31 C
Phnom Penh

មេ​ដឹកនាំ​ខ្មែរ​ព្រមាន​រុះរើ​ផ្ទះ​ក្រុម​បក្ស​ប្រឆាំង​ដែល​ធ្វើ​អំពី​ឈើ ​ដោយ​សារ​ចេះតែ​រិះគន់​ការ​បាត់បង់​ព្រៃ​ក្នុង​របប​របស់​លោក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ក៏​បាន​ព្រមាន​ដែរ​ថា​  គង់តែ​មាន​ថ្ងៃ​ដែល​លោក​បញ្ជា​ឱ្យកូន​ចៅ​របស់​លោក​ទៅ​រុះរើ​ផ្ទះក្រុម​បក្ស​ប្រឆាំង​ដែល​ធ្វើ​​ពីឈើចោល​ទេ ​ពីព្រោះ​ក្រុម​នេះ​តែង​រិះគន់​ថា ​​របប​របស់​លោក​ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា​យ៉ាង​សន្ធឹក​សន្ធាប់។​

លោក​អះអាង​ថា ​មាន​ក្រុម​បក្ស​ប្រឆាំង​បាន​យក​ឈើ​ប្រណីត​ទៅ​ធ្វើ​ ផ្ទះ​ និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​របស់​ខ្លួន​ ប៉ុន្តែ​ចេះ​តែ​រិះគន់​ថា​ របប​របស់​លោក​​ធ្វើ​ឱ្យ​បាត់បង់​ព្រៃ​ឈើ​នៅ​ស្រុក​ខ្មែរ។​ លោក​បន្ត​ថា​ ការ​បាត់បង់​ព្រៃ​ឈើ ​ដោយ​សារ​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​ស្រុក​ និង​ការ​កាប់​រាន​ដី​ធ្វើ​ចម្ការ​ស្រែ​ជាដើម។​

ក្រុម​អ្នក​ឃ្លាំមើល​ឃើញ​ថា​ លោក​ហ៊ុន សែន​កំពុង​ការពារ​របប​របស់​លោក​និង​សាច់​សា​លោហិត​របស់​លោក​យ៉ាងច្រើន​ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា។​

លោក​ឈើយ ឧត្តមរស្មី​ដែលជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ វ័យ​ក្មេង ​ស្នង​តំណែង​ពី​ឪពុក​គឺ​វិរជន​ការពារព្រៃ​ឈើ​លោក​ឈុត វុទ្ធី ​នោះ​បាន​អះអាង​ថា ​អ្នករក​ស៊ីព្រៃ​ឈើ​នៅតាម​ព្រំដែន​ចំនួន​ដល់​ទៅ​៧០%​ទៅ​ហើយ​សុទ្ធសឹង​តែ​ជា​សមាជិក​របស់​កង​កម្លាំង​ប្រដាប់​អាវុធ។​

ពួក​គេនាំគ្នា​លក់​ឈើ​ប្រណីត​របស់​ខ្មែរ​យក​លុយ​ទៅ​ចិញ្ចឹម​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ទឹករាប់​លាន​ដុល្លារ ​ជាពិសេស​គឺ​លោក​ឧកញ៉ា​មហា​សេដ្ឋី ​ទ្រី ភាព ​ដែល​កន្លង​មក​បាន​កាប់​ឈើ​រាប់សែន​រាប់​លាន​ ម៉ែត្រ​គីប​ទៅ​លក់​ឲ្យ​ប្រទេស​វៀតណាម​តម្លៃ​ជាង​៣០​លាន​ដុល្លារ​ក្នុង​១​ថ្ងៃៗ។​

ក្រៅពី​លោក​ឧកញ៉ា​ទ្រី ភាព ​លោក​ឈើយ ឧត្តមរស្មី បាន​រៀប​រាប់​ឈ្មោះ​ជន​បំផ្លាញ​ព្រៃ​ឈើ​ជាច្រើន​ទៀត​ រួម​មាន​ឧកញ៉ា​លីម ប៊ុណ្ណា ​ហៅ ​ខ្នា ​លោក​ឧកញ៉ា ស៊ឹង សំអុល ​ហៅ​អុល លោក​ឧកញ៉ា វ័ន្តថៃ​និង​មាន​មន្រ្តីយោធា​កំពូលៗ​ជាច្រើន​រាប់​មិន​អស់​ផ្សេង​ទៀត។​ លោក​បន្តថា​ ការ​បាត់បង់​ឈើ​ប្រណីត​របស់​ខ្មែរ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​នេះ​ ក៏ដោយ​សារ​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ដល់​ក្រុមហ៊ុន​ឯក​ជន​រាប់​លាន​ហិកតា​ និង​ការ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ដល់​ពលរដ្ឋ​ក្រីក្រ​ក្នុង​ទម្រង់​មិន​ច្បាស់​លាស់​ផ្សេង​ទៀត៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស