38 C
Phnom Penh

រដ្ឋាភិបាលបន្តបង្ក្រាបបទល្មើសឈើ ដោយដកហូតឈើជាង១៥ម៉ឺនម៉ែត្រគូបក្នុងរយៈពេល១ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលតាមរយៈគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងអាជ្ញាធផង កាលពីថ្ងៃម្សិលមិញ បានបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទសបានចំនួន៧ករណី ដកហូតឈើបានជាង១៥ម៉ឺនម៉ែត្រគូប និងដុតរថយន្តជនល្មើសចំនួន៥គ្រឿង។

ថ្លែងប្រាប់សារព័ត៌មានស្និតរដ្ឋាភិបាល Fresh News អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី មានប្រសាសន៍ថាបទល្មើសព្រៃឈើដែលបង្ក្រាបកាលពីថ្ងៃម្សិលមិញតែមួយថ្ងៃនោះ ត្រូវបានសមត្ថកិច្ច បង្ក្រាបនៅខេត្តមួយចំនួន ដូចជាខេត្តព្រះវិហារ ចំនួន ៣ករណី ខេត្តរតនៈគិរី ២ករណី ខេត្តមណ្ឌលគិរី ១ករណី និងខេត្តក្រចេះ១ករណី។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថាសមត្ថកិច្ច ចាប់ឈើខុសច្បាប់ចំនួនជាង១៥ម៉ឺនម៉ែត្រគូប និងបំផ្លាញចោលមធ្យោបាយជនល្មើសដោយមានរថយន្តនិងម៉ូតូ កែច្នៃចំនួន៦គ្រឿងផងដែរ។

ចំពោះវិធានការបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ពីសំណាក់គណៈកម្មការជាតិមួយនេះ ទទួលបានសា្វគមន៍ពីក្រុមអង្គការសង្គមស៊ីវិល ប៉ុន្តែគេនៅរង់ចាំមើលបន្តទៀតតើដំណើរការអនុវត្តច្បាប់នេះនឹងមានប្រសិទ្ធភាពកម្រិតណា និងបានយូរអង្វែងដែរឬទេ? ពិសេសពួកគេនៅរង់ចាំមើលបន្តទៀតថា មានមន្ត្រីឧកញ៉ាធំៗ អាជ្ញាធរ កងកម្លាំងប្រដាក់អាវុធ ក្នុងជួររដ្ឋាភិបាលណាខ្លះនឹងត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

កាលពីពេលថ្មីៗនេះ ប្រធានគណៈកម្មជាតិមួយនេះ គឺ លោក សៅ សុខា ដែលជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងនោះ បានប្រកាសដាក់ជីវិត ក្នុងបេសកកម្មទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការដោយគ្មានការយោគយល់ឡើយ។ លោកសៅ សុខា ក៏បានសម្តែងការអៀនខ្មាសផងដែរ នៅពេលព្រៃឈើប្រទេសកម្ពុជា ចេះតែបាត់បង់ជាបន្តបន្ទាប់ ហើយចំណូលចូលជាតិក៏គ្មាន រីឯប្រទេសជិតខាង ដោយលោកទំនងសំដៅដល់ប្រទេសវៀតណាមនោះ ព្រៃឈើ របស់គេ គឺ គេនៅតែអាចរក្សាទុកបានដដែល មិនបាត់បង់សោះ ហើយប្រទេសគេថែមទាំងអាចរកចំណូលរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីការនាំឈើចេញទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស