ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា លោក Nicolas Maduro បានផ្ញើសារគំរាមក្រុមបក្សប្រឆាំងថា នឹងផ្ដាច់ជីវិតក្រុមនេះប្រសិបើនៅតែហ៊ានប៉ុនប៉ងធ្វើរដ្ឋប្រហារ ទំម្លាក់លោកពីអំណាចម្ដងទៀតនោះ។
ការគំរាមរបស់ជនផ្តាច់នៅប្រទេសវេណេហ្សូអេឡា រូបនេះធ្វើឡើង បន្ទាប់ពីលោក ហ័ន កៃដូ មេដឹកនាំ បក្សប្រឆាំងដ៏មានប្រជាប្រិយ៍ បាន អំពាវនាវអោយពលរដ្ឋ និងកងទ័ពចេញធ្វើ បាតុកម្មជាថ្មីទៀតនៅថ្ងៃទី២៣ ខែកក្ដដា ខាងមុខដើម្បីគាបសង្កត់លោក ម៉ា ឌូរ៉ូ ឲ្យចុះចេញពីតំណែង។
សារព័ត៌មាន Aljazeera បានដកស្រង់សម្តីលោក ហ័ន កៃដូ ចុះផ្សាយនៅថ្ងៃនេះថា ប្រសិនបើការចរចានៅ ប្រទេស ណ័រវេស (Norway) មិនមានលទ្ធផល ដោយមិនលើកឡើងអំពីការចុះចេញពីអំណាចរបស់ លោក ម៉ា ឌូរ៉ូ ទេ នោះមានតែ ផ្ដួលមេដឹកនាំមួយនេះដោយកម្លាំងមហាជនតែម្តង។
កាលពីថ្ងៃទី៣០ ខែមេសា លោក ហ័ន កៃដូ បានដឹកនាំ បាតុកររាប់ម៉ឺនធ្វើបាតុកម្ម នៅពាសពេញ ក្រុងការាកាស ដោយការដាក់សម្ពាធ លោកម៉ាឌូរ៉ូអោយចុះចេញពីតំណែង ដែលនៅពេលនោះ មានកងទ័ព ចូលរួមផងដែរ។ ការបះបោរនៅពេលនោះ គឺប្រៀបបាននឹងរដ្ឋប្រហារ ដោយមានកងទ័ពចូលរួម។ ប៉ុន្តែមិនបានសម្រេចនោះឡើយ។
កងទ័ពដែលនៅតែស្មោះត្រង់នឹងលោក ម៉ាដូរ៉ូ រាប់ពាន់នាក់ បានបង្ក្រាបដោយបាញ់ប្រហារយ៉ាងខ្លាំងទៅលើបាតុករ បណ្ដាលឱ្យស្លាប់និងរងរបួសជាច្រើននាក់ ហើយចាប់ខ្លួនមនុស្សជិត១ពាន់នាក់ ក្នុងនោះ មានទាំងសមាជិកសភា ចំនួន៨នាក់ផងដែរ។ ថ្លែងនៅតាមកញ្ចក់ទូរទស្សន៍របស់រដ្ឋ លោក ម៉ា ឌូរ៉ូ និយាយថាមានការប៉ុនប៉ង ធ្វើរដ្ឋប្រហារជាថ្មីទៀត គឺនៅពេលឆាប់ៗនេះហើយ ដែលលោកថា មានកងទ័ព និងប៉ូលិស ចូលនិវត្តន៍មួយចំនួន មានផែនវាយការប្រហារអាគាររដ្ឋាភិបាល មូលដ្ឋានទ័ពអាកាស និងធនាគារកណ្ដាលរបស់ប្រទេស។ លោកព្រមានថាកុំធ្វើអោយសោះ បើមិនដូច្នេះទេ នោះលោកនឹងមិនអត់ឱននោះឡើយ។
អ្នកនាំពាក្យ លោក ម៉ាឌូរ៉ូ គឺលោក Rodriguez បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយោធាចូលនិវត្តន៍បានលួច ឧទ្ធម្ភាកចក្រមួយគ្រឿងរបស់ក្រសួងការពារជាតិ ដើម្បីរំដោះអ្នកទោស ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Raul Baduel។ ជាងនេះទៅទៀតក្រុមនេះ នឹងស្នើឱ្យ លោក Raul និងលោក ហ័ន កៃដូ ដឹកនាំធ្វើរដ្ឋប្រហារ តែម្តង។
យ៉ាងណាក៏ដោយ លោក ហ័ន កៃដូ បានច្រានចោលការចោទរបស់លោក ម៉ាឌូរ៉ូ ដែលចោទថាលោកមានផែនការធ្វើរដ្ឋប្រហារយោធា។ លោកថា មានតែពលរដ្ឋទេ ដែលមានអំណាច អាចទំលាក់លោក ម៉ាឌូរូ ពីអំណាចបាន។
លោក ម៉ាឌ៉ូ ដែលឡើងកាន់អំណាចជាថ្មីទៀតតាមរយៈការបោះឆ្នោត ប្រធានាធិបតី កាលពីខែឧសភា ឆ្នាំ២០១៨ រងការប៉ុនប៉ងធ្វើឃាតនិងរដ្ឋប្រហារជាច្រើនលើកមកហើយ ហើយលោកបានចោទសហរដ្ឋអាមេរិកថាជាអ្នកនៅពីក្រោយគំរោងទាំងនេះ។ ប៉ុន្តែសហរដ្ឋអាមេរិកបានប្រកាសថាខ្លួនគឺជាអ្នកនំាមុខគេ ក្នុងការគាំទ្រក្រុមបក្សប្រឆាំង ជាពិសេស លោក ហ័នកៃដូ ដើម្បីទម្លាក់លោកម៉ាឌូរ៉ូ ពីអំណាច ទោះតាមរយៈមធ្យោបាយណាក៏ដោយ ព្រោះលោក ម៉ាឌូរ៉ូ ជាជនឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ហើយឡើងកាន់អំណាច ដោយខុសច្បាប់តាមរយៈការកំចាត់គូប្រកួតមិនអោយចូលរួមការបោះឆ្នោត៕