មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនៅក្រៅប្រទេសបានសម្រេចដាក់ចេញផែនការមួយចំនួនដើម្បីឲ្យលោកសម រង្ស៊ីវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍របស់បក្សប្រឆាំងនៅទីក្រុងLowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ខែមករា។
ក្នុងវីដេអូឃ្លីបមួយដែលបង្ហោះលើទំព័រហ្វេសប៊ុកលោកសម រង្ស៊ីនោះ លោកអេង ឆៃអ៊ាងអនុប្រធានគណបក្សប្រឆាំងមួយរូបក្នុងចំណោមបីរូបដែលនិយាយនៅក្នុងវីដេអូនោះថា គណៈកម្មាធិការរបស់គណបក្សនេះ នឹងរៀបចំផែនចំនួន៥ចំណុចសម្រាប់ពលរដ្ឋទាំងក្នុងនិងប្រទេសដើម្បីរៀបចំដំណើរវិលត្រឡប់របស់លោកសម រង្ស៊ីទៅកាន់ប្រទេសកម្ពុជាវិញ។
លោកអេង ឆៃអ៊ាងអះអាងថា ផែនការទាំងនោះរួមមានការកៀងគរ និងរៀបចំកម្លាំងនៅក្នុងស្រុកចាំទទួលលោកសម រង្ស៊ីពង្រីកសកម្មភាពការទូត ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបកអាក្រាតពីទង្វើបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលសព្វថ្ងៃ។
ប៉ុន្តែលោកអ៊េង ឆៃអ៊ាងនៅមិនទាន់បានកំណត់ឲ្យបានច្បាស់នៅឡើយទេថា តើលោកសមរង្ស៊ីនឹងត្រឡប់ទៅកម្ពុជាវិញនៅពេលណាជាក់លាក់នោះទេ។
កាលពីឆ្នាំ២០១៦ លោកសម រង្ស៊ីបានចាកចេញពីប្រទេសកម្ពុជាជាថ្មីម្ដងទៀត ក្រោយពេលរដ្ឋាភិបាលរបស់លោកហ៊ុន សែនចោទប្រកាន់លោកពីបទបរិហារកេរ្តិ៍ និងញុះញង់ ទាក់ទងនឹងករណីឃាតកម្មអ្នកវិភាគនយោបាយល្បីឈ្មោះលោកបណ្ឌិតកែម ឡី។
ពេលនោះលោកសម រង្ស៊ី បានចោទលោកហ៊ុន សែនត្រង់ៗថា ជាអ្នកនៅពីក្រោយខ្នងនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី ១០ខែកក្កដា២០១៦ ហើយទាមទារឱ្យលោកហ៊ុន សែន ទទួលខុសត្រូវចំពោះឃាតកម្មខ្នាតធំដ៏កក្រើកនេះថែមទៀត។
ក្រោយពេលចេញទៅក្រៅប្រទេសបានមួយរយៈ លោកសម រង្ស៊ីបានប្រកាសវិលចូលស្រុកវិញដែរ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក លោកប្តូរចិត្តថា មិនទៅកម្ពុជានោះឡើយ ដោយសារគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួនមិនអនុញ្ញាត។ ចំណែករដ្ឋាភិបាលក្រុងភ្នំពេញកាលពីឆ្នាំ២០១៦ នោះក៏បានចេញបម្រាមមិនឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ ដឹកលោកសម រង្ស៊ីចូលស្រុកជាដាច់ខាត៕