រថយន្តដឹកកម្មករមួយគ្រឿងនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវបានរថយន្តដឹកមាន់បើកជ្រុលមកបុក បណ្តាលឱ្យរថយន្តដឹកកម្មករក្រឡាប់ បណ្តាលឲ្យមនុស្សជាង៤០នាក់ របួស។
ហេតុការណ៍នេះ បានកើតឡើង នៅសង្កាត់ស្វាយរៀងក្រុងស្វាយរៀងកាលពីព្រឹកមិញនេះ បណ្តាលឱ្យកម្មករចំនួន៤នាក់ របួសធ្ងន់ ហើយត្រូវបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅរាជធានីភ្នំពេញ ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃនេះ បានសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តដឹកមាន់ ជុ្រលទៅបុករថយន្តដឹកកម្មករនេះ បណ្តាលឱ្យកម្មកររងរបួសកើនឡើងដល់៤៣នាក់។
ក្រសួងការងារឱ្យដឹងទៀតថា ក្នុងចំណោមអ្នករងរបួសទាំង៤៣នាក់នេះ គឺ៣៩នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និង៤នាក់ទៀតបញ្ជូនទៅសម្រាកព្យាលនៅមន្ទីរពេទ្យកាល់ម៉ែតក្នុងទីក្រុងភ្នំពេញ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនមានអ្នកណាបាត់បង់ជីវិតនោះឡើយ។
ក្រសួងការងារបន្ថែមថា ក្រសួងនឹងបន្តជួយដោះស្រាយដល់កម្មករដែលជួបគ្រោះថ្នាក់ និងក្រុមគ្រួសារទៅតាមគោលការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម (បសស)។
កាលពីថ្ងៃម្សិលមិញក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានចេញសេចក្តីប្រកាសព័ត៌មានដោយសម្តែងការសោកស្តាយចំពោះគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បណ្តាលឱ្យកម្មករពីរនាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាង៣០នាក់។
ក្រៅពីការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារសព និងសាច់ញាតិជនរងគ្រោះទាំងអស់ហើយនោះ ក្រសួងការងារអះអាងថារដ្ឋាភិបាល នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករ និងក្រុមគ្រួសារដោយផ្អែកលើគោលនយោបាយជាតិ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម។
ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាលតាមរយៈក្រសួងការងារនៅមិនទាន់បានបង្ហាញឆន្ទៈឱ្យបានច្បាស់លាស់ ជុំវិញវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ទៅលើរថយន្តដឹកកម្មនៅឡើយទេ។
យោងតាមបេឡាជាតិរបបសន្តិសុខសង្គម ឬហៅថា ប.ស.ស ឱ្យដឹងថាគិតចាប់ពីខែមករា រហូតដល់ខែមិថុនាឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងកម្មកររោងចក្រចំនួន ៧៦៦លើក បណ្តាលឱ្យមានជនរងគ្រោះស្លាប់ចំនួន ២៤នាក់ និងរបួសធ្ងន់ និងស្រាលជិត១ពាន់នាក់(៩៤៤)។ ទោះបីជាមានករណីកម្មករជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងច្រើនបែបនេះក្តី ប៉ុន្តែរាជរដ្ឋាភិបាលនៅមិនទាន់មានវិធានការទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាពនៅឡើយ៕