34 C
Phnom Penh

ស្ថាបនិកអង្គការមាតាធម្មជាតិហៅសវនាការកំបាំងមុខសំណុំរឿងរបស់ខ្លួនពីសំណាក់តុលាការខេត្តកោះកុងថាជាការលេងសើច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាបនិកអង្គការមាតាធម្មជាតិ លោកអាឡិច​ហ្សង់ដ្រូ ហ្គន់​ហ្សាឡេស ដេវិត​សិន ហៅសវនាការកំបាំងមុខពាក់ព័ន្ធសំណុំរឿងរបស់លោក ​ពីសំណាក់តុលាការខេត្តកោះកុងថាជាការរំលោភនីតិវិធី រំលោភលើសិទ្ធិរបស់លោកដែលជាជនត្រូវចោទ ​​ព្រោះតែតុលាការបានដំណើរការទាំងគ្មានវត្តមានលោក ស្របពេលលោកបានបង្ហាញឆន្ទៈចូលរួមសវនាការនោះរហូត ប៉ុន្តែត្រូវបានរដ្ឋាភិបាលបដិសេធសំណើរលោកក្នុងការវិលចូលកម្ពុជា​វិញ។ ​

កាល​ពី​ថ្ងៃ​អង្គារ​​ សាលា​ដំបូង​ខេត្ត​កោះ​កុ​ង ​​ បាន​បើក​សវនាការ​​កំបាំងមុខលើ​សំណុំ​រឿង​​​សកម្មជន​បរិស្ថាន​ជន​ជាតិ​​អេស៉្បាញ​​ម្នាក់គឺលោក អាឡិច​ហ្សង់ដ្រូ ហ្គន់​ហ្សាឡេស ដេវិត​សិន ​​ ​ពី​បទ​​សម​គំនិត​ក្នុង​អំពើ​គំរាម​កំហែង​ថា​ នឹង​ធ្វើ​ឲ្យ​ខូច​ខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ ​​ដែ​ល​បានប្រ​ព្រឹត្ត​ពី​ថ្ងៃ​ទី​ ២៦‑២៨ ខែ កក្កដា​ ឆ្នាំ​ ២០១៥​ ​​ក្នុង​ឃុំ​អណ្តូង​ទឹក​ ​ស្រុក​បទុមសាគរ ​ខេត្ត​កោះ​កុង​។

សំណុំ​រឿង​របស់​លោក​​​ជាប់​ពាក់​ព័ន្ធ​នឹង​​ព្រឹត្តិការណ៍​មួយ​កាល​ពី​ខែ​ កក្កដា ឆ្នាំ​ ២០១៥ ​នៅ​ពេល​ដែល​សកម្ម​ជន​បរិស្ថាន​ ៣ នាក់​​ រួម​មាន​ លោក ស៊ីម សំណាង លោក ទ្រី សូវិគា ​និង​លោក សាន ម៉ាឡា ​ដែល​មក​ពី​អង្គការ​មាតា​ធម្មជាតិ​​ ដែល​បង្កើត​ឡើង​ដោយ​លោ​ក អេឡិច​បាន​ឡើង​ទៅ​លើ​កប៉ា​ល់​បូម​ខ្សា​ច់​​របស់​ក្រុម​ហ៊ុន Direct Access។

ក្នុងដំណើរការសវនាការនេះ គឺអវត្ថមានចុងបណ្តឹង គឺ លោកអាឡិច មិនបានចូលរួមឡើយ ប៉ុន្តែមេធាវីរបស់លោកគឺ លោក សំ ចំរើន បានចូលរួម ហើយមេធាវីរូបនេះក៏បានដើរចេញពីសវនាការតាមការស្នើសុំរបស់កូនក្តីខ្លួនផងដែរ។ លោកអាឡិច ឱ្យដឹងថា សំណុំរឿងក្តីរបស់ខ្លួននេះ តុលាការសម្រេចថានឹងប្រកាសសាលក្រមនៅថ្ងៃទី ២២ សីហា។

លោកយល់ថា សវនាការនេះ គឺជាការរំលោភសិទ្ធិរបស់លោកដែលជាជនត្រូវចោទយ៉ាងធ្ងន់ធ្ងរ និងជាការរំលោភនីតិវិធី ដោយតាមរដ្ឋធម្មនុញ្ញកម្ពុជាលោកក៏ត្រូវមានវត្តមានក្នុងសវនាការដែរ។ យ៉ាងនេះក្តី លោកបានដឹងរួចហើយថា សាលាដំបូងខេត្តកោះកុង គ្មានចេតនា ធ្វើឱ្យដំណើរការសវនាការក្តីរបស់លោក ប្រកបដោយត្រឹមត្រូវនោះទេ ហើយក៏មានចេតនារុញរឿងនេះឱ្យផុតដៃរបស់ខ្លួនផងដែរ។

លោក ស៊ីម សំណាង លោក ទ្រី សូវិគា ​និង​លោក សាន ម៉ាឡា ក្រោយ​មក​ត្រូវ​បាន​ចាប់​ខ្លួន ​​និង​កាត់​ទោស​ឲ្យ​​ជាប់​ពន្ធនាគារ​ចំនួន ​១៨ ​ខែ​ និង​ពិន័​យ​​ជា​ប្រាក់​សរុប​ចំនួន​​ ២៥ ៥០០​ ដុល្លារ​​ ដោយ​សាលា​ដំបូង​ខេត្ត​កោះ​កុង​​ក្នុង​ឆ្នាំ​ ២០១៦។ ​ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ដោះ​លែង បន្ទាប់​ពី​ជាប់​ពន្ធនាគារ​បាន​ ១០​​ ខែ​ ​ខណៈ​ទោស​ ៨ ​​ខែ​ទៀត​ត្រូវ​បាន​ព្យួរ​។

លោក អាឡិច បានមករស់នៅលើទឹកដីកម្ពុជានេះជាង១០ឆ្នាំ និងចេះនិយាយភាសាខ្មែរ បានយ៉ាងច្បាស់លាស់ ព្រមទាំងបានបង្កើតអង្គការការពារព្រៃឈើមួយឈ្មោះថា អង្គការមាតាធម្មជាតិដែលមានសមាជិកភាគច្រើនជាជនជាតិដើមភាគតិចនៅតំបន់អារ៉ែង។

ជនជាតិអេស្ប៉ាញរូបនេះ ត្រូវរដ្ឋាភិបាលកម្ពុជាបញ្ចូលក្នុងបញ្ជីខ្មៅ ហាមមិនឲ្យចូលប្រទេសកម្ពុជានោះទេ បន្ទាប់ពីលោក ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ខែ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាភ្លាមៗ។ ការចាប់បញ្ជូនខ្លួនលោកអាឡិចធ្វើឡើងបន្ទាប់ពីលោកបានចូលរួមយ៉ាងសកម្មប្រឆាំងនឹងការធ្វើទំនប់វារីអគ្គិសនីតំបន់អារ៉ែងនិងការបូមខ្សាច់នៅខេត្តកោះកុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស