26 C
Phnom Penh

លោក ហ៊ុន សែន ចាត់ទុក EBA ថាក្លាយជាស្រមោលប៉ុន្តែត្រូវ បង្កើនកិច្ចសហការជាមួយអឺរ៉ុប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន  អះអាងថា បញ្ហា EBA បានក្លាយជាស្រមោលទៅហើយ សម្រាប់រដ្ឋាភិបាលរបស់លោក ប៉ុន្តែលោកថា រដ្ឋាភិបាលត្រូវបង្កើនកិច្ចសហការពាណិជ្ជកម្មទ្វេភាគីជាមួយសមាជិកសហភាពអឺរ៉ុប ជាមូលដ្ឋានគ្រឹះ និងជាទិសដៅពាណិជ្ជកម្មរបស់កម្ពុជា។

ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែកក្កដានេះ ក្រោយពីលោកទៅសំរាកព្យាបាលជំងឺគ្រេចស្មាស្តាំរបស់លោកក្នុងប្រទេសសិង្ហបូរី

យ៉ាងណាក៏ដោយ សហភាពអឺរ៉ុប បានប្រកាសពីដំណើរការនីតិវិធីរបស់ខ្លួន ដើម្បីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកកម្ពុជា កាលពីដើមឆ្នាំនេះ ក្រោយពេលអឺរ៉ុបរកឃើញថារដ្ឋាភិបាលលោក ហ៊ុន សែន បានបំផ្លាញមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក្នុងរយៈពេលចុងក្រោយនេះ ដោយចាប់ផ្តើមពីការចាប់ខ្លួនមេបក្សសង្រ្គោះជាតិលោក កឹម សុខា ដាក់គុក។

សហភាពអឺរ៉ុបព្រមានថា បើកម្ពុជាមិនព្រមស្តារស្ថានការណ៍នេះឡើងវិញទេ ដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ នឹងដកក្នុងរយៈពេលដ៏ខ្លីខាងមុខ ដែលធ្វើឱ្យកម្ពុជាត្រូវខាតបង់ថវិកាជិត១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

ក្រៅពីអឺរ៉ុប សហរដ្ឋអាមេរិក ក៏បានព្រមានម្តងហើយម្តងទៀតអំពីលទ្ធភាពដែលឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់ខ្លួន ចេញពីកម្ពុជាផងដែរ ប្រសិនបើមេដឹកនាំរដ្ឋាភិបាលលោក ហ៊ុន សែន  នៅតែមិនព្រមស្តារស្ថានភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្ស ទៅរកភាពប្រសើរទេនោះ៕  

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស