37.2 C
Phnom Penh

រដ្ឋាភិបាលថា នៅឆ្នាំ២០២០ នឹងមានសាលាឧទ្ធរណ៍បីបន្ថែមទៀត នៅទូទាំងប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ ​អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា សាលាឧទ្ធរណ៍ថ្មីនៅក្នុងខេត្តទាំងបីនេះ ត្រូវបានសាងសង់បានប្រមាណ៨០ភាគរយហើយនាពេលបច្ចុប្បន្ន។

លោក បញ្ជាក់ថា ប្រសិនបើគ្មានអ្វីប្រែប្រួលទេ ដោយអ្វីៗនឹងប្រព្រឹត្តទៅតាមការគ្រោងទុក ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស នោះកម្ពុជានឹងដាក់ឲ្យដំណើរសាលាឧទ្ធរណ៍ថ្មី៣បន្ថែមទៀតនៅឆ្នាំក្រោយ។​

លោកអះអាងថា រដ្ឋាភិបាល ក៏បានបង្កើតសាលាដំបូងខេត្តថ្មីមួយទៀត នៅខេត្តកែប ដោយថាតុលាការនេះក៏នឹងត្រូវដាក់ឲ្យដំណើរការនៅឆ្នាំក្រោយ។ យ៉ាងនេះក្តីលោកថាបច្ចុប្បន្ន​ សំណុំរឿងនៅខេត្តកែប ត្រូវបានដោះស្រាយនៅតុលាការខេត្តកំពត ព្រោះបច្ចុប្បន្ន ខេត្តកែប មិនទាន់​មានតុលាការនៅឡើយទេ។

បច្ចុប្បន្ន​ ប្រទេសកម្ពុជា មានសាលាឧទ្ធរណ៍ មានតែមួយប៉ុណ្ណោះ គឺនៅរាជធានីភ្នំពេញ។ បញ្ហានេះហើយ ដែលធ្វើឱ្យដំណើរការក្តីសំណុំរឿងជាច្រើនមានភាពយឺតយ៉ាវ និងបង្កការលំបាកដល់ពលរដ្ឋ ដោយពួកគេត្រូវចំណាយពេលឡើងមកដាក់ពាក្យបណ្តឹងឬ ត្រូវឡើងមកចូលរួមសវនាការដល់ភ្នំពេញ។

កាលពីពេលថ្មីៗនេះ រដ្ឋសភាឯកបក្ស បានកោះហៅរដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ លោក អង្គវង្ស វឌ្ឍនា ទៅឆ្លើយបំភ្លឺពាក់ព័ន្ធបញ្ហាប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជំរុញឱ្យក្រសួងមួយត្រូវពង្រឹងទំនុកចិត្តដល់សាធារណៈជនឡើងវិញ។ លើសពីនេះ រដ្ឋសភា ក៏បានណែនាំទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថាត្រូវធ្វើយ៉ាងណាលុបបំបាត់ភាពអសកម្ម និងអំពើពុករលួយក្នុងប្រព័ន្ធយុត្តិធម៌ ព្រោះកន្លងមករដ្ឋសភាធ្លាប់ឭពាក្យមួយឃ្លាថា តុលាការជាទីគោរព ឱ្យលុយមិនគ្រប់ តុលាការកាត់ក្តីឱ្យចាញ់ជាដើម។

កាលពីខែមុន ការិយាល័យឧត្តមស្នងការលើកឡើងថា ការកាត់ទោសដោយមហាជននៅកម្ពុជា ក៏ដូចជា នៅក្នុងប្រទេសដទៃជុំវិញពិភពលោក កាន់តែកើតឡើងច្រើន ​ ដោយសារកង្វះជំនឿទុកចិត្តលើប្រព័ន្ធ​យុត្តិធម៌ និងនីតិរដ្ឋ ឥរិយាបថរើសអើងក្នុងសង្គម ភាពក្រីក្រ និងកង្វះការអប់រំ ពិសេសការអប់រំផ្នែកសិទ្ធិមនុស្ស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស