26 C
Phnom Penh

រដ្ឋាភិបាលប្រកាសពីតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកមួយបន្ថែមទៀតក្នុងខេត្តកណ្តាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃនេះ បានកំណត់តំបន់ចំនួន១ បន្ថែមទៀត នៅក្នុងឃុំផ្សេងគ្នានៃខេត្តកណ្ដាលជាតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ។

សេចក្តីប្រកាសរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី១២ ខែកក្កដា ដែលសាព័ត៌មាន The Cambodia Daily ទើបទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ជាផ្លូវការ ថាជំងឺប៉េស្តជ្រូកអាហ្វ្រិកបានកើតឡើងនៅតំបន់ពីរ ក្នុងខេត្តកណ្តាល គឺភូមិកំពង់ចំលង ឃុំកំពង់ចំលង ក្នុងស្រុកខ្សាច់កណ្ដាល និងតំបន់មួយនៃឃុំក្រាំងយ៉ូវ ស្រុកស្អាង ដែលបានផ្ទុះឡើងខ្លាំងកាលពីសប្តាហ៍មុន។

រដ្ឋមន្រ្តីក្រសួងកសិកម្មលោក វេង សាខុន បានប្រកាសឲ្យផ្អាកជាបណ្ដោះអាសន្ននូវការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលដែលធ្វើពីសាច់ជ្រូកគ្រប់ប្រភេទនៅក្នុងតំបន់ផ្ទុះជំងឺនេះរហូតដល់មានសេចក្តីប្រកាសថ្មី។

បច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្វ្រិកបានកើតឡើងនៅនៅខេត្តចំនួនប្រាំហើយ រួមមានខេត្តរតនៈគិរី ត្បូងឃ្មុំ តាកែវ ស្វាយរៀង និងខេត្កណ្តាល ប៉ុន្តែរដ្ឋាភិបាលនៅមិនទាន់បានបង្ហាញពីមូលហេតុច្បាស់លាស់ នៃការឆ្លងរាលដាលនេះនៅឡើយ។

យ៉ាងនេះក្តី សាធារណៈជនលើកឡើងថា មូលហេតុនៃការឆ្លងជំងឺនេះ គឺមានប្រភពមកពីប្រទេសវៀតណាមតែម្តង ក្រោយពេលជំងឺនេះបានផ្ទុះឡើងនៅទូទាំងប្រទេសវៀតណាម។

បន្ថែមពីនេះ ទោះបីជាមានការប្រកាសអំពីស្ថានភាពឆ្លងជំងឺប៉េស្តនៅវៀតណាមយ៉ាងណាក៏ដោយ ក៏ករណីនាំចូលជ្រូកពីវៀតណាមមក  កម្ពុជានៅតែកើតមានដដែល ដោយសារតែអំពើពុករលួយ និងភាពអាត្មានិយមរបស់មន្ត្រីជំនាញ ដែលឃុបឃិតជាមួយឈ្មួញខិលខូចតែម្តង។

ក្រសួងកសិកម្ម បានឱ្យដឹងថាគិតត្រឹមចុងសប្ដាហ៍មុន យ៉ាងហោចណាស់មានជ្រូកដែលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកងាប់ និងត្រូវបានសម្លាប់ ព្រមទាំងយកទៅបំផ្លាញចោលមានចំនួនជាង ២ពាន់ក្បាលហើយ នៅក្នុងខេត្តចំនួន៤ ដោយមិនទាន់បញ្ចូលករណីនៅខេត្តកណ្តាល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស