26 C
Phnom Penh

អ្នកវិភាគអះអាងថាកម្ពុជានៅតែបរាជ័យក្នុងការទប់ស្កាត់បទល្មើសលាងលុយកខ្វក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើល ទទួលស្គាល់ពីជោគជ័យរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់មិនឲ្យកម្ពុជាក្លាយជាជម្រកនៃចលនាភេរវកម្ម ការលាងលុយកខ្វក់តាមធានាគារ ប៉ុន្តែក្រៅប្រព័ន្ធធានាគារវិញលោកថា កម្ពុជាបរាជ័យក្នុងការទប់ស្កាត់ចរាចរណ៍លុយកខ្វក់ចូលមកក្នុងប្រទេសទៅវិញ ដែលលោកថា បញ្ហានេះបណ្ដាលមកពីប្រព័ន្ធគ្រប់គ្រងរដ្ឋបច្ចុប្បន្ន នៅមានភាពទន់ខ្សោយនៅឡើយ។

អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ បានប្រាប់សាព័ត៌មាន The Cambodia Daily ថា បរាជ័យក្នុងការលាងលុយកខ្វក់ដោយសារមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលមួយចំនួនអាចមានការប្រឡាក់ឡូកក្នុងបញ្ហានេះ។ លោកបណ្ឌិតបានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលត្រូវដកមន្រ្តីខិលខូច ហើយដាក់ជំនួសដោយមន្រ្តីត្រឹមត្រូវ មានគុណភាព និងសមត្ថភាពខ្ពស់។

ការអះអាងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន កាលពីព្រឹកម៉ិញ បានបញ្ជាទៅមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវតែការពារកម្ពុជា កុំឲ្យកម្ពុជាក្លាយជាកន្លែងលាក់ខ្លួនរបស់ពួកភេរវករ និងកន្លែងលាងលុយកខ្វក់ ការជូញដូរគ្រឿងញៀន និងការជួញដូរអាវុធ ។

របាយការណ៍សមត្ថកិច្ចបង្ហាញថា ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០១៩នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង២ពាន់ករណី និងឃាត់មនុស្សចំនួនជាង ៤ពាន់នាក់ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន បទល្មើសតាមប្រព័ន្ធ Internet និងដកហូតលុយជាច្រើនសែនដុល្លារជាបន្តបន្ទាប់ ដែលត្រូវបាននាំឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាពីសំណាក់ជនជាតិចិននៅដើមឆ្នាំ២០១៩នេះ។

កាលពីថ្ងៃ៣០ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួន និងដកហូតសាច់ប្រាក់សុទ្ធជិត១លានដុល្លារ ពីសំណាក់ជនជាតិចិននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយកាលពីចុងឆ្នាំ២០១៨ សមត្ថកិច្ចកម្ពុជាក៏រឹបអូសលុយពីជនជាតិចិនផ្សេងទៀតដល់ទៅជាង ៣លានដុល្លារនៅទីតាំងដូចគ្នាផងដែរ។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការលាងលុយកខ្វក់តាមរយៈការនាំសាច់ប្រាក់សុទ្ធចូលមកក្នុងប្រទេសកម្ពុជា មិនមែនទើបកើតឡើងចំនួនពីរ ករណីនេះទេ ប៉ុន្តែកន្លងមកក្រុមជនសង្ស័យជនជាតិចិន បានយកលុយរាប់សិបលានដុល្លារពីប្រទេសចិនចូលមកកម្ពុជាដោយមានកិច្ចសហការ ពីមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស