29.6 C
Phnom Penh

រដ្ឋាភិបាលហៅក្រុមអ្នកធ្វើបាតុកម្មនៅសហរដ្ឋអាមេរិក ថាជាក្រុមបាតុកម្មខ្យល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលទីក្រុងភ្នំពេញថ្ងៃនេះ លើកឡើងថាក្រុមអ្នកធ្វើបាតុកម្មនៅខាងមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិក ជាក្រុមបាតុកម្មខ្យល់និងបំផ្លាញក្តីសុខរបស់កម្ពុជា។

ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានលើកឡើងថា ក្រុមអ្នកធ្វើបាតុកម្មនៅសហរដ្ឋអាមេរិក គឺជាការទាមទារខ្យល់ និងមានចេតនាផ្តួលរលំរដ្ឋាភិបាល។

យ៉ាងណាក៏ដោយក្រុមអ្នកតវ៉ាមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិក ក្នុងទីក្រុងវ៉ាស៊ីងតុន ដែលដឹកនាំដោយលោក សមរង្ស៊ី និងអ្នកគាំទ្រមួយចំនួន អះអាងថា ពួកគេទាមទារឲ្យព្រឹទ្ធសភាអាមេរិកពន្លឿនច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីដាក់ទណ្ឌកម្មបក្សកាន់អំណាច និងជំរុញឲ្យមានការស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

មិនតែប៉ុណ្ណោះពួកគេអះអាងថា ការតវ៉ាទាំងនោះ ជាកម្លាំងគាំទ្រដល់ការអនុម័តច្បាប់ឈានទៅដាក់ទណ្ឌកម្មលោកហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលឯកបក្ស ដោយឃើញការផ្លាស់ប្តូរជាវិជ្ជមានមួយក្នុងពេលខាងមុខ និងចង់ឃើញប្រទេសកម្ពុជាដើរនៅលើផ្លូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដ។

កាលពីថ្ងៃអង្គារ៍ សភាតំណាងរាស្ត្ររបស់អាមេរិក បានអនុម័តជាឯកច្ឆន្ទនូវច្បាប់មួយស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឬ ហៅថាCambodia Democracy Act  H.R. 526។ ច្បាប់នេះ ធ្វើឡើងក្នុងគោលដៅជំរុញឱ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ គោរពសិទ្ធិ សេរីភាព នយោបាយ និងសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា។ ច្បាប់នេះក៏មានគោលដៅដាក់ទណ្ឌកម្ម សេដ្ឋកិច្ច និងទិដ្ឋាការលើមន្ត្រីកម្ពុជា ដែលពួកគេចោទថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។

ក្រៅពីអាមេរិក សហភាពអឺរ៉ុបឯណោះ ក៏កំពុងតែដំណើរការនីតិវិធីរបស់ខ្លួនឈានទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា តាមរយៈការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ឬ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ មកលើរដ្ឋាភិបាលកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើស្ថានភាពលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា រដ្ឋាភិបាលមិនបានធ្វើឱ្យប្រសើរទេនោះ។

ក្រុមអ្នកវិភាគសម្តែងក្តីបារម្ភថា ប្រសិនបើកម្ពុជារងទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិមែន នោះវានឹងបង្កជារឿងអសន្តិសុខ វិបត្តិសង្គមកាន់ធ្ងន់ធ្ងរ ហើយអាចនឹងរង្គោះរង្គើរដល់អំណាចរបស់លោក ហ៊ុន សែន និងបក្ខពួកផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស