28 C
Phnom Penh

លោក ហ៊ុន សែន ព្រមានចាត់វិធានការច្បាប់ចំពោះការបំភ្លៃព័ត៌មានអំពីបញ្ហាសុខភាពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលព្រមានចាត់វិធានការណ៍ក្តៅចំពោះគណនីហ្វេសប៊ុកណាមួយ ដែលប្រឌិតព័ត៌មាន (Fake News) អាក្រក់ជុំវិញសុខភាពរបស់លោក ហ៊ុន សែន។

ទំព័រហ្វេសប៊ុករបស់អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានឱ្យដឹងថា លោកហ៊ុន សែន ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ បានលើកឡើងថា ការធ្វើឱ្យសាធារណៈមានភាពជ្រួលច្របល់ ជាហេតុផលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដែលបំភ្លៃការពិតជុំវិញស្ថានភាពសុខភាពរបស់នាយករដ្ឋមន្រ្តី នៅក្នុងតំណែង ទៅជារឿងអាក្រក់នោះ គឺត្រូវចាត់ទុកសកម្មភាពនោះថាជាបទល្មើសព្រហ្មទណ្ឌនិងចាត់ទុកជាសកម្មភាពឧក្រិដ្ឋ។

ការលើកឡើងរបស់លោកហ៊ុន សែន នេះ ក្រោយពេលលោកបានប្រកាសផ្អាកគម្រោងជួបជាមួយមន្ត្រីទូត និងកិច្ចប្រជុំរបស់លោកកាលពីសប្តាហ៍មុនយ៉ាងបន្ទាន់មួយ ដោយអះអាងថាលោក គ្រេចស្មាខាងស្តាំ ហើយត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនៃប្រទេសសិង្ហបុរី។

ជាមួយគ្នានេះ ក៏មានគណនីហ្វេសប៊ុកមួយចំនួនបានលើកឡើងថាការទៅសម្រាកព្យាបាលរបស់ លោក ហ៊ុន សែន នៅសិង្ហបុរីនោះ ព្រោះតែមានជំងឺធ្ងន់ធ្ងរ ដែលអាចមានគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែគណនីទាំងនោះមិនបានបបញ្ជាក់ពីប្រភពព័ត៌មានច្បាស់លាស់នោះឡើយ។

កាលឆ្នាំ២០១៦ ក្រោយពេលឃើញមានសកម្មភាពរបស់ជនជាតិវៀតណាមដែលរស់នៅលើទឹកក្នុងប្រទេសកម្ពុជា នាំគ្នាផ្លាស់ទីរស់នៅយ៉ាងច្រើន ក៏មានព័ត៌មានចរាមអារាមលើបណ្តាញសង្គមហ្វេសប៊ុកថា លោកនាយករដ្ឋមន្ត្រី មានជំងឺដាច់សរសៃឈាមខួរក្បាល ដែលអាច បណ្តាលឱ្យស្លាប់ឬ មានបញ្ហាខួលក្បាលផងដែរ។ ហេតុនេះហើយ បានជនជាតិវៀតណាមខ្លះភ័យខ្លាចហើយនាំគ្នាផ្លាស់ទីទៅរស់នៅ ស្រុករបស់ពួកគេវិញថែមទៀត ។

ប៉ុន្តែពាក្យចរាមអារាមនេះ ត្រូវបានលោក ហ៊ុន សែន ចេញមុខបកស្រាយថាលោកមានសុខភាពមាំទាំជាធម្មតា ដោយប្រាប់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលប្រមាថជីវិតលោកវិញថា លោកមិនស្លាប់ទេ ហើយក៏គ្មានពូជ ដាច់សរសៃឈាម ឬពូជសរសៃប្រសាទនោះដែរ។

លើសពីនេះទៅទៀត លោកថាអំពើប្រមាថជីវិតអ្នកដទៃជាអំពើបាប និងអសីលធម៌ ហើយថាកម្ពុជាកំពុងត្រូវការនាយករដ្ឋមន្ត្រី ដើម្បីគ្រប់គ្រងស្ថានការណ៍ស្រុកទេស។

កាលពីថ្ងៃម្សិលមិញ លោក ផៃ ស៊ីផាន បានប្រាប់ក្រុមអ្នកសារព័ត៌មានថាសុខភាពរបស់លោកហ៊ុន សែន កាន់តែប្រសើរ ដោយថែមទាំងអាចដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះបានទៀតផង ក្រោយត្រឡប់មកពីព្យាបាលជំងឺគ្រេចស្មារបស់ខ្លួននៅប្រទេស សិង្ហបុរី ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស