33.3 C
Phnom Penh

ភ្ញៀវទេសចរមកទស្សនាតំបន់អង្គរធ្លាក់ចុះជាង១លាននាក់ក្រោយពេលទំនាក់ទំនងជាមួយប្រទេសលោកសេរីមានភាពល្អក់កករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងទេសចរណ៍ អះអាងថាចំនួនភ្ញៀវទេសចរមកទស្សនាតំបន់អង្គរក្នុងរយៈពេល៦ខែដើមឆ្នាំនេះ មានការធ្លាក់ចុះជាង១លាននាក់ ឬស្មើជិត១០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍កាលពីថ្ងៃម្សិលមិញ បានដកស្រង់សម្តី លោក ថោង ខុន ចុះផ្សាយថា ក្រសួងកំពុងសហការជាមួយភាគីពាក់ព័ន្ធ រៀបចំការងារមួយចំនួនដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប។

ក្រសួងក៏បានដាក់ចេញផែនការរួមមាន ការជំរុញឲ្យមានផលិតផលទេសចរណ៍ថ្មីៗទូទាំងខេត្ត និងពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។ ជាងនេះទៅទៀតក្រសួងក៏បានជំរុញឲ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ជាដើម។

កន្លងមករដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះធ្លាប់បានបន្ទោស ភ្នាក់ងារទេសចរណ៍ ដែលបានលក់កញ្ចប់ទេសចរណ៍របស់ខ្លួនឱ្យភ្ញៀវមានការបោកប្រាស់ ទើបជាមូលហេតុធ្វើឱ្យចំនួនភ្ញៀវទេសមកទស្សនាតំបន់អង្គរធ្លាក់ចុះ។

តំបន់អង្គរ ធ្លាប់តែមានភ្ញៀវទេសចរ ពិសេសក្រុមទេសចរមកពីប្រទេសលោកខាងលិចយ៉ាងច្រើនកុះករនោះ បច្ចុប្បន្នប្រែជាស្ងប់ស្ងាត់ ដោយមានភ្ញៀវទេសចរភាគច្រើនជាជនជាតិចិនប៉ុណ្ណោះ។

មគ្គុទេសទេសចរណ៍នៅតំបន់អង្គរមួយចំនួនបានលើកឡើងថា អាចមានហេតុផលមួយចំនួនធ្វើឱ្យភ្ញៀវទេសចរមកទស្សនាតំបន់អង្គរធ្លាក់ចុះ ដោយសារបញ្ហាសំបុត្រចូលទស្សនាមានតម្លៃថ្លៃ ចំណីអាហារ និងកន្លែងស្នាក់នៅមានតម្លៃថ្លៃ។ ចំណែកក្នុងទីរួមខេត្តគ្មានកន្លែងសម្រាប់ថ្មើជើងត្រឹមត្រូវ គ្មានសណ្តាប់ធ្នាប់ អសន្តិសុខ ហើយការធ្វើដំណើរទៅកាន់តំបន់រម្មណីយដ្ឋានផ្សេងៗ មានភាពលំបាក។

លើសពីនេះ ពួកគេថា មូលហេតុសំខាន់ មួយទៀត អាចដោយសារបញ្ហាសង្រ្គាមពាក្យសម្តីឬ ភាពល្អក់កករ នៃទំនាក់ទំនងកម្ពុជាជាមួយបណ្តាប្រទេសលោកសេរី ដូចជាប្រទេសក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។

បញ្ហានេះ ដែលធ្វើឱ្យភ្ញៀវទេសចរមកពីប្រទេសលោកសេរី ធ្លាក់ចុះ ហើយមានច្រើនតែភ្ញៀវទេសចរចិនច្រើន ត្បិតទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានមន្ត្រីប្រទេសទាំងពីរអះអាងជាទំនាក់ទំនងដល់កំពូលនោះ។

ទោះបីជាយ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងជាថ្មីថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរបណ្ដាលមកពី ក្រុមហ៊ុនទេសចរណ៍ដែលលក់កញ្ចប់ Zero Cost Tour គឺជាអ្នកបំផ្លាញគោលដៅទេសចរណ៍ ព្រោះថាបណ្ដាក្រុមហ៊ុនទាំងនោះ យកភ្ញៀវមកក្នុងតម្លៃទាប ឬមិនចំណេញតែម្ដង តែពួកគេរកស៊ីនៅតាមហាងវត្ថុអនុស្សាវរីយ៍ អាហារដ្ឋាន ឬសណ្ឋាគារជាដើមដែលលក់ក្នុងតម្លៃខ្ពស់ ដែលធ្វើឲ្យភ្ញៀវលែងចង់មកកម្សាន្តជាលើកទី២។

របាយការណ៍របស់ក្រសួងទេសចរណ៍ កាលពីឆ្នាំ២០១៨ ឲ្យដឹងថា      កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៦លាននាក់ (៦.២) ដោយកើនឡើងប្រមាណ ១១% ហើយក្នុងនោះខេត្តសៀមរាបទទួលបានភ្ញៀវអន្តរជាតិជាង២លាននាក់ (២.៥៩)  ដោយកើនឡើង ជាង៥ភាគរយ(៥.៤៣%) បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស