41.3 C
Phnom Penh

លោកគង់ រ៉ៃយ៉ាធ្វើពហិការមិនទទួលអាហារ ដោយសារទាមទារលក្ខខណ្ឌក្នុងពន្ធនាគារប្រសើរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភរិយារបស់ លោក គង់ រ៉ៃយ៉ា ដែលបានទៅសួរសុខទុក្ខបី្តរបស់ខ្លួនក្នុងពន្ធនាគារព្រៃស បានលើកឡើងថា តាំងពីថ្ងៃដែលប្តីរបស់អ្នកស្រីត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ប្តីអ្នកស្រីមិនដែលបរិភោគបាយឬ អាហារឡើយ ដោយគ្រាន់តែហូបទឹកប៉ុណ្ណោះ។

អ្នកស្រី សុខ ស្រីនិច បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកគង់ រ៉ៃយ៉ា នៅថ្ងៃនេះថា ស្វាមីរបស់អ្នកស្រីបានធ្វើពហិការមិនព្រមទទួលទាននោះទេ គឺគាត់ទទួលទានតែទឹកប៉ុណ្ណោះតាំងពីថ្ងៃលោកត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគាររហូតមកទល់ពេលនេះ។ អ្នកស្រីបញ្ជាក់ថា ការធ្វើពហិការនេះ ដោយប្តីអ្នកស្រីទាមទារលក្ខខណ្ឌប្រសើរក្នុងស្ថានភាពរស់នៅក្នុងបន្ទប់ពន្ធនាគារចំនួន៣ចំណុច។

អ្នកស្រី សុខ ស្រីនិច លើកឡើងថាលក្ខខណ្ឌបីចំណុចនោះរួមមាន ស្នើសុំអោយមន្ត្រីពន្ធនាគារជួយសម្រួលដល់កន្លែងគាត់សម្រាកមានដូចជា បន្ទប់គេង បន្ទប់ទឹក ដោយអ្នកស្រីបញ្ជាក់ថា បន្ទប់របស់គាត់ តូចចង្អៀតណាស់ដែលគាត់មិនអាចទទួលយកបានទេ ព្រោះគាត់ត្រូវការអង្គុយវិប្បសនា ហើយថាបើចង្អៀតបែបនេះគាត់មិនអាចអង្គុយ   វិប្បសនាបានទេ។
ទី២ លោក គង់ រ៉ៃយ៉ា ស្នើសុំឲ្យមន្ត្រីពន្ធនាគារជួយម្រួលអោយលោកបានហាត់ប្រាណបានសមរម្យ ហើយគ្រប់គ្រាន់ និង ទី៣ លោកស្នើសុំអោយមន្ត្រីពន្ធនាគារជួយសម្រួលអោយគាត់បានអានសៀវភៅអោយបានគ្រប់គ្រាន់ផងដែរ ។ យ៉ាងនេះក្តី អ្នកស្រី ស្រីនិច ឱ្យដឹងថាសំណើរទាំងបីចំណុចនេះ មិនទាន់មានការឆ្លើយតបណាមួយពីមន្ត្រីពន្ធនាគារនៅឡើយ។ រីឯសុខភាពប្តីអ្នកស្រីវិញ ក៏កំពុងមានបញ្ហា ដោយសារចេះតែចុកទ្រូងខាងស្តាំ។

លោក គង់ រ៉ៃយ៉ា ប្រពន្ធ និងប្អូនថ្លៃប្អូនបង្កើតរបស់លោក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៩ ខែកក្កដា តែក្រោយមកសមត្ថកិច្ចដោះលែង មនុស្សបីនាក់ទៅវិញ ដោយទុកតែ លោក គង់ រ៉ៃយ៉ាម្នាក់ប៉ុណ្ណោះ។ ការចាប់ខ្លួននេះ ក្រោយពេលលោកប្រកាសលក់អាវយឺតដែលមានរូបលោកបណ្ឌិតកែម ឡី ដោយភ្ជាប់សារមួយចំនួន។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាថ៌ និងសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី ១១ កក្កដា។

ពាក់ព័ន្ធការប្រារព្ធខួប៣ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី នេះ ដែរ យុវជនម្នាក់ទៀត គឺ លោក សួង នាគព័ន្ធ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅចំថ្ងៃខួបលោកបណ្ឌិត គឺ ថ្ងៃទី ១០កក្កដា ដោយយុវជនរូបនេះ ក៏ត្រូវបានតុលាការរាជធានីភ្នំពេញចោទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ផងដែរ»

ក្រុមអង្គការ សមាគម សហជីពជាតិនិងអន្តរជាតិ ជិត១រយ បានស្នើឱ្យដោះលែងពួកគេទាំងពីរ និងសម្តែងការសោកស្តាយអំពីសិទ្ធិសេរីភាពនៅកម្ពុជាហើយនោះ។ នៅថ្ងៃនេះដែរ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសម្ដែងក្ដីបារម្ភបន្ថែមទៀត ចំពោះការរឹតត្បិតកាន់តែខ្លាំងទៅលើសេរីភាពនៃការជួបជុំដោយសន្តិវិធីពីសំណាក់រដ្ឋាភិបាល កម្ពុជា បន្ទាប់ពីយុវជន ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនអំឡុងពេលពួកគេចូលរួមរំឭកខួបការបាញ់សម្លាប់អ្នកវិភាគដ៏ល្បីឈ្មោះមួយរូប។

ក្នុងសេចក្ដីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅថ្ងៃនេះ បានចាត់ទុកការចាប់ខ្លួន និងចោទប្រកាន់ទៅលើមនុស្សទាំង ២រូបនេះថា មានចេតនានយោបាយ និងជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស