35 C
Phnom Penh

សហរដ្ឋអាមេរិក ចាត់ទុកខួប១ឆ្នាំនៃការបោះឆ្នោតជាតិ ជាការកសាងកំហុសដ៏ធំមួយនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន អះអាងថា ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែលរៀបចំដោយបក្សកាន់អំណាចកាលឆ្នាំមុន មានកំហុសឆ្គងយ៉ាងខ្លាំងនៅកម្ពុជា។

ហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនៅថ្ងៃនេះបានចុះផ្សាយថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំមុន ជាការបោះឆ្នោត ដែលធ្វើឡើងដោយគ្មានភាពសេរី និងគ្មានយុត្តិធម៌ឡើយ។

លើសពីនេះ អាមេរិកក៏បានចាត់ទុកលទ្ធផលការបោះឆ្នោតពេលនោះ ថាមិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ ព្រោះតែការបោះឆ្នោតនោះ បានផាត់ចោលគណបក្សសង្រ្គោះជាតិដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា។

មិនតែប៉ុណ្ណោះ ការបោះឆ្នោតនោះ បានធ្វើឲ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញភាពផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ មក។

យ៉ាងនេះក្តី ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បច្ចុប្បន្ន និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនបានប្រកាសដោយមោទនភាពចំពោះការរៀបចំ និងលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី ២៩កក្កដា ឆ្នាំមុននោះ ថាជាជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ត្បិតមានពលរដ្ឋជាង៨០% បាននាំគ្នាចេញទៅបោះឆ្នោត និងបានបោះឆ្នោតជូនបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុប ដោយគ្មានការគំរាមកំហែង ឬការបង្ខិតបង្ខំ ហើយប្រព្រឹត្តិទៅដោយរលូនថែមទៀត។

រដ្ឋាភិបាលលោកហ៊ុន សែន ក៏បានអះអាងប្រាប់ទៅអន្តរជាតិ ជាច្រើនដងមកហើយថា រដ្ឋាភិបាលខ្លួនជារដ្ឋាភិបាលស្របច្បាប់ និងកើតចេញពីឆន្ទៈពលរដ្ឋ ប៉ុន្តែរដ្ឋាភិបាលអាណត្តិទី៦នេះ បានទទួលស្គាល់ភាគច្រើនពីប្រទេសកុម្មុយនីស្តប៉ុណ្ណោះ។ ដោយឡែកប្រទេសលោកសេរីជាច្រើនវិញ បានថ្កោលទោសចំពោះការបោះឆ្នោតដោយគ្មានបក្សប្រឆាំងដ៏ធំចូលរួមនេះ។

បញ្ហានេះហើយ ទើបធ្វើឱ្យសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកដែលជាប្រទេសនាំមុខគេ បានព្រមានដាក់ឱសានុវាទដល់រដ្ឋាភិបាលលោកហ៊ុន សែន ឱ្យស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ មុនពេលពួកគេសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួនមកលើកម្ពុជា តាមរយៈការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់អាមេរិក ជាផ្លូវការ។ 

ជាថ្មីម្តងទៀត សហរដ្ឋអាមេរិក បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងទម្លាក់បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត។ រដ្ឋាភិបាលលោកហ៊ុន សែន ត្រូវបញ្ចប់ការអនុវត្តនូវរាល់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋរបស់ខ្លួនឯង។

អាមេរិកថាប្រជាពលរដ្ឋទាំងអស់នៅកម្ពុជា គួរតែអាចប្រើសិទ្ធិរបស់គេក្នុងការសម្តែងមតិ ដោយសេរី និងអាចធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធី ហើយឲ្យពលរដ្ឋចូលរួមនៅក្នុងដំណើរការនៃកិច្ចការជាសាធារណៈផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស