​លោក​បន្ត​ថា​ តុលាការ​កំពូល​ ក្រោម​បញ្ជា​លោក​ហ៊ុន សែន​បាន​ដក​ហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្រ្តី​បក្ស​សង្គ្រោះ​ជាតិ​ ដោយ​អត្ត​នោម័ត​ និង​ដោយ​អយុត្តិ​ធម៌​ នៅ​ពេល​ដែល​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​នេះ​កាល​ពី​ថ្ងៃ​១៦​​វិច្ឆិកា​ ២០១៧។​

លោក​សម រង្ស៊ី​អះអាង​ថា ​ប្រសិន​បើ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នាំគ្នា​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​ហ៊ុន សែន ​មក​វិញ​ ដូច្នេះ​មាន​ន័យ​ថា​  ពួកគេ​ជា​អ្នក​ទទួល​ស្គាល់​ថា ​ការ​ដក​ហូត​សិទ្ធិ​របស់​ពួកគេ​កន្លង​មក​គឺ​ជា​ទង្វើ​ស្រប​ច្បាប់ ​និង​ត្រឹមត្រូវ​ ព្រម​ទាំង​ទទួល​ស្គាល់​ថា​  ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ជា​ទង្វើ​ស្រប​ច្បាប់ ​និង​ត្រឹម​ត្រូវ​ដែរ​ ហើយ​ក៏​ទទួល​ស្គាល់​ថា​ ការ​ចោទ​ប្រកាន់​លោក​កឹម សុខា​ពី​បទ​«ក្បត់ជាតិ»​ក៏ជា​ការ​ចោទ​ប្រកាន់​ត្រឹមត្រូវ​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស