30 C
Phnom Penh

មន្ត្រីរដ្ឋាភិបាលប្រតិកម្មតបចំពោះ ការរិះគន់របស់ស្ថានទូតអាមេរិក ជុំវិញខួប១ឆ្នាំនៃការបោះឆ្នោតនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល លោកហ៊ុន សែន បានចេញប្រតិកម្មតបជាបន្តបន្ទាប់ជុំវិញ ការលើកឡើងរបស់សហរដ្ឋអាមេរិក កាលពី ម្សិលមិញ ដោយវាយតម្លៃអំពីអវិជ្ជមានជុំវិញខួប១ឆ្នាំនៃការបោះឆ្នោតជាតិ ថាជាការសាងកំហុសមួយដ៏ធំនៅកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា ស្ថានទូតសហរដ្ឋអាមេរិក បានដើរហួសពីតួនាទីរបស់ខ្លួន ក្នុងនាមស្ថានទូតបរទេស ចំពោះអ្វីដែលខ្លួនបាន រិះគន់អំពីការបោះឆ្នោតនៅកម្ពុជាក្នុងខួប ១ឆ្នាំ នៃការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨។

ក្រៅពីនេះ ក៏មានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀត បានលើកឡើងថា ការវាយតម្លៃអំពីស្ថានការណ៍បោះឆ្នោតនៅកម្ពុជា របស់អាមេរិក  គឺជារឿងគួរឱ្យអស់សំណើច ជាសេចក្តីថ្លែងការណ៍ដែលបម្រើឱ្យបក្សប្រឆាំង និងជារឿងដែលបំពានផ្នែកការទូតមកលើរដ្ឋអធិបតេយ្យ របស់កម្ពុជាថែមទៀតផង។

ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលធ្វើឡើងបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញបានចេញសេចក្តីថ្លែងការណ៍មួយ កត់សម្គាល់រយៈពេល ១ឆ្នាំ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់កម្ពុជា។

ស្ថានទូតអាមេរិកបានចាត់ទុកថា ការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំមុនជាការសាងកំហុសខុសឆ្គងមួយយ៉ាងធ្ងន់ធ្ងរ ព្រោះជាការបោះឆ្នោត មិនមានភាពសេរី និងអយុត្តិធម៌ផងដែរ។ បន្ថែមពីនេះ អាមេរិកក៏បានចាត់ទុកលទ្ធផលការបោះឆ្នោតពេលនោះ ថាមិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា ព្រោះការបោះឆ្នោតនោះ បានផាត់ចោលគណបក្សសង្រ្គោះជាតិដែលជាបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា។

មិនតែប៉ុណ្ណោះ ការបោះឆ្នោតនោះ បានធ្វើឲ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញភាពផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ មក។

សហរដ្ឋអាមេរិក បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងទម្លាក់បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត។ រដ្ឋាភិបាលលោកហ៊ុន សែន ត្រូវបញ្ចប់ការអនុវត្តនូវរាល់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋរបស់ខ្លួនឯង។

សហរដ្ឋអាមេរិកថាពលរដ្ឋ នៅកម្ពុជាទាំងអស់គួរតែអាចប្រើសិទ្ធិរបស់ខ្លួនក្នុងការសម្តែងមតិ ដោយសេរី និងអាចធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធី ហើយឲ្យពលរដ្ឋចូលរួមនៅក្នុងដំណើរការនៃកិច្ចការសង្គមផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស