37 C
Phnom Penh

លោក​សម រង្ស៊ី​ អះអាង​ថា​ លោក​ជា​មនុស្ស​ម្នាក់​គត់​ដែល​ជំរុញ​ឱ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​របប​លោក​ហ៊ុន សែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សម រង្ស៊ី​អះអាង​ថា​  លោក​គឺ​ជា​មនុស្ស​តែម្នាក់​គត់​ ដែល​បាន​ជំរុញ​ទៅ​សហគមន៍​អន្តរជាតិ​យ៉ាង​សកម្ម​ឱ្យ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន។​

ការ​អះអាង​នេះធ្វើ​ឡើង​ក្រោយ​ពេល​​លោក​ហ៊ុន សែន​កាលពី​ថ្ងៃ​ច័ន្ទ​ គំរាម​ថា ​លោក​នឹង​មិន​អត់​ឱន​ឱ្យ​ក្រុម​បក្ស​ប្រឆាំង​ឡើយ​ ប្រសិន​បើ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​មក​លើ​រដ្ឋាភិបាល​របស់​លោក​មែន​នោះ។​

លោក​សម រង្ស៊ី​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅថ្ងៃ​អង្គារ​នេះ​ប្រាប់​ទៅ​លោក​ហ៊ុន សែន​ថា​ កុំ​ខឹង​គោ​ ហើយ​ទៅ​វ៉ៃ​រទេះ​អី។ ​លោក​សរសេរ​ថា ​បើ​ខឹង​នឹង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​ កុំទៅ​រក​រឿង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់លាន​នាក់​ក្នុង​ប្រទេស​កម្ពុជា​អី។​ ជាង​នេះ​ទៅទៀត​លោក​បាន​ទូន្មាន​លោក​ហ៊ុន សែន​ថា​  បើ​ចង់​បញ្ចៀស​ទណ្ឌកម្ម​ទាំង​នោះ ​ហើយ​អាណិត​ប្រជា​រាស្ត្រ​មែន​ នោះ​ លោក​ហ៊ុន សែន​គ្រាន់តែ​បញ្ឈប់​ការ​គាប​សង្កត់​មក​លើ​ប្រជារាស្ត្រ​ ហើយ​ចាប់​ផ្តើម​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ ដើម្បី​ធ្វើ​ឲ្យស្រុក​យើង​ទទួល​បាន​លទ្ធិ​ប្រជា​ធិបតេយ្យ​វិញ​ទៅ ​នោះគឺ​ជា​ចប់​ទៅ​ហើយ។​

ប៉ុន្តែ​លោក​ហ៊ុន សែន​ប្រកាស​ជា​ថ្មី​ថា​ លោក​នឹង​មិញ​ចុះចាញ់​ការ​ដាក់​សម្ពាធ​ឬទណ្ឌ​កម្ម​ណាមួយ​នោះ​ឡើយ។ ​លោក​អះអាង​ថា​ របប​ របស់​លោក​បាន​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​តតាំង​ជាមួយ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះពី​សំណាក់​អន្តរជាតិ។ ​លើសពី​នេះទៅ​ទៀត​ លោក​បាន​គំរាម​សហគមន៍​អន្តរ​ជាតិ​វិញ​​ថា​ ប្រសិន​បើ​អន្តរជាតិ​ ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា​មែន​ លោក​នឹង​កម្ចេច​ក្រុម​បក្ស​ប្រឆាំង​ចោល​តែ​ម្តង។​

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ​ការ​គំរាម​របស់​លោក​ហ៊ុន សែន​ធ្វើ​ឡើង​ដើម្បី​ចង់​បង្ហាញ​ទៅ​មេ​ដឹកនាំ​ចិន​ថា ​មានតែ​ប្រទេស​ចិន​ប៉ុណ្ណោះ​ដែល​ជា​​ខ្នង​បង្អែក​ចុង​ក្រោយ​ក្នុង​ការ​ទប់ទល់​នឹង​ការ​ដាក់​សម្ពាធ​របស់​អន្តរជាតិ​បាន ​ខណៈ​លោក​និង​ក្រុម​មន្រ្តី​របស់​លោក​កំពុង​ត្រៀម​ចេញ​ដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​នៅថ្ងៃ​ទី​២០​ខែ​មករា​ខាង​មុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស