27 C
Phnom Penh

រដ្ឋាភិបាល​និង​អ្នក​ជំនាញ​កសិកម្ម​សោកស្តាយ​ ក្រោយ​អឺរ៉ុប​សម្រេច​យកពន្ធ​អង្ករ​ពី​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​រដ្ឋាភិបាល​ និង​ក្រុម​អ្នក​ជំនាញ​លើ​វិស័យ​កសិកម្ម​កម្ពុជា​ព្រមាន​អំពី​ផល​ប៉ះពាល់​ដែល​សហភាព​អឺរ៉ុប​សម្រេច​ចិត្ត​យក​ពន្ធ​លើការ​នាំ​អង្ករ​ចូល​ពី​កម្ពុជា។

​ទីប្រឹក្សា​នៃ​អង្គការ​សេដាក​បណ្ឌិត ​យ៉ង់ សាំងកុមារ​ ដែល​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​កសិកម្ម​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ លោក​មាន​ការ​សោកស្តាយ​ជាខ្លាំង​ដែល​សហភាព​អឺរ៉ុប​សម្រេច​ចិត្ត​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​លើ​វិស័យ​ស្រូវអង្ករ​ ដែល​តម្រូវ​ឱ្យ​កម្ពុជា​ត្រូវ​បង់​ពន្ធ​នៅពេល​នាំ​អង្ករ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។​ លោក​បន្ត​ថា ​កម្ពុជា​ហាក់​ដូច​ជា​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​វិធាន​ការ​នេះ​ទេ។ ​កាលពី​ថ្ងៃ​ទី​១៦​មករា​ សហភាព​អឺរ៉ុប​បាន​សម្រេច​ឲ្យ​កម្ពុជា​និង​មីយ៉ាន់ម៉ា​ឬ​ភូមា​ ត្រូវ​បង់ពន្ធ​អង្ករ​នាំចូល​ទឹក​ដី​អឺរ៉ុប​ដែល​ចាប់​អនុវត្ត​ពី​ថ្ងៃ​១៨​ខែ​មករា​នេះតទៅ​រយៈ​ពេល​៣​ឆ្នាំ។ ​

សេចក្ដី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​១៧​ខែ​មករា​ឆ្លើយ​តប​ទៅ​នឹង​វិធាន​ការ​របស់​សហភាព​អឺរ៉ុប  ​ ក្រសួង​ពាណិជ្ជ​កម្ម​បាន​ចាត់​ទុក​វិធាន​ការ​នេះ​​ ថា​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​របស់​ប្រជា​កសិករ​កម្ពុជា ​និង​ជា​អាវុធ​សម្លាប់​ប្រជា​កសិករ​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ ដែល​បច្ចុប្បន្ន​កំពុង​មាន​ជីវភាព​ក្រីក្រ ​និង​កំពុង​ជាប់​បំណុល​ធនាគារ។​

ជាមួយ​គ្នា​នេះ ​ក្រសួង​ពាណិជ្ជ​កម្ម​ក៏បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​ពិចារណា​ឡើង​វិញ​លើការ​សម្រេច​នេះ ​ហើយ​ថា​ ក្រសួង​ក៏​កំពុងតែ​ពិនិត្យ​លើ​ច្បាប់​ និង​វិធាន​ការ​ពាណិជ្ជ​កម្ម​អន្តរជាតិ​នានា​ដែល​ពាក់ព័ន្ធ​ដើម្បី​តវ៉ា​ផង​ដែរ។​

កាល​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​លើក​ឡើង​ថា​  ការ​សម្រេច​យក​ពន្ធ​នាំ អង្ករ​ពី​កម្ពុជា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​កសិករ​កម្ពុជា​ប្រមាណ​៣​លាន​នាក់​ ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហ​កម្ម​មួយ​ចំនួន​ទៀត​ផង។​

ប៉ុន្តែ​លោក​យ៉ង់ សាំងកុមារ​អះអាង​ថា ​កម្ពុជា​មាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​ និង​ក្រសួង​ពាន់ព័ន្ធ​ជាច្រើន​ដែល​ត្រូវ​រួម​គ្នា​សង្រ្គោះ​វិស័យ​    ស្រូវ​អង្ករ​របស់​ខ្មែរ។ ​មិន​តែ​ប៉ុណ្ណោះ ​លោក​ថា​ ពួកគេ​ល្មម​នាំគ្នា​ធ្វើការ​ធំដុំ​ម្តង​ហើយ​ដើម្បី​សេដ្ឋកិច្ច​ជាតិ​​ដោយ​មិន​ត្រូវ​គិតតែ​ពី​អំណាច​ខ្លាំង​ពេក​នោះ​ទេ។​

ចំណែក​អ្នក​វិភាគ​នយោបាយ​លោក​គឹម សុខ​ បាន​សរសេរ​នៅលើ​គណនី​ហ្វេសបុក​របស់​លោក​ថា​ ការយក​ពន្ធ​​លើ​អង្ករ​របស់​កម្ពុជា​ដែល​នាំចូល​ទៅ​លក់​ក្នុង​ទីផ្សារ​អឺរ៉ុប​គ្រាន់តែ​ជា​មេរៀន​ទី​១​សម្រាប់​របប​លោក​ហ៊ុន សែន​ប៉ុណ្ណោះ។

លោក​បន្ត​ថា ​មេរៀន​ទី​២​ដែល​របប​លោក​ហ៊ុន សែន​ ត្រូវ​រៀន​សូត្រ​ពី​វិធាន​ការ​នេះ​គឺ​ត្រូវ​រៀន​អំពី​របៀប​ដឹកនាំ​ប្រទេស។​ ទី​១​គឺ​ វិធី​សាស្ត្រ​ការពារ​អ្នក​ផលិត​ក្នុង​ស្រុក ​ក្នុង​ពិភព​ទីផ្សារ​សេរី។​ ទី២​គឺ​ត្រូវ​លើក​តម្កើង​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​​យុត្តិធម៌​ដែល​ជា​គោល​ ជាផ្លូវ​តែ​មួយ​គត់​ក្នុង​ការ​រក្សា​ស្ថិរភាព​សន្តិភាព​ និង​ការ​រីក​ចម្រើន​ពិត​ប្រាកដ​សម្រាប់​ជាតិ។​

បើមិន​ចេះ​សម្រួល​តាម​ផ្លូវ​ទាំងពីរ​នេះ​ទេ​ នោះពួក​គេមិន​អាច​ឈរ​ជើង​នឹង​បាន​យូរ​ទេ​គឺ​អាច​បន្ត​អំណាច​បាន​តែ​មួយ​ខ្យល់​ទៀត​ប៉ុណ្ណោះ។ ​

ជាងនេះ​ទៅ​ទៀត​ លោក​ស្នើ​ដល់​រដ្ឋាភិបាល​ កុំសាក​ល្បង​នឹង​ការ​ឈឺចាប់​របស់​ពលរដ្ឋ​កាន់តែ​ច្រើន​ពេញ​ប្រទេស​ ក្នុង​នោះ​ក៏​មាន​កងទ័ព​ដ៏​ច្រើន​លើសលប់​ ជា​ពិសេស​កូនចៅ​របស់​ពួកគាត់​ ដែល​កំពុង​តែ​ទទួល​រង​នូវ​​អយុត្តិ​ធម៌​ធ្ងន់ធ្ងរ​ ពីការ​ដឹកនាំ​បែប​សក្ការៈ​បុគ្គល​ និង​អំណាច​និយម​សព្វ​ថ្ងៃ។​

របាយ​ការណ៍​អំពី​ការ​នាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ឆ្នាំ​២០១៨​ឲ្យ​ដឹង​ថា  ​អង្ករ​កម្ពុជា​ជិត​២៧​ម៉ឺន​តោន​ត្រូវ​បាន​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​​អឺរ៉ុប។ ​ចំនួន​នេះ​មាន​ទំហំ​ជាង​៤៣%​ ដែល​កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ទៅ​អឺរ៉ុប ​ដោយ​មិន​ជាប់​ពន្ធ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស