28.4 C
Phnom Penh

សកម្មជនបរិស្ថានជំរុញឱ្យរដ្ឋាភិបាលដាក់បញ្ចូលតំបន់កោះកុងក្រៅក្នុងខេត្តកោះកុង ជាតំបន់ឧទ្យានជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនបរិស្ថានបានស្នើឱ្យពលដ្ឋនាំគ្នាចូលរួមធ្វើយុទ្ធនាការថ្មីមួយ ដោយជំរុញឲ្យរដ្ឋាភិបាល យកតំបន់កោះកុងក្រៅដែលពួកគេអះអាងថាជាកោះធំបំផុតរបស់កម្ពុជា ដាក់បញ្ចូលធ្វើជាតំបន់ឧទ្យានជាតិ។

ការស្នើនេះ ដោយពួកគេអះអាងថា គឺដើម្បីការពារតំបន់ឆ្នេរ សត្វព្រៃ និងព្រៃឈើមួយនេះឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ ខណៈពួកគេព្រួយបារម្ភថា កោះធម្មជាតិដែលមានទំហំ ១០៣ គីឡូម៉ែត្រក្រឡា និងពុំសូវមានអ្នកស្គាល់នេះ នឹងអាចរងការបំផ្លាញ ព្រមទាំងអាចមានវាសនាដូចខេត្តព្រះសីហនុ។

សកម្មជនបរិស្ថានរបស់អង្គការមាតាធម្មជាតិលោក ថុន រដ្ឋា ថ្លែងក្នុងវីដេអូខ្លីបមួយកាលពីសប្តាហ៍មុនថា កោះកុងក្រៅ គឺជាកោះដ៏ស្រស់ស្អាតបែបធម្មជាតិ មានឆ្នេរខ្សាច់សក្បុស មានទឹកសមុទ្រខៀវថ្លាដូចកញ្ចក់ មានជីវចម្រុះនិងសត្វព្រៃជាច្រើនប្រភេទ និងមានព្រៃឈើក្រាស់ៗ ដែលធ្វើឲ្យតំបន់នេះកំពុងស្ថិតក្នុងក្ដីស្រមៃរបស់                                 អ្នកទេសចរចង់មកទស្សនា។

លោកថា ដោយសារបារម្ភពីផលប៉ះពាល់ឬការបំផ្លាញណាមួយទៅលើតំបន់ធម្មជាតិមួយនេះ ទើបពួកលោកបង្កើតយុទ្ធនាការមួយមានឈ្មោះថា សង្គ្រោះកោះកុងក្រៅ ដើម្បីឱ្យបងប្អូនចូលរួមសង្គ្រោះតំបន់ធម្មជាតិនេះទាំងអស់គ្នា និងជំរុញឱ្យមានការដាក់កោះនេះជាតំបន់ការពារឬជាឧទ្យានជាតិ។

ជាងនេះទៅទៀត លោកបានប្រកាសប្រឆាំងដាច់ខាចចំពោះការអភិវឌ្ឍន៍ដែលនាំឲ្យមានផលប៉ះពាល់ដល់កោះកុងក្រៅនេះ និងស្នើឲ្យមានយន្តការការពារច្បាស់លាស់ដើម្បីការពារព្រៃឈើឲ្យបានគង់វង្ស ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។

តំបន់កោះកុងក្រៅ ជាដែនដីកោះធំមួយ ដែលស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ខេត្តនេះ ក្រៅពីកោះកុងក្រៅ ក៏មានកោះជាច្រើនទៀត ដូចជាកោះស្រឡៅ កោះប្អូន កោះបង កោះឬស្សី ជាដើម។

ក្រៅពីស្នើឱ្យរដ្ឋាភិបាលដាក់បញ្ចូលតំបន់នេះជាតំបន់អភិរក្ស លោកក៏ស្នើឱ្យពលរដ្ឋនាំគ្នាទៅលេងកម្សាន្តតំបន់កោះកុងក្រៅឱ្យបានច្រើន  ដោយលោកថាប្រសិនបើមិនមានអ្នកមកលេងឬមានអ្នកស្គាល់តិចតួច វាសនានៃកោះនេះ នឹងអាចជួបហានិភ័យដូចជា ការកាប់បំផ្លាញព្រៃឈើ ការប្រមាញ់សត្វព្រៃអនាធិបតេយ្យ ការលក់កោះនេះទៅឱ្យកម្មសិទ្ធិឯកជនក្រោមលេសដីសម្បទានសេដ្ឋកិច្ចឬអភិវឌ្ឍជាដើម។

បើតាមរដ្ឋាភិបាលឱ្យដឹងថាបច្ចុប្បន្ន កម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិឧទ្យានជាតិលើផ្ទៃដីទំហំជាង ៧ លានហិកតារ ស្មើនឹង ៤១% នៃផ្ទៃដីសរុប ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស