29 C
Phnom Penh

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងប្រមូលផ្តុំគ្នាសម្តែងមតិទាមទារដោះលែង លោក កឹម សុខា និងលើកលែងទោស លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឱ្យដឹងពីគម្រោងរៀបចំការប្រមូលផ្តុំសម្តែងមតិរបស់ខ្លួន ដើម្បីជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ត្រូវដោះលែងប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះ និងទាមទារឱ្យលើកលែងទោសដល់លោក សម រង្ស៊ី។ គម្រោងប្រមូលផ្តុំឱ្យដោះលែង និងលើកលែងទោសថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនេះ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ពលរដ្ឋច្រើនលាននាក់ពីការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប (EBA)

លិខិតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កាលពីម្សិលមិញ ជូនដំណឹងទៅសាលារាជធានីភ្នំពេញថា ពួកគេមានគ្នាចំនួន ៧២នាក់ នឹងប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែសីហា ក្នុងគោលបំណងទាមទារឱ្យដោះលែងលោក កឹម សុខា និងលើកលែងទោសលោក សម រង្ស៊ី ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។

ប៉ុន្តែមកទល់ថ្ងៃនេះ សាលារាជធានីភ្នំពេញនៅមិនទាន់មានការឆ្លើយតបទៅនឹងការស្នើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅឡើយទេ។

សហភាពអឺរ៉ុប បានប្រកាសរួចហើយថា វិធានការព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា នឹងត្រូវប្រកាសត្រឹមពាក់កណ្តាលខែសីហានេះ ប្រសិនបើរដ្ឋាភិបាលលោកហ៊ុន សែន មិនបានធ្វើឱ្យប្រសើរឡើងជុំវិញ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅនោះទេ ។

ទីប្រឹក្សាសមាគមនិងជាអតីតសមាជិកគណកម្មាធិការជាតិរៀបចំ              ការបោះឆ្នោតលោក រ៉ុង ឈុន ធ្លាប់លើកឡើងថាការបាត់បង់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋខ្មែររាប់លាននាក់ មានទាំងកម្មករក្នុងវិស័យកាត់ដេរជាង៧០ម៉ឺននាក់ មន្ត្រីរាជការ គ្រូបង្រៀន និងអាជីវករផងដែរ ។

លោកក៏បានធ្លាប់លើកឡើងថា ដើម្បីបញ្ចៀសគ្រោះអាក្រក់នេះ គឺ គ្មានអ្វីពិបាកឡើយ ដោយរដ្ឋាភិបាលគ្រាន់តែធ្វើទៅតាមសំណើររបស់អឺរ៉ុប ដែលទាមទារនូវចំណុចមួយចំនួន ដោយក្នុងនោះក៏មានលក្ខខណ្ឌដោះលែង ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ផ្តល់សិទ្ធិដល់មន្ត្រីបក្សប្រឆាំង និងដាក់ឱ្យគណបក្សសង្រ្គោះជាតិដំណើរការឡើងវិញជាដើម។

លោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី ៣កញ្ញា ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ក្រោមការចោទប្រកាន់ពីលោក ហ៊ុន សែន ជុំវិញអំពើក្បត់ជាតិ។ មួយឆ្នាំក្រោយមកលោកក៏ត្រូវបានផ្លាស់ឱ្យមកជាប់ឃុំក្នុងផ្ទះរបស់លោកវិញ ក្រោមហេតុផលសុខភាព ហើយជិត២ឆ្នាំមកនេះ សំណុំរឿងរបស់លោកចេះតែអូសបន្លាយរហូត ដោយមិនទាន់រកឃើញទោសកំហុសលោក កឹម សុខា នៅឡើយ ប៉ុន្តែតុលាការកំពូលបែរជាសម្រេចរំលាយគណបក្សសង្រ្គោះជាតិមុនប្រធានបក្សមានទោសទៅវិញ។

ដោយឡែក លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសនោះ កំពុងជាប់បណ្តឹងជាច្រើន ដោយបណ្តឹងខ្លះតុលាការរបស់លោកហ៊ុន សែន បានកាត់ទោសរួចទៅហើយ។ រីឯសំណុំរឿងផ្សេងទៀត កំពុងបន្តនីតិវិធីនៅឡើយ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស