32.5 C
Phnom Penh

តើបាតុករក្រុងហុងកុងនឹងក្លាយជាឧទ្ទាមបដិវត្តន៍ពណ៌ដែរឬទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាជនក្រុងហុងកុងបានបន្ដធ្វើបាតុកម្មនៅពាសពេញអតីតដែនដីអាណានិគមអង់គ្លេសមួយនេះឡើងវិញហើយនៅថ្ងៃចន្ទ ទី៥ ខែសីហានេះ។ មូលហេតុដែលនាំអោយមានបាតុកម្មរបស់ពលរដ្ឋហុងកុងឡើងវិញនេះ ដោយសារលោកស្រី ការី ឡាំ មិនព្រមចុះចេញពីតំណែងជាអភិបាល ក្រុង ហើយរៀបចំការបោះឆ្នោតអភិបាលក្រុងឡើងវិញ។

បាតុកម្មកាលពីនៅចុងសប្ដាហ៍កន្លងមកនេះ នាំឲ្យមានការចាប់ខ្លួនក្រុមបាតុកររាប់សិបនាក់ បន្ទាប់ពីពួកគេរំលោភលើបំរាមរបស់អាជ្ញាធរ។ នៅថ្ងៃច័ន្ទទី៥សីហានេះបាតុករបាននាំគ្នាឈប់ធ្វើការមួយថ្ងៃដើម្បីធ្វើកូដកម្មប្រឆាំងនឹងអជ្ញាធរក្រុងប៉េកាំងដែលនៅបន្ដឲ្យលោកស្រី  ការីឡាំ ធ្វើជាអភិបាលក្រុងបន្ដទៀតនេះ។

បាតុកម្មមកដល់ពេលនេះគឺមានរយៈពេល៩សប្ដាហ៍មកហើយ។ ខណៈបាតុកម្មកំពុងផ្ទុះឡើងយ៉ាងពេញទំហឹង ក្រោយពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ចេញវីឌីអូឃ្លីបមួយពីការធ្វើសមយុទ្ធរបស់ប៉ូលីសបង្រ្កាបកុបកម្ម ដើម្បីត្រៀមបង្ក្រាបបាតុកម្មនៅពេលណាស្ថានការណ៍មិនអាចគ្រប់គ្រងបាន។

បាតុកម្មលើក នេះគឺរឹតតែអាចបង្ហាញថាប្រជាជនក្រុងហុងកុងមិនអាចទទួលយកបានទេចំពោះគោលនយោបាយរបស់ទីក្រុងប៉េកាំងដែលដាក់ឲ្យអនុវត្តន៍ ប្រទេសមួយប្រព័ន្ធពីរ ដែលជាគោលនយោបាយ មានចរិតរឹតត្បិតសេរីភាពរបស់ពលរដ្ឋ។

ប៉ុន្តែអ្នកណាក៏ដឹងដែរថាដើមចមនៃការធ្វើបាតុកម្មរបស់ប្រជាជនទីក្រុងហុងកុងគឺដើមដំបូងប្រឆាំងទីក្រុងប៉េកាំងដែលបានធ្វើច្បាប់នាំជនជាប់ចោទពីទីក្រុងហុងកុងយកទៅកាត់ទោសនិងឃុំខ្លួននៅទីក្រុងប៉េកាំង។

បាតុកម្មលើកនេះ ក្រុមបាតុករមានគ្នារាប់ម៉ឺននាក់បានទៅប្រមូលផ្ដុំគ្នានៅសួនដ៏ធំមួយនៅជាយក្រុង គឺសួន MongKok។ កន្លែងនោះហើយជាទីដែលធ្លាប់ប៉ះទង្គិចគ្នាដ៏ហិង្សា រវាងអាជ្ញាធរក្រុង និងបាតុករ។ តាមបណ្ដាញផ្សាយព័ត៌មានរបស់ទីក្រុងហុងកុងនិងទីភ្នាក់ងារសារព័ត៌មានរ៉ូយទ័រ បានចុះផ្សាយថា ពួកបាតុករបានប្រកាសឲ្យអ្នកធ្វើការទាំងឡាយចេញមកធ្វើបាតុកម្មដើម្បីបង្ហាញកំលាំងរួបរួមគ្នាថាប្រជាជនទីក្រុងហុងកុងមានការឯកភាពគ្នាប្រឆាំងនឹងគោលនយោបាយរបស់ចិន។

តើបាតុករក្រុងហុងកុងនឹងក្លាយជាឧទ្ទាមបដិវត្តន៍ពណ៌ដែរឬទេ?

លោក ស៊ី ជីនពីង គឺជាមេដឹកនាំជំនាន់ក្រោយនៃបក្សកុម្មុយនិស្តចិន។ បុរសខ្លាំងរូបនេះ ត្រូវបានបក្សកុម្មុយនិស្តលើកឲ្យកាន់អំណាចអស់មួយជីវិត។ បុរសវ័យ៦៦ឆ្នាំរូបនេះ គឺជាអ្នកអនុវត្តន៍នយោបាយរបស់លោក តេង ស៊ាវពីង បានជោគជ័យខ្លះទៅហើយទៅលើដែនដីសេដ្ឋកិច្ចស្វ័យតមួយចំនួនរបស់ដែនដីដ៏ធំនេះ។

ប៉ុន្ដែសំរាប់ទីក្រុងហុងកុងដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់អាណានិគមអង់គ្លេសមើលទៅ លោក ស៊ី ជីនពីង ហាក់មានការឈឺចាប់ខ្លាំងណាស់ដោយសារតែដែនដីកោះមួយនេះនៅតែមានផ្នត់គំនិតសេរីនិយមប្រជាធិបតេយ្យ ជឿនលឿន ដែលសល់ពីរបបនៃអាណានិគមអង់គ្លេស។

ប្រធានាធិបតីស៊ីជីនភីងត្រូវបានមើលឃើញថាជាមេដឹកនាំកុម្មុយនិស្ដចូលចិត្តលាបពណ៌ក្រុមប្រឆាំង ហើយការលាបពណ៌របស់គាត់គឺចោទថាជាក្រុមបដិវត្តន៍ពណ៌ ឬក្រុមឧទ្ទាម ដូចដែលគាត់ធ្លាបលាបពណ៌ទៅលើជនជាតិដើមភាគតិចនៅតំបន់ជីនជាំងភាគខាងជើងប្រទេសអញ្ចឹងដែរ។

ក្រោមហេតុផលនេះអាជ្ញាធរក្រុងប៉េកាំងបានឃុំខ្លួនសហគមន៍មូស្លីមនៅតំបន់នោះជាង១លាននាក់។ នេះបើតាមរបាយការណ៍របស់ អង្គការលើកលែងទោសអន្តរជាតិ Amnesty International ដែលបានចុះផ្សាយកាលពីថ្មីៗនេះ។

មកដល់ពេលនេះសហគមន៍មូស្លីមនៅខេត្តនេះត្រូវបានអាជ្ញាធរ ប៉េកាំងដាក់ចូលក្នុងបញ្ចីខ្មៅថាជាក្រុមឧទ្ទាមបដិវត្តន៍ពណ៌។ ប៉ុន្តែសំរាប់បាតុករនៅទីក្រុងហុងកុងវិញ គឺរយះពេល៩សប្ដាហ៍មកហើយដែលទីក្រុងប៉េកាំងមិនទាន់ឃើញ ឬក៏មិនទាន់ឮនូវការចោទថាជាបដិវត្តន៍អ្វីនៅឡើយទេ។

តើពេលណាក្រុងប៉េកាំងបង្រ្កាបបាតុករក្រុងហុងកុង?

នរណាក៏ដឹងដែរគឺថាអាជ្ញាធរកុម្មុយនិស្ដចិន មិនដែលចុះញ៉ម ឬទុកឱកាសម្ដងណាទេឲ្យក្រុមប្រឆាំងរើខ្លួនបានដោយជោគជ័យ។ កាលពីឆ្នាំ១៩៨៩ បាតុករជាង១ម៉ឺននាក់ត្រូវបានពួកយោធាចិនបាញ់សម្លាប់ដោយបើករថក្រោះកិន។ បាតុករភាគច្រើននៅពេលនោះគឺជាក្រុមនិស្សិតហើយបានប្រមូលផ្ដុំគ្នានៅទីលាន ធៀន អាន់មីន ក្នុងទីក្រុងប៉េកាំង។

ពួកបាតុករទាមទារឲ្យរដ្ឋាភិបាលចិន កាលនោះក្រោមការដឹកនាំរបស់ប្រធានាធិបតី តេង ស៊ាវពីង កែទម្រង់ការដឹកនាំប្រទេសទៅរករបបទីផ្សារសេរី និងមូលធន់និយម។ ជាការឆ្លើយតបពួកយោធាចិនបានបង្ក្រាបបាតករដោយប្រើពេល៤ថ្ងៃគឺបោសសំអាតទីលាន ធៀន អាន់មីន យ៉ាងស្អាត ដោយគ្មានបាតករណាហ៊ានងើបតតាំងទៀតនោះឡើយ។

សំរាប់ដែនដីក្រុងហុងកុងវិញ តើក្រុងប៉េកាំងអាចធ្វើរបៀបនេះបានដែរឬទេ។ ទំនងនឹងស្ដែងអោយឃើញឆាប់ៗនេះហើយ ពីព្រោះក្រុងប៉េកាំងបានត្រៀមកងទ័ពដើម្បីបង្ក្រាបរួចទៅហើយ ដែលកងទ័ពទាំងនោះបំពាក់ទៅដោយរថពាសដែក អាវុធគ្រប់ដៃ ដំបងដែក និងគ្រាប់បែកផ្សែងថែមទៀត។ មិនតែប៉ុណ្ណោះវីឌីអូឃ្លីបរបស់ពួកយោធាចិនដែលសម្ដែងឬទ្ធិដើម្បីបង្ក្រាបបាតុករក្រុងហុងកុងគឺមានរហូតដល់ទៅការប្រើឧទ្ធម្ភាចក្រ ដើម្បីចុះចាប់បាតុករដោយផ្ទាល់ហើយនាំខ្លួនឡើងឧទ្ធម្ភាចក្រនោះដឹកទៅទីក្រុងប៉េកាំងតែម្តង។

សមយុទ្ធកាលពីថ្ងៃទី៣១កក្កដានោះបានបង្ហាញទៀតនោះគឺកងទ័ពចិនចាប់អូសបាតុករហើយវាយខ្នោះដាក់ទៅក្រោយនឹងទាត់ធាក់បាតុករណាដែលតដៃនឹងសមត្ថកិច្ច។ នេះជារូបភាពបង្ក្រាបពីសមត្ថកិច្ចយោធាចិននៃកងអង្គភាពមួយនៃទីក្រុងហុងកុង។

រូបភាពនៃការបង្ហាញសាច់ដុំបង្ក្រាបបាតុករនេះត្រូវបានប្រជាជនក្រុងហុងកុងថ្កោលទោសយ៉ាងខ្លាំងហើយបានប្រកាសថាខ្លួនគេនឹងមិនចុះញ៉មជាដាច់ខាត។ អ្វីដែលបាតុករក្រុងហុងកុងមានសំលៀកបំពាក់ខ្មៅហើយប្រើឆ័ត្រទៀតផងនោះ គឺនៅពេលនេះចង់ឈ្នះទីក្រុងប៉េកាំងតែមួយគត់ គឺកុំឲ្យបក្សកុម្មុយនិស្ដចិនកុំប្រើប្រាស់អំណាចរបស់ខ្លួនលើពលរដ្ឋទីក្រុងហុងកុងហួសព្រំដែន ហើយឲ្យគោរពលក្ខខណ្ឌមួយចំនួនដែលបានធ្វើឡើងនៅចំពោះមុខអតីតអាណានិគមអង់គ្លេសកាលពីឆ្នាំ១៩៩៧៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស