28.4 C
Phnom Penh

សពរបស់ នួន ជា ត្រូវបានបូជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រួសាររបស់ នួន ជា បងធំទីពីររបស់របបខ្មែរក្រហមឲ្យដឹងថា សពរបស់ នួន ជា បានបូជាកាលពីល្ងាចម៉ិញ ក្នុងវត្តកែវគិរីមរកត ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក នួន ជា បានទទួលមរណភាពក្នុងវ័យ៩៣ឆ្នាំ ក្នុងអគារព្រះសីហនុរាជនៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ដោយសារជំងឺបេះដូងរ៉ាំរ៉ៃ រលាកទងសួតទាំងសងខាងស្ទះសរសៃឈាម ជម្ងឺទឹកនោមផ្អែមធ្ងន់ធ្ងរ និងជម្ងឺជាច្រើនផ្សេងទៀត។
លោក នួន ជា កើតនៅខេត្តបាត់ដំបង ប៉ុន្តែលោកបានមករស់នៅក្នុងខេត្តប៉ៃលិន ជាប់ព្រំដែនថៃ កាលពីឆ្នាំ១៩៩៨ ក្រោយពីក្រុមខ្មែរក្រហមបានធ្វើសម្មាហរណកម្មជាមួយរដ្ឋាភិបាលទីក្រុងភ្នំពេញ។

លោក នួន ជា ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០០៧ និង ត្រូវសាលាក្តីខ្មែរក្រហម កាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត កាលពីឆ្នាំ២០១៤ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch កាលពីថ្ងៃទី០៦ ខែសីហា អះអាងថា ប្រសិនបើអតីតថ្នាក់ដឹកនាំជាន់ខ្ពស់សម័យខ្មែរក្រហមផ្សេងទៀត មិនត្រូវបានសាលាក្តីខ្មែរក្រហមយកមកកាត់ទោសទេ នោះការចំណាយប្រាក់ជាង៣រយលានដុល្លារសហរដ្ឋអាមេរិក ក្នុងការស្វែងរកយុត្តិធម៌ជូនពលរដ្ឋជារឿងបរាជ័យ។

នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស  Human Right Watch ទទទួលបន្ទុកកិច្ចការតំបន់អាស៊ីលោក Phil Robertson អះអាងថា មេដឹកនាំជាន់ខ្ពស់ដទៃទៀតនៃរបបខ្មែរក្រហម មិនត្រូវបាននាំយកទៅកាត់ទោសនៅសាលាក្ដីកូនកាត់មួយនេះឡើយ រហូតមកដល់ពេលបច្ចុប្បន្ននេះដោយសារមានការរារាំងពីលោក ហ៊ុន សែន ដែលជាអតីតមេបញ្ជាការមួយរូបរបស់ខ្មែរក្រហមផងដែរ ដោយធ្លាប់បានព្រមានមិនឱ្យតុលាការកូនកាត់មួយនេះ យកថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម័យខ្មែរក្រហមដទៃទៀតមកកាត់ទោស ដោយយកលេសថានឹងអាចនាំឲ្យមានសង្គ្រាមក្នុងស្រុកសារជាថ្មី ។

មន្ត្រីជាន់ខ្ពស់សម័យខ្មែរក្រហមមួយចំនួន ដែលគេស្គាល់ និងកំពុងកាន់ដំណែងធំៗក្នុងជួររដ្ឋាភិបាល រួមមាន ប្រធានរដ្ឋសភា លោក ហេង សំរិន លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកគ្រោះមហន្តរាយលោក គន់ គីម តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន លោក អ៊ី ឈាន។

ក្រៅពីនេះ មានប្រធានតំបន់ និងប្រធានភូមិភាគនាសម័យនោះ ដូចជា លោក មាស មុត អ្នកស្រី ហ៊ឹម ឆែម និងមនុស្សជាច្រើនទៀត។

លោក Phil Robertson បានថ្លែងទៀតថាមរណភាពរបស់អតីតមេដឹកនាំជាន់ខ្ពស់របបកម្ពុជាប្រជាធិបតេយ្យ នួន ជា បាននាំឲ្យមានការចោទជាសំណួរសំខាន់ៗថា តើប្រជាជនកម្ពុជារាប់លាននាក់ដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងក្រុមគ្រួសាររបស់ពួកគេ បានទទួលយុត្តិធម៌ដែលពួកគេសមតែទទួលបានហើយឬនៅ៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស