28.5 C
Phnom Penh

ក្មួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ រិះគន់​ជនជាតិ​ចិន​នៅ​កម្ពុជា​ដែល​អួត​សម្ញែង​កាំភ្លើង​ខ្លី​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្មួយ​របស់​លោក​ទៀ បាញ់​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​គឺ​លោក​ទៀ វិចិត្រ​ បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សកម្ម​ភាព​របស់​ជនជាតិ​ចិន​មួយ​ចំនួន​ដែល​បាន​ថត​សម្ញែង​អួត​កាំភ្លើង​ខ្លី​របស់​ខ្លួន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម។​

រូបថត​ដែល​លោក​ទៀ វិចិត្រ​ បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅថ្ងៃ​ពុធ​នេះ​មាន​ចំនួន​បួន​សន្លឹក​នៃ​ក្រុម​ជនជាតិ​ចិន​អង្គុយ​ផឹកតែ​ ជក់បារី​លើកៅ​អីសាឡុង​ធ្វើ​ពី​ឈើ​ក្រញួង​ខ្មៅ​ក្រឹប​មាន​ឆ្លាក់​ក្បាច់​នាគ​ព័ទ្ធ​ជុំវិញ​ ហើយ​មាន​ទាំង​ទង់​ជាតិ​ខ្មែរ​នៅពី​ក្រោយ​ថែម​ទៀត​ ដែល​ពួកគេ​បាន​ថត​កាន់​កាំភ្លើង​ខ្លី​ម៉ាក​Beretta​ម្នាក់​ម្តងៗ។​

លោក​ទៀ វិចិត្រ ​ដែល​គេ​ហៅ​ថា​ ជា​ឧកញ៉ា​វ័យ​ក្មេង​ គឺ​ជា​កូន​បង្កើត​របស់​នាយ​ឧត្តមនាវី​ទៀ វិញ​ អគ្គ​មេបញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​ និង​ជា​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ដែល​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក​ទៀ បាញ់ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ។​ លោកក៏​ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​មេ​បញ្ជាការ​រង​នៃ​កងទ័ព​ជើង​ទឹក​ឈ្មោះ ​ទៀ សុខា​ ហើយ​អ្នកទាំង​ពីរ​ត្រូវ​ជា​ក្មួយ​បង្កើត​របស់​លោក​ទៀ បាញ់។​

លោក​ទៀ វិចិត្រ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​ចំអក​ដាក់​រូប​ថត​ជន​ជាតិ​ទាំង​នោះ​ថា«កុំ​ធ្វើអ៊ីចឹង​អី​ បងប្អូន​ខ្មែរ​យើង​មិន​ចូល​ចិត្ត​ទេ។ ​ពួកគាត់​ខ្លាច​ណាស់!​ កែ​បាន​ កែ​ទៅ!​

ការ​បង្ហោះ​រូបថត​សម្ញែង​អួត​កាំភ្លើង​ដ៏​ទំនើប​របស់​ក្រុម​ជនជាតិ​ចិន​ទាំង​ នេះធ្វើ​ឡើង​ស្របពេល​ដែល​ពលរដ្ឋ​ខ្មែរ​ទូទៅ​តែង​ស្រែក​ត្អូញត្អែរ​អំពី​ អសន្តិសុខ​សង្គម​ដែល​បង្ក​ឡើង​ជាច្រើន​លើក​ច្រើន​សារ​ដោយ​ក្រុម​ជនជាតិ​ចិន។​ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ជនជាតិ​ចិន​បាន​អុកឡុក​ក្នុង​សង្គម​ខ្មែរ​ជាច្រើន​ ដូច​ជា​ការ​បង្ក​ឲ្យ​មាន​ករណី​ឃាតកម្ម ​អំពើ​ហិង្សា​ ការ​ប្រើប្រាស់​គ្រឿង​ញៀន​ និង​ការ​គំរាម​ជំរិត​តាម​ប្រព័ន្ធ​អ៊ិនធឺណេត​ជាដើម។​

កាលពី​ថ្ងៃ​ទី​២៦​វិច្ឆិកា​២០១៨ ​កម្លាំង​ជំនាញ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ បាន​ចុះ​បង្ក្រាប​ទីតាំង​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន​៤​កន្លែង​ ស្ថិត​ក្នុង​ស្រុក​តាំកក់ ​និង​ស្រុកបាទី​ ដោយ​បាន​ឃាត់​ខ្លួន​ជន​បរទេស​ចំនួន​២៣៥​នាក់​ ក្នុង​នោះ​ជនជាតិ​ចិន​មាន​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ​២៣៣​នាក់​(ស្រី​៣៨​នាក់)​ ព្រម​ទាំង​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ និង​ជនជាតិ​ថៃ​ម្នាក់​ទៀត ​ពីបទ​ឆបោក​ និង​គំរាម​ជំរិត​តាម​ប្រព័ន្ធ​ទូរ​គមនាគមន៍ VOIP។

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ធ្លាប់​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ហូរ​ចូល​នៃ​ជន​អន្តោ​ប្រវេសន៍​ចិន​មក​កម្ពុជា​ ដែល​កំពុង​កើន​ឡើង​យ៉ាង​កំហុក​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ​ខណៈ​អាជ្ញាធរ​នៅ​ពុំទាន់​មាន​វិធានការ​ច្បាស់​លាស់​ដើម្បី​ទប់ស្កាត់​ការ​ហូរចូល​​របស់​ជនជាតិ​ចិន​មក​កម្ពុជា​នោះ​ឡើយ។​

តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ លោក​រ៉ុង ឈុន​បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួនកាល​ពី​ចុង​ខែ​ធ្នូ​ថា​ ជនជាតិ​ចិន​ដែល​ចូល​មក​កម្ពុជា​តាម​រូបភាព​អភិវឌ្ឍន៍ ​អាច​នឹង​នាំ​ឱ្យ​កម្ពុជា​ជួប​ហានិភ័យ​ខ្ពស់ នៅ​ពេល​អនាគត​ ស្រប​ពេល​ដែល​បច្ចុប្បន្ន​ កំណើន​ជនជាតិ​ចិន​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ភ្ញៀវ​ទេសចរ​បរទេស ​និង​ក្នុង​ស្រុក​ រួម​ទាំង​ប៉ះពាល់​ដល់​មុខ​របរ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​កម្ពុជា​ផង​ដែរ។ ​លោក​ស្នើ​ដល់​រដ្ឋាភិបាល​ត្រូវមាន​វិធានការ​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​លំហូរ​ជន​អន្តោ​ប្រវេសន៍​ចិន​មក​កម្ពុជា​នេះ ​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់ ​សន្តិសុខ​សង្គម សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍ ​និង​មុខ​របរ​របស់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ។​

របាយ​ការណ៍​របស់​ក្រសួង​មហា​ផ្ទៃ​ចេញ​ផ្សាយ​កាលពី​ខែ​កញ្ញា​កន្លង​ទៅ​បាន​បង្ហាញ​ថា ​ជនជាតិ​ចិន​នៅ​កម្ពុជា​មាន​ចំនួន​២១​ម៉ឺន​នាក់​ក្នុង​នោះ​ ជនជាតិ​ចិន​កំពុង​រស់​នៅ​ខេត្ត​ព្រះ​សីហនុ ​មាន​ចំនួន​ជិត​៨​ម៉ឺន​នាក់៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស