សហរដ្ឋអាមេរិកតាមរយៈមន្ត្រីជាន់ខ្ពស់របស់ខ្លួន បានលើកឡើងថា ការធ្លាក់ចុះនៃកម្ពស់ទឹកទន្លេមេគង្គផ្នែកខាងក្រោម ឈានដល់កម្រិតទាបបំផុតដែលមិនធ្លាប់មាន ដោយសារតែប្រទេសចិនបិទទំនប់ប៉ែកខាងលើ។
ថ្លែងពីរាជធានីបាងកក ប្រទេសថៃ ក្រោយជំនួបថ្នាក់រដ្ឋមន្ត្រីការបរទសអាស៊ាន-អាមេរិកលើកទី៥២ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) កាលពីថ្ងៃម្សិលមិញ បានរិះគន់ទៅប្រទេសចិន ចំពោះហេតុផលដែលធ្វើឱ្យកម្រិតទឹកទន្លេមេគង្គផ្នែកខាងក្រោមធ្លាក់ចុះយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសារការខ្ទប់ទឹកទន្លេប៉ែកខាងលើ តាមរយៈទំនប់វារីអគ្គិសនីជាច្រើនរបស់ខ្លួន ជាហេតុរាំងខ្ទប់ទឹកទន្លេមិនឱ្យហូរចូលមកផ្នែកខាងក្រោមបាន។
ប៉ុន្តែរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក ហើយថាចិនបានបើកទឹកច្រើនជាងធម្មតាដើម្បីដោះស្រាយបញ្ហាខ្វះទឹកនៅផ្នែកខាងក្រោម។
បញ្ហាកម្រិតទឹកទន្លេមេគង្គធ្លាក់ចុះខ្លាំង ធ្វើឱ្យរដូវទឹកឡើងត្រូវបានពន្យារពេលខុសពីធម្មតា។ បញ្ហានេះ បង្កផលប៉ះពាល់ជាខ្លាំងដល់ពលរដ្ឋរស់នៅតាមដងទន្លេ ពិសេសពលរដ្ឋរស់នៅលើផ្ទៃបឹងទន្លេសាប ដែលរស់ពឹងផ្អែកលើរបរនេសាទ ត្រូវជួបបញ្ហាកង្វះស្បៀង ព្រោះតែនេសាទត្រីលែងបានដូចពេលមុន។
ប្រជានេសាទខ្លះ ត្រូវបង្ខំចិត្តដើររើសអែតចាយក្នុងព្រៃ ដើម្បីយកមកលក់បានប្រាក់ខ្លះគ្រាន់ដោះទាល់ ហើយប្រសិនបើបញ្ហានេះនៅតែអូសបន្លាយតទៅទៀត ពួកគាត់អាចនឹងគ្មានស្បៀងសម្រាប់បរិភោគជាក់ជាមិនខាន៕