32 C
Phnom Penh

កម្ពុជាដាក់ឈ្មោះសមាជិកសភាអឺរ៉ុប៦នាក់ក្នុងបញ្ជីខ្មៅមិនឲ្យចូលមកកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលនិយាយថាការរឹតត្បិតសេរីភាពក្នុងការធ្វើដំណើររបស់សមាជិកសភាអឺរ៉ុបចំនួន ៦នាក់ ដែលប្រកាសគាំទ្រលោក សមរង្ស៊ី ក្នុងការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនោះនឹងបំផ្លាញទល់វិស័យការទូតរបស់កម្ពុជាធ្ងន់ធ្ងរលើឆាកអន្តរជាតិ។

ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានប្រាប់សាព័ត៌មាន The Cambodia Daily ថា រយ:កាលជាច្រើនឆ្នាំកន្លងមក នេះ អាជ្ញាធរកម្ពុជា កាន់តែល្បីល្បាញក្នុងការរិតត្បិតសិទ្ធិសេរីភាពពលរដ្ឋដែលមាននិន្នការគាំទ្របក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស អ្នកតស៊ូមតិ ជាពិសេសក្រុមមេដឹកនាំអតីតបក្សសង្គ្រោះជាតិ។

លោកបន្តថា ប្រសិនបើអាជ្ញាធរកម្ពុជាពិតជាមានចេតនារារាំងអ្នកនយោបាយ ឬអ្នកការទូតបរទេស ដែលមានបំណងមកកម្ពុជាមែននោះ វានឹងធ្វើឲ្យទំនាក់ទំនងការទូតរវាងកម្ពុជា និងបស្ចឹមលោករឹតតែអាក្រក់មួយកម្រិតថែមទៀត។

ការអះអាងរបស់លោក ព្រាប កុល ធ្វើឡើងក្រោយពីក្រសួងការបរទេសកម្ពុជាប្រកាសដាក់សមាជិកសភាអឺរ៉ុបចំនួន ៦នាក់ ក្នុងបញ្ជីខ្មៅមិនឲ្យជាន់ទឹកដីកម្ពុជា។

សមាជិកសភាអឺរ៉ុបទាំង ៦នាក់នោះ រួមមានលោក Phill Bennion ជនជាតិ អង់គ្លេស អ្នកស្រី Ana Gomes ជនជាតិ ព័រទុយហ្គាល់ លោក Ithan Kyuchyuk ជនជាតិ ប៊ុលហ្គារី លោក Johannes Cornelis van Baalen ជនជាតិ ហូឡង់ អ្នកស្រី Abir Al Sahlani ជនជាតិ ស៊ុយអែត និងលោក Javier Nart ជាជនជាតិ អេស្ប៉ាញ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ បានប្រាប់ឯកអគ្គរាជទូត និងកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំនៅបរទេសឲ្យមានការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាពពេលផ្តល់ទិដ្ឋាការចូលកម្ពុជា ហើយស្នើស្ថានតំណាងកម្ពុជា ប្រចាំបរទេសទាំងទាំងឡាយត្រូវពិនិត្យមើលឲ្យបានហ្មត់ចត់ និងច្បាស់លាស់ពីគោលបំណងរបស់ជនបរទេស ដែលស្នើសុំទិដ្ឋាការចូលកម្ពុជា ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងការពារអធិបតេយ្យភាពជាតិ។

បដិសេធការផ្តល់ទិដ្ឋាការដល់ជនបរទេសណា ដែលមានបំណងគាំទ្រ ឬការពារជនទាំងឡាយណា ដែលត្រូវបានផ្តន្ទាទោស ឬកំពុងជាប់ទោសដោយសាលដីកាតុលាការកម្ពុជា។

អ្នកវិភាគជាច្រើននិយាយថា វិធានការរបស់រដ្ឋាភិបាលកម្ពុជាបែបនេះ ជាការភ័យខ្លាចដល់ការប្រកាសចូលស្រុករបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស