26 C
Phnom Penh

អ៊ីរ៉ង់ព្រមាននាយករដ្ឋមន្ត្រីថ្មីអង់គ្លេស ប្រយ័ត្នធ្លាក់ក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេលទទួលបានព៏ត៌មានថា លោកបូរីស ចនសុន អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស ត្រូវបានបក្សអភិរក្សនិយមជ្រើសរើស ជានាយករដ្ឋមន្ត្រីជំនួស លោកស្រី ថេរ៉េសា ម៉េយ៍ ដែលសុំលាលែងពីតំណែងនោះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក មហាម៉ាត់ សាវ៉ាដ ហ្សារីហ្វ បានបង្ហោះសារលើ Twitter ដោយអបអរសាទរលោកបូរីស តែលោកក៏ឆ្លៀតព្រមាន បូរីស ចនសុន ថាប្រយ័ត្នធ្លាក់ក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់។ លោកបញ្ជាក់ថាអ៊ីរ៉ង់មិនចង់បង្កើតការប្រឈមមុខអ្វីទេ ប៉ុន្តែអ៊ីរ៉ង់នឹងការពារដែនទឹករបស់ខ្លួនជានិច្ចគឺប្រឆាំងនឹងការឈ្លានពាន។

អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស បូរីស ចនសុន កាលពីថ្ងៃទី២៣ ខែកក្កដា បានទទួលជោគជ័យក្នុងការប្រជែងតំណែងនាយករដ្ឋមន្ត្រី អង់គ្លេស ក្រោយពីផ្ដួលគូប្រជែង របស់លោក គឺលោកជេរេមី ហាន់ ដែលជារដ្ឋមន្ត្រីក្រសួងការបរទេស។ លោក ចនសុន ចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនៅថ្ងៃទី២៤ ខែកក្កដា នេះ បន្ទាប់ពីលោកបានចូលគាល់មហាក្សត្រីយ៍ Elizabeth ទីពីរ និងបន្ទាប់ពីលោកស្រី ថេរ៉េសា ម៉េយ៍ ប្រគល់លិខិតលាលែងពីតំណែងថ្វាយមហាក្សត្រីយ៍អង្គនេះ។

ការងារសំខាន់ៗរបស់លោក ចនសុន គឺការចាកចេញពីសហភាពអឺរ៉ុប  បញ្ហាភាពតានតឹងជាមួយរុស្ស៊ី ជាពិសេសការដោះស្រាយជាបន្ទាន់ ករណី ជម្លោះជាមួយ ប្រទេសអ៊ីរ៉ង់ ដែលក្រុង តេអេរ៉ង់ បានសងសឹកដោយជោគជ័យក្នុងការរឹបអូសកប៉ាល់ដឹកប្រេងរបស់អង់គ្លេសមួយគ្រឿងបានវិញកាលថ្ងៃទី២០ កក្កដា បន្ទាប់ពីកងម៉ារីន របស់អង់គ្លេសបានចាប់កប៉ាល់ដឹកប្រេងអ៊ីរ៉ងកន្លងមក។

តើនាយករដ្ឋមន្ត្រីថ្មីអង់គ្លេសរូបនេះ ត្រូវ ប្រកាន់ជំហរដូចម្ដេច ចំពោះការព្រមានរបស់ រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង?

ការពិត លោក សាវាដ ហ្សារិហ្វ រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង ធ្លាប់បានជួបដោយផ្ទាល់ជាមួយនឹង លោកបូរីស ចនសុនអំឡុង នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ កាន់តំណែងរដ្ឋមន្ត្រីការបរទេស គឺកាលពីឆ្នាំ២០១៧។ នៅក្នុងបទសម្ភាសជាមួយ បណ្ដាញផ្សាយព័ត៌មាន i២៤ News កាលពីថ្ងៃអង្គារ ក្រោយពីលោកជាប់ឆ្នោតដោយការជ្រើសរើសពីគណបក្សគឺលោកបូរីស ចនសុនបានប្រកាសថានឹងធ្វើតាមលោកប្រធានាធិបតីត្រាំដែលបានដើរចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់នៅ ឆ្នាំ២០១៥។ លោកថាអ៊ីរ៉ង់ ពិតជាបានរំលោភលើបម្រាមអន្តរជាតិដែលហាមផលិតសាធាតុអ៊ុយរ៉ាញូមដែលជា ធាតុផ្សំផលិតក្បាលគ្រាប់នុយក្លេអ៊ែរ។

ករណីនេះ  លោកសន្យាថានឹងប្រកាន់ជំហររឹងមាំ ជាមួយអ៊ីរ៉ង់ ដោយចូលរួមជាមួយអាមេរិកដាក់ទណ្ឌកម្មលើក្រុងតេអេរ៉ង់។ លោកថា កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់នៅពេលនេះ គឺស្លាប់ហើយ។ តែយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីថ្មីអង់គ្លេសរូបនេះ និយាយថាលោក មិនចង់ធ្វើសង្រ្គាមជាមួយអ៊ីរ៉ងនោះទេ។

ចំពោះតំណែងថ្មីរបស់លោកបូរីស ចនសុន គេសង្កេតឃើញ លោក ប្រធានាធិបតីដូណាល់ត្រាំ អបអរសាទរមុនគេ។ លោក ត្រាំ បានសរសេរលើ Twitter ថា៖ «សូមសាទរលោក បូរីស ចនសុន ដែលក្លាយជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស។ លោកនឹងក្លាយជាមេដឹកនាំដ៏អាស្ចារ្យ។»

ដោយឡែក ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង វិញ ក៏បានសាទរលោកបូរីសចនសុនដែរ ។ លោក ម៉ាក្រុង សន្យាថានឹងធ្វើការជាមួយលោក ចនសុន ឲ្យជិតស្និទ្ធអំពីករណីប្រទេស អ៊ីរ៉ង់។

ទំនងសារគំរាមរបស់បូរីស ចនសុនដូចនេះ បាននាំអោយ លោក សាវាដហ្សារិហ្វ រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ងបានព្រមានដូចនេះ។ លោក ហ្សារិហ្វ បន្តប្រាប់ លោក បូរីស ចនសុន អោយខិតខំជួសជុលឡើង វិញ នូវចំណងទាក់ទង នៃប្រទេសទាំងពី តែលោកថា កុំធ្វើអោយមានសង្រ្គាមជាមួយអ៊ីរ៉ង។

ចំណែក បញ្ហា សមាជិកភាពសហភាពអឺរ៉ុបវិញ លោកបូរីស ចនសុន ថ្លែងទៅកាន់សមាជិកសភា នៃគណបក្សអភិរក្សនិយមថា អង់គ្លេសនឹងសម្រេចឲ្យបាននូវការចាកចេញ គឺនៅត្រឹមថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៩ ដែលជាកាលបរិច្ឆេទចុងក្រោយ។ លោកថា នៅពេលនេះអង់គ្លេស មានកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបរួចហើយអំពីការចាកចេញនេះ ដែលលោកស្រី ម៉េយ៍ បានត្រួសត្រាយទុកអោយហើយនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស