28.4 C
Phnom Penh

អគ្គនាយកអគ្គិសនីអះអាងថាកម្ពុជា គ្មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គថែមទៀតទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយកអគ្គីសនីកម្ពុជា លោក កែវ រតនៈ អះអាងថា កម្ពុជាគ្មានគម្រោងក្នុងការសាងសង់ទំនប់វារីអគ្គិសនីកាត់ផ្ទៃទន្លេមេគង្គថែមទៀតនោះឡើយ ដោយថា ដើម្បីថែរក្សាប្រព័ន្ធការពារបរិស្ថាន ឬប្រព័ន្ធអេកូឡូស៊ី ធម្មជាតិរបស់ទន្លេឱ្យនៅគង់វង្ស។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះអគ្គនាយកអគ្គីសនីកម្ពុជា លោក កែវ រតនៈ ថាកម្ពុជាជៀសវាងដាច់ខាតនូវគម្រោងការសាងសង់ ទំនប់វារីអគ្គិសនីណាមួយកាត់ដងទន្លេមេគង្គបន្ថែមទៀត ខណៈលោកថាគម្រោងដែលមានការសិក្សាកន្លងមក គឺគ្រាន់តែសិក្សាពីសក្ដានុពលប៉ុណ្ណោះ។

លោកក៏បានប្រាប់ពលរដ្ឋកុំមានការបារម្ភចំពោះពាក្យចរចាមអារ៉ាមថា កម្ពុជានឹងសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គបន្ថែមទៀតនោះ ដោយថាកម្ពុជានឹងរកវិធីបំពេញសេចក្តីខ្វះខាតអគ្គិសនីជូនពលរដ្ឋដោយវិធីផ្សេងជំនួសវិញ។

ការអះអាងនេះ ក្រោយពេលមានការសិក្សាអំពីគម្រោងសក្តានុពលនៅតំបន់ទន្លេគង្គលើនៅខាងខេត្តក្រចេះ និងស្ទឹងត្រែង ដោយពលរដ្ឋ និងអ្នកស្រលាញ់បរិស្ថានយល់ថាការសិក្សានោះ រដ្ឋាភិបាលនឹងផ្តល់សិទ្ធិវិនិយោគទៅឱ្យក្រុមហ៊ុនឯកជនដើម្បីសាងសង់ទំនប់វារីអគ្គិសនីឆ្លងកាត់ទន្លេមេគង្គបន្ថែមទៀត ដែលនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់   ជីវៈចម្រុះ ទាំងក្នុងទឹកនិងលើគោក ព្រមទាំងប៉ះពាល់ដល់ពលរដ្ឋថែមទៀតជាក់ជាមិនខាន។

លោកកែវ រតនៈ អះអាងថា ប្រភពថាមពលអគ្គិសនីបច្ចុប្បន្ន ដែលទាញយកមកប្រើប្រាស់បានពីវារីអគ្គិសនី ៥០ភាគរយ ធ្យូងថ្ម ៣០% ប្រេងឥន្ធនៈប្រមាណ ៥% និងការនាំចូលពីប្រទេសជិតខាងមួយចំនួនទៀត ខណៈនៅឆ្នាំ២០២០ ខាងមុខ កម្ពុជានឹងមានប្រភពថាមពលចេញពីពន្លឺព្រះអាទិត្យ ចំនួន១៥% នៃប្រភពថាមពលសរុប។

បច្ចុប្បន្នកម្ពុជា មានទំនប់វារីអគ្គិសនីឆ្លងកាត់ទន្លេមេគង្គ ចំនួនមួយកន្លែង គឺទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនលោក ឧកញ៉ា គិត ម៉េង  សហការជាមួយក្រុមហ៊ុនបរទេស។

ទំនប់វារីអគ្គិសនីនេះ បានបង្កផលប៉ះពាល់ដល់បរិស្ថាន ដល់សត្វដល់មនុស្សយ៉ាងច្រើន។ ជាក់ស្តែងការសម្អាតផ្ទៃបាតអាងតំបន់សាងសង់ទំនប់វារីអគ្គិសនីនោះបានបំផ្លាញព្រៃឈើ ដែលភាគច្រើនជាឈើប្រណិត ប្រមាណ២ម៉ឺនហិកតា។

ការបង្កផលប៉ះពាល់ដល់ចលនារបស់ត្រី និងប៉ះពាល់ដល់ពលរដ្ឋ ជាច្រើនឃុំ និងជាច្រើនរយគ្រួសារនៅខេត្តស្ទឹងត្រែង ដោយអាជ្ញាធរបានបង្ខំឱ្យពួកគាត់ទទួលយកសំណងដីធ្លីនិងផ្ទះសម្បែងកន្លែងថ្មី ត្បិតកន្លែងភូមិដ្ឋានចាស់របស់ពួកគាត់ត្រូវបានលិចលង់គ្មានសល់ក្រោយពេលវារីអគ្គិសនីនេះដំណើរការជាដើម។

តែយ៉ាងណារដ្ឋាភិធ្លាប់លើកឡើងថា ថាមពលទំនប់វារីអគ្គិសនីនេះ នឹងរួមចំណែកបំពេញសេចក្តីខ្វះខាតផ្នែកអគ្គិសនីដល់ពលរដ្ឋជាច្រើនខេត្តផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស