29 C
Phnom Penh

លទ្ធផលជំរឿនបង្ហាញថា កម្ពុជាមានប្រជាជនចំនួនជាង១៥លាននាក់ ដោយមិនទាន់រាប់បញ្ចូលពលរដ្ឋរស់នៅនិងធ្វើការងារនៅក្រៅប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមលទ្ធផលនៃការជំរឿន នៅឆ្នាំនេះ បង្ហាញថាកម្ពុជាមានប្រជាជនសរុបជាង១៥លាននាក់ (១៥.២៨៨.៤៨៩) ដោយក្នុងនោះចំនួនមនុស្សប្រុសមាន ជាង៧លាននាក់ (៧.៤១៨.៥៧៧) ហើយស្រីមានចំនួនជិត៨លាននាក់(៧.៨៦៩.៩១២)។

ចំនួននេះ គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ដែលបង្ហាញដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ក្នុងពិធីប្រកាសតួលេខនៃការជំរឿនប្រជាជនកម្ពុជាលើកទី៣ កាលពីព្រឹកម៉ិញនេះ។ លទ្ធផលជំរឿនចំនួនប្រជាជនកម្ពុជានេះ គឺមិនទាន់បញ្ចូលចំនួនពលរដ្ឋខ្មែរដែលបានចេញទៅធ្វើការងារនៅក្រៅប្រទេសនៅឡើយទេ ពោលគឺគិតតែចំនួនពលរដ្ឋដែលកំពុងរស់នៅក្នុងប្រទេសបច្ចុប្បន្នប៉ុណ្ណោះ។

យ៉ាងណាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនកាលពីឆ្នាំមុនថា ពលរដ្ឋខ្មែរមានចំនួនជាង១លាននាក់ ដែលកំពុងរស់នៅនិងធ្វើការ នៅក្រៅប្រទេស ដូចជា ថៃ កូរ៉េ ជប៉ុន ម៉ាឡេស៊ី សិង្ហបុរីនិងហុងកុងជាដើម។

លទ្ធផលជំរឿននេះ លោកស ខេង បញ្ជាក់ថា អត្រាប្រជាជនខ្មែរប្រចាំឆ្នាំ បានថយចុះពី ១,៥% ក្នុងចន្លោះឆ្នាំ១៩៩៨ និង ឆ្នាំ២០០៨ មកនៅ ១,២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨  និង ឆ្នាំ២០១៩។ ទិន្នន័យប្រជាជននេះ ឱ្យដឹងថា រាជធានីភ្នំពេញ មានប្រជាជនច្រើនជាងគេ ដែលមានរហូតជាង២លាននាក់ (២.១២៩.៣៧១) ហើយខេត្តកែប មានប្រជាជនតិចជាងគេគឺមានប្រជាជនជាង៤ម៉ឺននាក់ប៉ុណ្ណោះ (៤១.៧៩៨)។

ទិន្នន័យជំរឿនដដែលបង្ហាញទៀតថា ជាមធ្យម ក្នុងមួយគ្រួសារ មានចំនួន៤.៦នាក់។ ចំណែក ដង់ស៊ីតេប្រជាជន ស្មើនឹង៨៦នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ដោយមានន័យថាជាមធ្យមទំហំដីមួយគីឡូម៉ែត្រការ៉េមានប្រជាជន៨៦នាក់។ការធ្វើជំរឿនលើកទី៣នេះ មានរយៈពេល១១ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ ការងារជំរឿនប្រជាជនកម្ពុជា ត្រូវបានធ្វើឡើង២ដងរួចមកហើយ ចាប់តាំងពីក្រោយមានកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីសនៅឆ្នាំ១៩៩១ ដោយលើកទី១ គឺនៅឆ្នាំ១៩៩៨ដោយពេលនោះមានប្រជាជនជាង១១លាននាក់ និងឆ្នាំ២០០៨ មានចំនួនប្រជាជនជាង១៣លាននាក់នាពេលនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស