28.4 C
Phnom Penh

លោកហ៊ុន សែន ទទួលស្គាល់ថាមន្ត្រីពុករលួយ កំពុងបំផ្លាញជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អះអាងថា អំពើពុករលួយរបស់មន្ត្រីជំនាញក្រោមឱវាទរបស់លោកបានបំផ្លាញជាតិ និងបំផ្លាញកិត្តិយស ព្រមទាំងការខិតខំប្រឹងប្រែងរបស់លោកថែមទៀតផង។

ថ្លែងក្នុងឱកាសពិនិត្យការដ្ឋានសាងសង់អគារពហុកីឡដ្ឋានជាតិ «មរតកតេជោ» កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តន៍អភិក្រមទី៥ ដែលជាអភិក្រម «វះកាត់» ចំពោះមន្ត្រីទាំងឡាយណាដែលប្រព្រឹត្តអំពើពុករលួយ ដោយលោកថាមិនអាចអត់អោនឱ្យបាន។

លោកបញ្ជាក់ថា នឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយឱ្យចុះទៅចាត់ការផ្ទាល់តែម្តងចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ ដោយមិនអនុញ្ញាតឱ្យអំពើពុករលួយបំផ្លាញជាតិតទៅទៀតបាននោះទេ។

ការថ្លែងនេះ ក្រោយពេលអង្គភាពប្រឆាំងអំពើពុករលួយរបស់លោកឱម យិនទៀង បានចាប់ខ្លួនប្រធាន អនុប្រធាន និងមន្ត្រីសុរិយោដីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មនិង សំណង់ នៅខេត្តពោធិ៍សាត់ចំនួន៣នាក់ពាក់ព័ន្ធអំពើពុករលួយក្នុងទំហំទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៧កក្កដា។

មន្ត្រីទាំង៣រូបនោះ រួមមាន៖ ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់លោក លៀម ប៊ុនរឿន ទី២ អនុប្រធានមន្ទីរទទួលការងារសំណង់ លោក ជាង វុទ្ធី និងទី៣. មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រកលោក  តែ ប៊ុនថេង ។

លោកហ៊ុន សែន អះអាងថា ពួកគេទាំងនេះ មិនត្រឹមតែដកហូតដំណែងប៉ុណ្ណោះទេ ប៉ុន្តែត្រូវស៊ើបអង្កេតលើទ្រព្យសម្បត្តិពួកគេ និងដកហូតទ្រព្យសម្បត្តិទាំងនោះថែមទៀតផង។

ក្រៅពីនេះមន្ត្រីទាំងនេះ លោកហ៊ុន សែន ក៏បានជំរុញឱ្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់លោក សៅ សុខា ឱ្យបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅតំបន់ភូមិភាគឦសាន្តដោយគ្មានការលើកលែង ដោយចាត់ទុកក្រុមឈ្មួញទាំងនោះថាជាក្រុមបំផ្លាញជាតិ និងបំផ្លាញសមិទ្ធផលរបស់លោក ខណៈលោកនាយករដ្ឋមន្ត្រីខំប្រឹងកសាងជាតិនោះ។

អង្គការសង្គមស៊ីវិលធ្លាប់លើកឡើងថា អំពើពុករលួយបានរួមចំណែកបំផ្លាញជាតិ បំផ្លាញក្តីសុខរបស់ពលរដ្ឋក្រីក្រយ៉ាងច្រើន។ បន្ថែមពីនេះ អំពើពុករលួយបានធ្វើឱ្យស្ថាប័នរដ្ឋនីមួយៗ គ្មានការរីកចម្រើន បំពេញការងារគ្មានប្រសិទ្ធភាព ដោយរីកចម្រើនតែមន្ត្រីធំៗ និងមន្ត្រីតាមកន្លែងខ្លាញ់ប៉ុណ្ណោះ។

លើសពីនេះអំពើពុករលួយបានក្លាយជាដើមចមបណ្តាលឱ្យប្រព័ន្ធយុត្តិធម៌អាប់អោន និងបាត់បង់ជំនឿចិត្តពីពលរដ្ឋ។ អំពើពុករលួយក៏បានរួមចំណែកបំផ្លាញប្រព័ន្ធសុខាភិបាលនៅកម្ពុជា ហើយអំពើពុករលួយក៏ជាមូលហេតុសំខាន់ដែលធ្វើឱ្យការងារបង្ក្រាបបទល្មើសគ្រឿងញៀន និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គ្មានប្រសិទ្ធភាពផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស