31 C
Phnom Penh

លោក​ហ៊ុន សែន​អះអាង​ថា​ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា ជា​ការ​សម្លាប់​បក្ស​ប្រឆាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ប្រកាស​មិន​ចុះ​ញ៉ម​​ការ​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហគមន៍​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​មក​លើ​កម្ពុជា​ឡើយ​ ប៉ុន្តែ​លោក​ថា​វា គឺជា​ការ​សម្លាប់​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្តង។

លោក​ព្រមាន​ក្តែងៗ​ថា ​គ្មាន​ឡើយ​ការ​និយាយ​ពី​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​មួយ​នេះ​តទៅ​ទៀត​ឡើយ ​ប្រសិន​បើ​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​កម្ពុជា​ហើយ​នោះ។​

ការ​ថ្លែង​របស់​លោក​ហ៊ុន សែន​ធ្វើឡើង​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣​ប្រើ​ប្រាក់​កម្ចី​របស់​ចិន​ចំនួន​៣​រយ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ នៅ​ខេត្ត​កណ្តាល ​កាល​ពី​ព្រឹកមិញ​នេះ។ ​

លោក​បាន​ព្រមាន​ធ្ងន់ៗ​ថា ​នឹង​មិន​អត់​ឱន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មេ​ដឹកនាំ​របស់​បក្ស​ប្រឆាំង​មួយ​នេះ​ដែល​កំពុង​ជាប់​ឃុំ​ឡើយ​ ប្រសិន​បើ​អន្តរ​ជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា​មែន​នោះ។​ លោក​អះអាង​ថា​ កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចរួល​ហើយ​ដើម្បី​ទប់ទល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ។​

ការ​អះអាង​របស់​លោក​ហ៊ុន សែន​ធ្វើ​ឡើង​ក្រោយពី​ សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ចំនួន​២​រូប​ បាន​ស្នើ​ឲ្យ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ ដូណាល់ត្រាំ​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធទូទៅ ​ឬ ​GSP​ពី​កម្ពុជា​ ខណៈ​សហ​ភាព​អឺរ៉ុប ​ក៏​កំពុង​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ចេញ​ពី​កម្ពុជា​ផង​ដែរ។​ ក្រុម​អ្នក​ជំនាញ​និយាយ​ថា ​ប្រព័ន្ធ​ អនុ​គ្រោះ​ពន្ធទាំង​ពីរ​នេះ​ បាន​នាំឲ្យ​កម្ពុជា​ចំណេញ​​ពីការរួចពន្ធ​ជិត​១​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។​

ទោះជាបែប​នេះ​ក្តី ​លោក​ហ៊ុន សែន​សម្តែង​មោទន​ភាព​ថា​  លោក​ធ្លាប់​បាន​ដឹកនាំ​ប្រទេស​តាំងពី​សម័យ​អន្តរជាតិ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ទសវត្សរ៍​ទី​១៩៨០​មក​ម្ល៉េះ​ ប៉ុន្តែ​កម្ពុជា​នៅតែ​អាច​រស់រាន​បាន​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ដូច្នេះ​សហគមន៍​អន្តរ​ជាតិ​មិន​បាច់​មក​គំរាម​អ្វី​ដល់​កម្ពុជា​នោះ​ឡើយ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស