អាជ្ញាធររាជធានីភ្នំពេញ បានព្រមានចាត់វិធានទៅលើគម្រោងជួបជុំសម្ដែងមតិរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រសិនបើសមាគមមួយនេះនៅតែបន្តប្រមូលផ្តុំគ្នាទាមទារឱ្យដោះលែងអតីតប្រធានគណបក្សសង្រ្គោះជាតិ លោកកឹម សុខា និងលើកលែងទោសដល់ លោក សម រង្ស៊ី នៅពេលខាងមុខនោះ។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចេញលិខិតមួយផ្ញើទៅសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកាលពីថ្ងៃមិ្សលមិញ ដោយប្រាប់ទៅថ្នាក់ដឹកនាំសមាគមនេះថា មិនអនុញ្ញាតឲ្យមានការជួបជុំសម្ដែងមតិនោះឡើយ ហើយប្រាប់ថា ការជួបជុំនេះ ប្រឆាំងនឹងសេចក្ដីសម្រេច ឬអំណាចរបស់តុលាការ។
លោកឃួង ស្រេង បានព្រមានថ្នាក់ដឹនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថា ប្រសិនបើនៅតែចចេះដឹកនាំកម្លាំងប្រមូលផ្តុំគ្នាទាមទារដោះលែងលោក កឹម សុខា និងលើកលែងទោសលោក សម រង្ស៊ី ទៀត នោះអាជ្ញាធរនឹងចាត់វិធានការតាមច្បាប់តែម្តង។
កាលពីថ្ងៃអង្គារកន្លងទៅនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានជូនដំណឹងទៅសាលារាជធានីភ្នំពេញថា ពួកគេគ្រោងប្រមូលផ្ដុំសមាជិក ៧២រូប សម្ដែងមតិនៅព្រឹកថ្ងៃទី១៥ ខែសីហាខាងមុខនេះ ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា និងលើកលែងទោសលោក សម រង្ស៊ី។
សមាគមមួយនេះ បានលើកឡើងនៅក្នុងលិខិតជូនដំណឹងរបស់ខ្លួនថា ការដោះលែង និងលើកលែងទោសមេដឹកនាំបក្សប្រឆាំងទាំង ២រូបនេះ នឹងរក្សាប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុប។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចរបស់លោកហ៊ុន សែន ចាប់ខ្លួនទាំងយប់កាលពីថ្ងៃទី ៣កញ្ញា ឆ្នាំ២០១៧ ដោយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងជាប់ព្រំដែនវៀតណាម និងយកមកឃុំខ្លួននៅផ្ទះវិញកាលពីខែកញ្ញា ឆ្នាំមុន ក្រោមការចោទប្រកាន់ពីលោក ហ៊ុន សែន ថាក្បត់ជាតិ។ ដោយឡែក លោក សម រង្ស៊ី បន្តរស់នៅនិរទេសខ្លួនឯងនៅឯក្រៅប្រទេសចាប់តាំងពីខែវិច្ឆិកាក្នុងឆ្នាំ២០១៥ ក្រោយពីប្រឈមមុខនឹងបណ្ដឹងជាច្រើនករណីពីលោក ហ៊ុន សែន និងមេដឹកនាំដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា។
នេះមិនមែនជាលើកទី១សម្រាប់ឆ្នាំ២០១៩ ដែលអាជ្ញាធរក្រុងភ្នំពេញ មិនអនុញ្ញាតឱ្យក្រុមអង្គការសង្គមស៊ីវិល ព្រមទាំងប្រជាសហគមន៍ប្រមូលផ្តុំគ្នាដើម្បីសម្តែងមតិរបស់នោះ។ កន្លងមក អាជ្ញាធរក្រុងភ្នំពេញមិនដែលអនុញ្ញាតឱ្យក្រុមអង្គការសង្គមស៊ីវិលប្រមូលផ្តុំគ្នាសម្តែងមតិដោយអហិង្សាម្តងណាឡើយ ទោះបីជាគម្រោងប្រមូលផ្តុំគ្នារបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ មិនបានពាក់ព័ន្ធនឹងរឿងនយោបាយក៏ដោយ។
កាលពីថ្ងៃទី៣១ ខែកក្កដា សមាគមការពារសិទ្ធិមនុស្សអាដហុកបានចេញសេចក្តីថ្លែងការមួយដោយលើកឡើងថា សមត្ថកិច្ចរដ្ឋាភិបាល បានរឹតត្បិតសេរីភាពនៃការជួបប្រជុំរបស់អង្គការសង្គមស៊ីវិល និងសហគមន៍ ព្រមទាំងសកម្មជនបក្សនយោបាយនៅមូលដ្ឋានមានចំនួន៧១ករណី ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩នេះ។
សមាគមការពារសិទ្ធិមនុស្សអាដហុក ព្រួយបារម្ភចំពោះការបន្តរឹតត្បិតសេរីភាពជួបជុំនៅកម្ពុជា ពីសំណាក់កងកម្លាំង និងអាជ្ញាធរមូលដ្ឋានរបស់រដ្ឋាភិបាលលោកហ៊ុន សែន ដោយថាវាផ្ទុយគ្នាពីសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលថាត្រូវ បើកចំហសេរីភាពនៃការជួបជុំដល់អង្គការសង្គមស៊ីវិល និងសកម្មជនបក្សនយោបាយជាដើម៕