27 C
Phnom Penh

ក្រសួងការពារចិនបដិសេធព័ត៌មានអំពីការបោះទីតាំងមូលដ្ឋានទ័ព ជើងទឹកនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃនេះ បានបដិសេធសាព័ត៌មានរបស់អាមេរិក The Wall Street Journal ដែលចុះផ្សាយថា ចិនបានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា ក្នុងការបោះទីតាំងមូលដ្ឋានយោធាចិននៅកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងប៉េកាំងកាលពីព្រឹកម៉ិញនេះថា  ការចោទប្រកាន់របស់សាព័ត៌មានអាមេរិកគ្រាន់តែជាពាក្យ ចចាមអារ៉ាម និងជារបាយការណ៍ មិនពិតប៉ុណ្ណោះ។ លោកបន្តថាចិន និងកម្ពុជា មានតែ កិច្ចសហប្រតិបត្តិការក្នុងការហ្វឹកហ្វឺនជំនាញជាមួយគ្នា និងការផ្តល់ជំនួយ ដល់គ្នាទៅវិញទៅមកប៉ុណ្ណោះ។

ការអះអាងរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិចិនរូបនេះ ធ្វើឡើងក្រោយពីសាព័ត៌មានអាមេរិក The Wall Street Journal កាលពីថ្ងៃទី២២ ខែកក្កដា បានចុះផ្សាយថាប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។

កិច្ចព្រមព្រៀងនោះ គឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានកងទ័ពជើងទឹកចិន ជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ក្បែព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធានេះ រយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ និងជាកន្លែងចតនាវាជាដើម។

ទោះជាយ៉ាងណាក៏ដោយទាំងលោក ធន់ សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក និងលោក បណ្ឌិត ឡៅ ម៉ុង អ្នកវិភាគឯករាជ្យ កាលពីម្សិលម៉ិញបានប្រាប់សាព័ត៌មានThe Cambodia Daily ក្នុងកម្មវិធី Idea Talk ថា ដើម្បីឲ្យអស់មន្ទិលសង្ស័យរដ្ឋាភិបាលគួរអនុញ្ញាតឲ្យមានក្រុមអ្នកជំនាញ និងអ្នកសាព័ត៌មានជាតិ និងអន្តរជាតិចុះត្រួតពិនិត្យដំបន់នោះដោយតម្លាភាព។

លោកទាំងពីរបន្តថាប្រសិនបើកម្ពុជាអនុញ្ញាតឲ្យមានការបោះទីតាំងមូលដ្ឋានយោធាចិនក្នុងទឹកដីខ្មែរមែន នោះវានឹងប៉ះទង្គិចធ្ងន់ធ្ងរដល់សា្មរតីនៃកិច្ចព្រមព្រាងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់ប្រទេស៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស