27 C
Phnom Penh

លោក ហ៊ុន សែន ច្រានចោលព័ត៌មានចុះកិច្ចព្រមព្រៀងសម្ងាត់អំពីមូលដ្ឋានទ័ពចិនលើទឹកដីកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន នៅថ្ងៃនេះ បានចេញមុខប្រកាសច្រានចោលព័ត៌មានស្តីពីកិច្ចព្រមព្រៀងសម្ងាត់រវាងរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការផ្តល់ទីតាំងឱ្យចិនកសាងមូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជា។ លោកហ៊ុន សែន បានចាត់ទុកព័ត៌មាននេះថា ជាការរឿងប្រឌិតដ៏អាក្រក់បំផុត ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួន។

ប្រតិកម្មរបស់លោក ហ៊ុន សែន ធ្វើឡើងក្រោយពេល សារព័ត៌មាន The Wall Street Journal រាយការណ៍ថាប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយដើម្បីអនុញាត ឲ្យកងទ័ពរបស់ខ្លួនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងដំណើរការបង្កើនសមត្ថភាពយោធាខ្លួនក្នុងការពិនិត្យមើលពីឥទ្ធិពលយោធានៅជុំវិញពិភពលោក។

សារព័ត៌មាន The Wall Street Journal ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ បានរាយការណ៍ បន្ថែមថាកិច្ចព្រមព្រៀងសម្ងាត់នោះ បានចុះហត្ថលេខាកាលពីនិទាឃរដូវកន្លងទៅ តែភាគីទាំងពីរមិនទាន់បានបញ្ចេញឲ្យដឹងជាសាធារណៈនៅឡើយទេ។

កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនមួយផ្នែកនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះដ៏ធំមួយ ដែលកសាងដោយរដ្ឋាភិបាលចិន។ សាព័ត៌មានដដែលឲ្យដឹងទៀតថា កិច្ចព្រមព្រៀងនោះនឹងអនុញាតឲ្យចិនប្រើជាមូលដ្ឋានយោធារបស់ខ្មែររយ:ពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ និងធ្វើជាកន្លែងចតនាវាជាដើម។

ថ្លែងប្រាប់សារព័ត៌មានដែលសិ្នតរដ្ឋាភិបាល Fresh News នៅព្រឹកនេះ លោកហ៊ុន សែន បានចាត់ទុកព័ត៌មាននេះថាជារឿងប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជាប៉ុណ្ណោះ។ លោកអះអាងថា គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធា បរទេសនៅលើទឹកដីខ្មែរ គឺជារឿងប្រឆាំងនិងរដ្ឋធម្មនុញ្ញកម្ពុជាទាំងស្រុង។

មិនតែប៉ុណ្ណោះលោកថា តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី ?ហើយក៏មិនដែលពិភាក្សាជាមួយមេដឹកនាំចិននោះឡើយ មិនថាឡើយឈានដល់ទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់នេះ។ លោកថែមទាំងស្នើឱ្យសារព័ត៌មានបរទេសបញ្ឈប់ការប្រើសារព័ត៌មានក្លែងបន្លំអំពីរឿងនេះ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកទៀត។

យ៉ាងនេះក្តី សារព័ត៌មានអាមេរិកាំង The Wall Street Journal ដដែលបានលើកឡើងថា ប្រសិនបើចិនមានមូលដ្ឋានទ័ពជើងទឹកនៅក្នុងឈូងសមុទ្រប្រទេសកម្ពុជា នោះចិននឹងមានឥទ្ធិពលខ្លាំងឡើង ចំពោះបញ្ហាសេដ្ឋកិច្ច និងមានប្រៀបលើដែនសមុទ្រចិនខាងត្បូង ដែលកំពុងមានវិវាទជាមួយប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។

កន្លងមកសហរដ្ឋអាមេរិក បានចោទជាសំណួរជាច្រើនទៅកាន់រដ្ឋាភិបាលលោកហ៊ុន សែន អំពីរឿងនេះ និងបង្ហាញពីក្តីបារម្ភថា បញ្ហាវត្តមានយោធាចិននឹងធ្វើឱ្យមានការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់នៅថ្ងៃអនាគតជាមិនខាន។

អ្នកវិភាគនយោបាយឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ប្រសិនបើពិតដូចការចុះផ្សាយរបស់សាព័ត៌មាន The Wallstreet Journal មែន នោះវាជាការរំលោភដល់កិច្ចព្រមព្រាងសន្តិភាពទីក្រុងប៉ារីសដែលធានាអំពីដែនអធិបតេយ្យភាព និងបូរណភាពទឹកដី។

កាលពីចុងឆ្នាំ២០១៨ សារព័ត៌មាន The Time Asia ធ្លាប់បានរាយការណ៍ម្តងរួចមកហើយថា កម្ពុជានឹងក្លាយជាតំបន់ស្នូលនៃសង្គ្រាមត្រជាក់ជាថ្មីទៀត។

សារព័ត៌មាននេះ បានលើកឡើងពីលទ្ធភាពច្រើនក្នុងការដាក់មូលដ្ឋានទ័ពជើងទឹកនៅខេត្តកោះកុង ក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចិនមួយឈ្មោះ UDG លើដីទំហំជាង៤ម៉ឺន៥ពាន់ហិកតា ដោយមានការកសាងកំពង់ផែកទឹកជ្រៅ និងព្រលានយន្តហោះយ៉ាងធំនៅទីនោះ។

ក្រោយព័ត៌មាននេះមក ថ្នាក់ដឹកនាំរដ្ឋាភិបាលលោកហ៊ុន ដោយរាប់តាំងពីថ្នាក់រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីការពារជាតិ លោកនាយកដ្ឋមន្ត្រី ព្រះមហាក្សត្រ និងសម្តេចសង្ឃរាជផង ត្រូវបានថ្នាក់ដឹកនាំវៀតណាមអញ្ជើញឱ្យទៅបំពេញទស្សនៈកិច្ចនៅប្រទេសកុម្មុយនីស្ត និងជាសត្រូវចិនមួយនេះ ជាបន្តបន្ទាប់។

ដំណើរទស្សនៈកិច្ចទាំងនោះ ភាគច្រើន ថ្នាក់ដឹកនាំវៀតណាមបានសាកសួរអំពីបញ្ហាមូលដ្ឋានយោធាចិននៅលើទឹកដីខ្មែរ ហើយមេដឹកនាំខ្មែរ ពិសេសលោកនាយករដ្ឋមន្ត្រីក៏បានបដិសេធអំពីបញ្ហានេះដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស