33 C
Phnom Penh

រដ្ឋាភិបាលគ្រោងនាំអ្នកសារព័ត៌មានទៅពិនិត្យតំបន់ដែលមានការចោទប្រកាន់ថា ជាមូលដ្ឋានយោធារបស់ចិននៅខេត្តព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជា និងមន្រ្តីជាន់ខ្ពស់នៃទីស្តីការគណរដ្ឋមន្រ្តីអះអាងថាអ្នកកាសែតនឹងត្រូវអញ្ជើញទៅកាន់តំបន់រាម ក្នុងខេត្តព្រះសីហនុ ដើម្បីទៅមើលទីតាំងដែលរងការចោទប្រកាន់ថា ជាមូលដ្ឋានយោធាចិន។

ក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកម៉ិញនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បានបដិសេធជាថ្មីទៀតថាកម្ពុជា  គ្មានហេតុផលណាមួយក្នុងការចុះកិច្ចព្រៀងសម្ងាត់ជាមួយចិន ដើម្បីឱ្យចិនដាក់ទីតាំងមូលដ្ឋានទ័ពជើងទឹកនៅក្នុងដែនដីរបស់ខ្លួននោះឡើយ។

លោកបន្តថា ការផ្តល់ទីតាំងមូលដ្ឋានយោធាបរទេសនៅលើទឹកដីកម្ពុជា គឺជារឿងផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ និងប្រាសចាកពីគោលការណ៍រួមរបស់កម្ពុជាដែលបានព្រៀមព្រៀងជាមួយសមាគមន៍អាស៊ានដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសក្នុងដែនរដ្ឋណាមួយនោះឡើយ។

អ្នកនាំពាក្យស្ថាប័នទាំងពីរនេះ ក៏បានចោទព័ត៌មានបែបនេះ ថាជាព័ត៌មានបំភ្លៃ បំផ្លើស ញុះញង់ និងគ្មានវិជ្ជាជីវៈ ដែលមានចេតនាប្រឆាំងកម្ពុជា និងមានចេតនាដុតផ្ទះខ្លួនឯង ដែលរៀបចំឡើងដោយមនុស្សមួយក្រុម។

អ្នកនាំពាក្យទាំងពីរស្ថាប័ននេះ បានអះអាងថានឹងអញ្ជើញក្រុមអ្នកសារព័ត៌មានទៅពិនិត្យដល់ទីតាំងដែលគេចោទប្រកាន់នោះថែមទៀតផង។

ការឆ្លើយតបរបស់រដ្ឋាភិបាលពេលនេះ ក្រោយពេល ការសែតអាមេរិក The Wall Street Journal កាលពីថ្ងៃទី២១ ខែកក្កដា បានចុះផ្សាយថា កម្ពុជា-ចិន បានចុះហត្ថលេខាសម្ងាត់ជាមួយគ្នា អំឡុងត្រីមាសទី២ នៃឆ្នាំ២០១៩នេះ ដើម្បីផ្ដល់សិទ្ធិឱ្យប្រទេសចិនប្រើប្រាស់មូលដ្ឋានជើងទឹកមួយកន្លែងក្នុងឈូងសមុទ្រកម្ពុជា រយៈពេល ៣០ឆ្នាំ។ ប៉ុន្តែ ការចុះផ្សាយនេះ ត្រូវបានភាគីកម្ពុជា បានបដិសេធចោលជាបន្តបន្ទាប់។

ទោះបីជាយ៉ាងនេះក្តី លោក ផៃ ស៊ីផាន និងលោក ឈុំ សុជាតិ បានបញ្ជាក់សារជាថ្មីថា រដ្ឋាភិបាលគ្មានគម្រោងប្តឹងសារព័ត៌មានអាមេរិក The Wall Street Journal ដែលផ្សាយព័ត៌មានដំបូងគេពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់រវាងចិន-កម្ពុជា លើការសាងសង់មូលដ្ឋានយោធាចិន នៅរាម នោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស