37 C
Phnom Penh

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ព្រួយ​បារម្ភ​អំពី​ការដាក់​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជ​កម្ម​របស់​អាមេរិក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​បក្សកាន់​អំណាច​អះអាង​ថា​ រដ្ឋាភិបាល​គ្មាន​ការ​ព្រួយ​បារម្ភ​ និង​មិន​ចាប់​អារម្មណ៍​សេចក្តី​ព្រាង​ច្បាប់​របស់​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​សហព័ន្ធ​សហ​រដ្ឋ​អាមេរិក​ដែល​មាន​បំណង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ​ឬ ​GSP​នោះ​ឡើយ។ ​

សារ​ព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​VOD​បាន​ដក​ស្រង់​សម្តី​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ឈឹម ​ផលវរុណ​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​  លោក​មិន​ចាប់​អារម្មណ៍​សេចក្តី​ព្រាងច្បាប់​របស់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ទាំង​នោះ​ឡើយ​ ដោយ​សារ​សេចក្តី​ព្រាង​ច្បាប់​នោះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រធានាធិបតី​អាមេរិក ​​លោក​ដូណាល់ត្រាំ។​

ការ​អះអាង​របស់​លោក​ឈឹម ផលវរុណ​ធ្វើ​ឡើង​ក្រោយពី​សមាជិក​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​ពីរ​រូប ​រួមមាន​លោក​Ted Cruz​ និង​លោក​​Chris Coons​បាន​​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ ​ដែល​មាន​ឈ្មោះ​ថា​«ច្បាប់​ពាណិជ្ជ​កម្ម​កម្ពុជា​ឆ្នាំ​២០១៩»​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​លោក​ដូណាល់ត្រាំ​ ដាក់​ទណ្ឌកម្ម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ឬ​GSP​ពី​កម្ពុជា។​

លោក​Ted Cruz​ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​សហព័ន្ធ​របស់​សហ​រដ្ឋ​អាមេរិក​ពី​រដ្ឋ​Texas​ពីខាង​គណបក្ស​សាធារណ​រដ្ឋ​ បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​កាលពី​ថ្ងៃ​ពុធ​ថា ​លោក​ហ៊ុន សែន​បាន​នាំ​គ្នា​កេង​ប្រវ័ញ្ច​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សហ​រដ្ឋ​អាមេរិក​ និង​សហគមន៍​អ៊ឺរ៉ុប​ផ្តល់​ឲ្យ​ដល់​កម្ពុជា។ លោក​បន្ត​ថា ​របប​លោក​ហ៊ុន សែន ​ខកខាន​មិន​បាន​គោរព​ស្តង់ដារ​ការងារ​ មើល​ងាយ​ដល់​សុច្ចរិត​ភាព​​នៃ​ការ​បោះឆ្នោត​​នៅ​កម្ពុជា ​និង​កំពុង​បោះពួយ​ទៅ​រក​ប្រទេស​ចិន‍​ថែម​ទៀត។​

នាយក​​អង្គការ​​សម្ព័ន្ធភាព​​ការងារ​ និង​​សិទ្ធិ​​មនុស្ស ​លោក​មឿន តុលា បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ជា​ទម្ងន់​ ប្រសិន​បើ​សហគមន៍​អ៊ឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ចេញ​ពី​កម្ពុជា​ ហើយ​សហ​រដ្ឋ​អាមេរិក​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ឬ​GSP​ពី​កម្ពុជា​ដែរ​នោះ។​ លោក​បន្ត​ថា​ កម្ពុជា​នឹង​អាច​បាត់បង់​ចំណូល​របស់​ខ្លួន​ចំនួន​ជិត​១ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​​ក្នុង​មួយឆ្នាំៗ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស