31 C
Phnom Penh

ប្រធានាធិបតីហ្វីលីពីនលោក Duterte គំរាមប្រជាជនខ្លួនឯងថាកុំធ្វើសង្រ្គាមជាមួយចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក Duterte បុរសខ្លាំងគ្មានគូប្រៀបនៅ ហ្វីលីពីន បានផ្ញើសារគំរាមពលរដ្ឋហ្វីលីពីន ជាជនរួមជាតិរបស់ខ្លួន ថាកុំចង់ធ្វើសង្រ្គាមជាមួយចិនអោយសោះ គឺតែ៧នាទីប៉ុណ្ណោះ កាំជ្រូចចិននឹងហោះមកដល់ដីហ្វីលីពីនហើយ។

សារព័ត៌មានហុងកុង South China morning post បាន ស្រង់សម្ដីលោកឌូទ័រ ចុះផ្សាយកាលពីថ្ងៃចន្ទទី២២កក្កដានេះថា សមុទ្រចិនខាងត្បូងគឺចិនកាន់កាប់ហើយ។ លោកឱ្យដឹងទៀតថា នៅលើកោះសិប្បនិម្មិតរបស់ចិនមានតាំងគ្រាប់មីស៊ីល រាប់រយគ្រាប់ដែលអាចបាញ់ឆ្ពោះមកកាន់ហ្វីលីពីនគឺត្រឹម៧នាទីប៉ុណ្ណោះគឺហោះមកដល់ហ្វីលីពីន                  តែម្ដង។លោកហាក់បារម្ភពីសុវត្ថិភាពប្រជាពលរដ្ឋហ្វីលីពីនខ្លាំងណាស់ ប៉ុន្តែមើលទៅដូចជាខ្លាចខ្លាំងណាស់ដែរ។ លោក Duterte ព្រមានទៀតថា បើចង់ឱ្យម៉ារីនរបស់ហ្វីលីពីនដេញពួកនេសាទចិន គឺគ្មាននរណាម្នាក់អាចត្រឡប់ មកផ្ទះ វិញបានឡើយ។ តំបន់ដែលលោក Duterte ប្រកាសថាបើកឱ្យមានចិននេសាទគឺជាដែនទឹករបស់ហ្វីលីពីន រាប់រយឆ្នាំមកហើយ។ កាលពីមួយខែមុន ទូកនេសាទចិនបានបើកបុកទូកនេសាទហ្វីលីពីនដោយបណ្ដាលឱ្យលិចហើយមនុស្ស២០បានលង់ទឹកស្លាប់។

លោក Duterte បានសំដែងការសោកស្ដាយ និងថ្កោលទោសចំពោះឧទ្ទវហេតុនេះ។ តែមិនឃើញមានវិធានការប្រឆាំងចិនជាផ្លូវការទេ។ មិនយូរប៉ុន្មាន ផង លោកឌូទ័រ បែរជាប្រកាសអនុញ្ញាតិឱ្យទូកនេសាទចិន អាចចូលដែនទឹកហ្វីលីពីនគឺបន្ទាប់ពីលោកបបួលអាមេរិកអោយនាំនាវាទី៧ ទៅកាន់សមុទ្រចិនខាងត្បូងហើយវាយទ័ពចិន ដែលលោកថា រូបលោកក៏នឹងជិះលើនាវាអាមេរិក ទៅគាំទ្រហើយនឹងនាំទ័ពហ្វីលីពីនទៅវាយប្រទេសចិនជាមួយអាមេរិកផងដែរ។

ប៉ុន្មានថ្ងៃប៉ុណ្ណោះ លោកឌូទ័រតេបានថ្លែងទៅកាន់អ្នកស្ដាប់ជាង២ពាន់នាក់មានទាំងសមាជិកសភា មន្រ្តីទូត និងក្រុមមន្រ្ដីរដ្ឋាភិបាលថា លោកជាអ្នកការពារទឹកដីពិតប្រាកដ ពីព្រោះលោកការពារបូរណភាពទឹកដីរបស់ហ្វីលីពីន មិនអោយរបូតទៅចិនឡើយ។ លោកបន្តថា ទោះបីជាទូកនេសាទរបស់ចិនកំពុងមានវត្តមាននៅទីនោះក្ដី ប៉ុន្តែទីនោះ នៅតែជាដែនរបស់ហ្វីលីពីនដដែល។

នៅពេលលោកឌូទ័រ ថ្លែងចប់ គឺលោក Antonio Carpio អនុប្រធាន តុលាការកំពូល បានឡើងជំទាស់ការអះអាងរបស់លោកប្រធានាធិបតី Duterte ។ លោកព្រមានថានឹងសើរើរឿងនេះឡើងវិញ។

 លោក Antonio Carpio មានប្រសាសន៍ថា“កងនាវាចរបរទេសអាមេរិក អង់គ្លេស បារាំង អូស្ត្រាលី ជប៉ុន កាណាដា និងឥណ្ឌា បន្តធ្វើសមយុទ្ធកងនាវាចរនៅសមុទ្រចិនខាងត្បូងរួមទាំងសមុទ្រហ្វីលីពីន  ភាគខាងលិចដោយបង្ហាញថាប្រទេសចិនមិនមែនជាកម្មសិទ្ធិរបស់ខ្លួនផ្ដាច់មុខឡើយ។ មហាអំណាចទាំងនេះ ការពិតកំពុងជួយហ្វីលីពីន។

ដោយឡែកនៅពីមុខរដ្ឋសភាជាទីកន្លែងលោក Duterte ថ្លែងសុន្ទរកថា នោះ យ៉ាងហោចណាស់មានមនុស្សប្រមាណ៥ពាននាក់បាន អំពាវនាវឱ្យលោកចុះចេញពីតំណែង។ បាតុករបាននាំគ្នាដុតទង់ជាតិចិនថែមទាំងមានរូបលោក Duterte និងលោកស៊ី ជីងពីងប្រធានាធិបតីចិនទៀតផង។

មេដឹកនាំបាតុករម្នាក់បាននិយាយថា លោកប្រធានាធិបតី Duterte កំពុងរិះរកគ្រប់មធ្យោបាយសម្លាប់រដ្ឋធមនុញ្ញ។ លោកថាច្បាប់កំពូលនេះ ចែងថា ទីនោះគឺសម្រាប់តែអ្នកនេសាទហ្វីលីពីនប៉ុណ្ណោះ។

សូមជម្រាបថា រឿងក្ដីសមុទ្រចិនខាងត្បូងនេះ គឺនៅឆ្នាំ២០១៦ តុលាការមជ្ឈិត្តការអន្តរជាតិ បានសម្រេចអោយហ្វីលីពីន មានសិទ្ធចូលគ្រប់គ្រងតំបន់ប្រជុំកោះស្កាបូរ៉ូនៃប្រជុំកោះស្ព្រាតលីនៃសមុទ្រចិនខាងត្បូង។ ដើមបណ្ដឹងពេលនោះ គឺរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីបេនីណូអាគ្គីណូ។  តែដល់ លោកឌូទ័រ ឈ្នះឆ្នោតប្រធានាធិបតី គឺលោក បានទុកសាលក្រមនេះចោល ហើងបង្កើនភាពរាកទាក់ជាមួយចិនឡើងវិញ។

បច្ចុប្ប ចិនបានស្ថាបនាកោះសិប្បនិម្មិតចំនួនដប់កោះ ដែលកោះទាំងនោះ គឺជាមូលដ្ឋានទ័ពអាកាសនិងជើងទឹករបស់ចិន។ ប្រទេសកំពុងមានជម្លោះជាមួយចិន គឺហ្វីលីពីន វៀតណាម ព្រុយណេ និងម៉ាឡេស៊ី។ ចំណែក ឯកោះតៃវ៉ាន់ក៏អះអាងថាខ្លួនមានដែនទឹកនៅទីនោះដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស