38 C
Phnom Penh

លោក​ហ៊ុន សែន​អះអាង​ថា ​អ្នក​វិនិយោគ​ចិន​ជាដៃ​គូ​រដ្ឋាភិបាល​កម្ពុជា​ដ៏​ធំជាង​គេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​អះអាង​ថា ​បច្ចុប្បន្ន​ ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា-ចិន​ បាន​កើន​ឡើង​ដល់​ជិត​៦​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​

លោក​ចាត់​ទុក​ប្រទេស​ចិន​ គឺជា​ប្រទេស​ដែល​វិនិយោគ​ធំជាង​គេ​នៅ​កម្ពុជា ​ជា​ពិសេស​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ​ស្ពាន​ ស្ពាន​អាកាស ​និង​វារី​អគ្គិសនី​ជាដើម។ ​លោក​អះអាង​ថា​ កម្ពុជា​ត្រូវ​ខិតខំ​បើក​ពង្រីក​ និង​ពង្រឹង​ទីផ្សារ​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ក្រៅពី​ទី​ផ្សារ​អាមេរិក​ និង​អ៊ឺរ៉ុប​ដើម្បី​លក់​ផលិត​ផល​កាត់ដេរ​ និង​ផលិត​ផល​កសិកម្ម​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ចិន​អាហ្វ្រិក​ មឈ្ឈឹម​បូព៌ា​ និង​កូរ៉េ​ជាដើម។​ ​

ការ​អះអាង​របស់​លោក​ហ៊ុន សែន​ធ្វើឡើង​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​និស្សិត​ខ្មែរ​ នៅ​ប្រទេស​ចិន​ជាង​៤​រយ​នាក់​កាលពី​ថ្ងៃ​ម្សិលមិញ​ ហើយ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។​

ឆ្លៀត​ក្នុង​ឱកាស​នោះ ​លោក​ហ៊ុន សែន​បាន​ប្រាប់​អំពី​ស្ថាន​ការណ៍​ពិភព​លោក​ដល់​និស្សិត​ឲ្យ​បាន​យល់​ដឹង​ ដោយ​លោក​លើក​ឡើង​ថា​  ទោះ​បីស្ថាន​ភាព​ពិភព​លោក​មាន​ការ​ប្រែប្រួល​ឬ​មិន​ច្បាស់លាស់​ទៅ​ផ្លូវ​ណា​គឺ​កម្ពុជា​មិន​អាច​ឲ្យ​ពលរដ្ឋ​ខ្លួន​ដាច់​បាយ​ឡើយ​ ហើយ​លោក​នឹង​បន្ត​ខិតខំ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ឲ្យ​បាន​រឹងមាំ​ថែម​ទៀត។​

ការ​អះអាង​របស់​លោក​ហ៊ុន សែន​នៅ​ពេល​នេះ​ ធ្វើ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​កំពុង​ដំណើរ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​GSP​ពី​កម្ពុជា។​

ទោះបីជា​ការ​វិនិយោគ​របស់​ចិន​បាន​បង្កើត​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​ខ្មែរ​ខ្លះ​ក៏ដោយ​ ប៉ុន្តែ​ការ​វិនិយោគ​ទាំង​នោះ ​ត្រូវ​បាន​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ មាន​បញ្ហា​ជាច្រើន​ដូច​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​កម្មករ​ ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ និង​ការ​ប្រមូល​យក​ធនធាន​រ៉ែ​គ្រប់ប្រភេទ​របស់​កម្ពុជា​ជា​ដើម៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស