អគ្គនាយនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លោក គុណ ញឹម បានអះអាងថាជាថ្មីទៀត ដោយថា ម្ចាស់ក្រុមហ៊ុន ជុងយាន( CHUNGYUEN PLASTIC MANUFACTURE) ដែលនាំសំណល់ប្លាស្ទិកចូលមកខេត្តព្រះសីហនុជាកម្មសិទ្ធិរបស់ជនជាតិខ្មែរសុទ្ធសាធ និងមិនមានពាក់ព័ន្ធជនជាតិចិននោះឡើយ។
ការអះអាងរបស់អគ្គនាយនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាពេលនេះធ្វើឡើងក្នុងពិធីសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីនារសៀលនេះ។ លោក គុណ ញឹម បានបញ្ជាក់ថា ក្រុមហ៊ុននោះឈ្មោះថា ជុងយាន ជាកម្មសិទ្ធិរបស់ជនជាតិខ្មែរ ដោយមានម្ចាស់ឈ្មោះ សួន ឡុក ហើយក៏មិនមានជនជាតិចិនធ្វើការក្នុងក្រុមហ៊ុននោះដែរ។ លើសពីនេះលោកថាក្រុមហ៊ុននេះ បានជួលការិយាល័យមួយកន្លែងសម្រាប់ធ្វើការគឺនៅតំបន់សេដ្ឋកិច្ចពិសេស ជីចាំង នៅជិតវាលរេញ។
ការអះអាងរបស់ លោក គុណ ញឹម ពេលនេះ គឺផ្ទុយគ្នាស្រឡះទៅនឹងការថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីប៉ុន្មានថ្ងៃមុននេះ ដោយលោកបញ្ជាក់ថាក្រុមហ៊ុនជុងយាននេះ ជាកម្មសិទ្ធិរបស់ជនជាតិចិន ហើយលោកអះអាងយ៉ាងច្បាស់ថាការនាំសំណល់ថង់ប្លាស្ទិកចូលកម្ពុជានេះ គឺមានការពាក់ព័ន្ធនឹងជនជាតិចិនថែមទៀតផង។
កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា សមត្ថកិច្ចនិងមន្ត្រីជំនាញកម្ពុជា បានបើកទូកុងទឺន័រនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដោយរកឃើញសំរាមថង់ប្លាស្ទិកចំនួន ៨៣កុងទឺន័រ ។ មន្ត្រីជំនាញអះអាងថាសំណល់ទាំងនោះ មានទម្ងន់ជិត ១៦០០តោន ហើយពួកគេអះអាងថា សំរាមទាំងនោះមានប្រភពមកពីសហរដ្ឋអាមេរិក និងកាណាដាទៀតផង។
ប្រភពដដែលបញ្ជាក់ថា កាកសំណល់ប្លាស្ទិកទាំងនេះ បាននាំចូលកម្ពុជា កាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៨ និងចុងក្រោយខែមករា ឆ្នាំ២០១៩។ មុននឹងមកដល់កម្ពុជា សំរាមប្លាស្ទិកទាំង៨៣កុងតឺន័រនេះ បានឆ្លងកាត់កំពង់ផែសិង្ហបុរី ២២ជើង ម៉ាឡេស៊ី២ជើង និងវៀតណាម៣ជើង ប៉ុន្តែថាសំណល់សំរាមទាំងនោះ មិនបង្កផលប៉ះពាល់ដល់សុខភាពនោះឡើយ។ លើសពីនេះលោកថា សហរដ្ឋអាមេរិកនិងកាណាដា ក៏បានសហការលើការងារស៊ើបអង្កេតនេះផងដែរ។ កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថាសំណល់សំរាមទាំងនោះនឹងត្រូវបញ្ជូនត្រឡប់ទៅប្រភពដើមវិញ ដោយថាកម្ពុជាមិនអាចទទួលយកបានចំពោះករណីនេះឡើយ។