រដ្ឋាភិបាលលោកហ៊ុន សែន តាមរយៈស្ថាប័នជាតិធំៗ របស់ខ្លួនរួមមានស្ថាប័នរដ្ឋសភាជាតិ ស្ថាប័នក្រសួងការបរទេសកម្ពុជាជាដើម បានសម្តែងការសោកស្តាយជាខ្លាំង និងចាត់ទុកការអនុម័តច្បាប់ ដែលឈានទៅដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលពីសំណាក់សហរដ្ឋអាមេរិកថាជាការបំពានគោលការណ៍អន្តរជាតិស្ដីពីអធិបតេយ្យភាព និងជាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ លើសពីនេះ រដ្ឋាភិបាលឯកបក្សថាការសម្រេចនេះ ជារឿងលម្អៀង និងអយុត្តិធម៌បំផុត។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋសភានៅថ្ងៃនេះ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី«ប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩» កាលពីថ្ងៃម្សិលមិញ។
សេចក្តីថ្លែងការណ៍នេះ បានចាត់ទុកការអនុម័តសេចក្តីស្នើច្បាប់នេះ ជាការដើរផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងអាមេរិក ដែលកំពុងលើកកម្ពស់ភាពជាដៃគូគ្រប់វិស័យ ដោយផ្អែកលើផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមកជាមួយអាមេរិក។
ជាមួយគ្នានេះស្ថាប័នរដ្ឋសភាឯកបក្សនេះ បានអំពាវនាវឱ្យសភាសហរដ្ឋអាមេរិក ពិចារណាឡើងវិញ ឱ្យបានម៉ត់ចត់ ចំពោះការប្រកាន់ជំហរលំអៀង ដែលមានភាពអយុត្តិធម៌ចំពោះកម្ពុជា ដែលកំពុងតែប្តេជ្ញាចិត្តអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។
ក្នុងសេចក្តីថ្លែងការណ៍ដដែល បញ្ជាក់ទៀតថា ថ្វីត្បិតតែមានសម្ពាធដ៏អយុត្តិធម៌ និងការដាក់ទណ្ឌកម្មជាឯកតោភាគីពីសំណាក់សហរដ្ឋអាមេរិកក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានជ្រើសយកអភិក្រមវិជ្ជមានប្រកបដោយភាពស្មោះត្រង់ ក្នុងបំណងបន្តកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើគ្រប់វិស័យ។
ដោយឡែកកាលពីម្សិលមិញ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លៃងការណ៍ ដោយលើកឡើងថា ខ្លួនមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចនេះ និងបានបដិសេធយ៉ាងដាច់អហង្ការនូវការចោទប្រកាន់ទៅលើរដ្ឋាភិបាល លោក ហ៊ុន សែន។
ក្រសួងការបរទេសបានចាត់ទុកការអនុម័តសេចក្តីស្នើច្បាប់នេះ ជាការរំលោភបំពានយ៉ាងជាក់ស្តែងចំពោះគោលការណ៍អន្តរជាតិស្ដីពីអធិបតេយ្យភាពសមភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដូចមានចែងក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ។ បន្ថែមពីនេះ វាកាន់តែបង្កការរំខានថែមទៀត នៅពេលដែលបុគ្គលសាធារណៈ របស់រដ្ឋអធិបតេយ្យមួយបានក្លាយជាកម្មវត្ថុនៃវិធានការដាក់ទណ្ឌកម្មពីសំណាក់រដ្ឋមួយផ្សេងទៀត ដោយផ្អែកលើការចោទប្រកាន់គ្មានមូលដ្ឋាន។
កាលពីថ្ងៃអង្គារ សភាតំណាងរាស្ត្ររបស់អាមេរិក បានអនុម័តច្បាប់មួយស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឬ ហៅថាCambodia Democracy Act H.R. 526។ ច្បាប់នេះ ស្នើឡើងដោយតំណាងរាស្ត្រ អាមេរិកប្រចាំរដ្ឋ Florida នៃគណបក្សសាធារណរដ្ឋ ក្នុងគោលដៅជំរុញឱ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ គោរពសិទ្ធិ សេរីភាព នយោបាយ និងសិទ្ធិមនុស្ស នៅកម្ពុជា។ ច្បាប់នេះក៏មានគោលដៅដាក់ទណ្ឌកម្ម សេដ្ឋកិច្ច និងទិដ្ឋាការលើមន្ត្រីកម្ពុជា ដែលពួកគេចោទថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។
អ្នកផ្តើមគំនិតសេចក្តីស្នើច្បាប់ម្នាក់ ដែលជាសមាជិកសភាសហរដ្ឋអាមេរិក លោក Ted Yoho បានលើកឡើងកាលពីថ្ងៃម្សិលមិញថា វាដល់ពេលហើយដែលរដ្ឋាភិបាលលោក ហ៊ុន សែន និងបក្ខពួករបស់ខ្លួនត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ដែលបំផ្លាញលទ្ធិប្រជាធិប តេយ្យនិងរំលោភសិទ្ធិមនុស្ស ដោយស្នាដៃរបស់ពួកគេកន្លងមក។ លោក Ted Yoho លើកឡើងថា ច្បាប់នេះនឹងដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ និងទិដ្ឋាការឬ វីសារ ចំពោះលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងមន្ត្រីយោធាកម្ពុជាធំៗផងដែរ។
ច្បាប់ស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឬ ហៅថាCambodia Democracy Act អាចចូលជាធរមាន និងប្រើប្រាស់បាន នៅពេលណាដែលឆ្លងកាត់ការសម្រេចជាឯកច្ឆន្ទពីស្ថាប័នព្រឹទ្ធសភាអាមេរិក និងឆ្លងកាត់លោកប្រធានាធិបតេយ្យ ដូណាល់ ត្រាំ ជាមុនសិន៕