27.5 C
Phnom Penh

ភរិយាលោក គង់ រ៉ៃយ៉ា ខកចិត្តចំពោះតុលាការ ក្រោយពេលមិនអនុញ្ញាតិឱ្យប្តីខ្លួន បាននៅក្រៅឃុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភរិយារបស់លោកគង់ រ៉ៃយ៉ា គឺ អ្នកស្រី សុខ ស្រីនិច បានសម្តែងការខកចិត្តជាខ្លាំង ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ ដោយបានបដិសេធបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់ប្តីខ្លួន និង លោក សួង នាគព័ន្ធ។

អ្នកស្រី សុខ ស្រីនិច បានលើកឡើងនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញថា វាជារឿងអយុត្តិធម៌បំផុត ចំពោះការសម្រេចច្រានចោលសំណើររបស់មេធាវីការពារក្តីរបស់ប្តីអ្នកស្រី មិនឱ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ។

អ្នកស្រីបន្តថា នាងពិតជាមានការសោកស្ដាយខ្លាំងណាស់នៅពេលអ្នកមានសមត្ថភាព ហើយមានឱកាសគ្រប់គ្រាន់សម្រាប់បម្រើអំពើយុត្តិធម៌ក្នុងសង្គមហើយ ប៉ុន្តែបែរជាធ្វើខុសវិជ្ជាជីវៈបែបនេះវាជារឿងដែលគួអោយអាម៉ាស់បំផុត។

ការសម្តែងការសោកស្តាយនេះ ក្រោយពេលសភាស៊ើបសួរនៃសាលាឧទ្ធរណ៍កាលពីម្សិលមិញបានបដិសេធលើបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ បន្ទាប់ពីបើកសវនាការកំបាំងមុខជនត្រូវចោទទាំងពីរនេះ ខណៈមេធាវីការពារក្ដីសុំពន្យារពេលដោយអះអាងថា ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍កូនក្ដីរបស់ខ្លួន។

លោកគង់ រ៉ៃយ៉ា ត្រូវបានឃុំខ្លួននៅថ្ងៃទី ១១ ខែ កក្កដា ក្រោមបទចោទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ពាក់ព័ន្ធនឹងការអំពាវនាវលក់អាវយឺតមានរូប និងទស្សនៈរបស់លោកបណ្ឌិត កែម ឡី នៅមុនថ្ងៃគម្រប់ខួប ៣ ឆ្នាំ នៃឃាតកម្មលើលោក កែម ឡី មួយថ្ងៃ។ ដោយឡែក លោកសួង នាគព័ន្ធ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១០កក្កដា ក្នុងបរិវេណស្តារម៉ាតស្តុបបោកគោ ខណៈលោកព្យាយាមចូលរួមពិធីរំលឹកខួប៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី ហើយត្រូវបានតុលាការសម្រេចឃុំខ្លួននៅថ្ងៃទី ១២ ខែ កក្កដា ក្រោមបទចោទដូចគ្នា។

មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថាដោយសារនេះជាសំណុំរឿងពាក់ព័ន្ធនឹងសកម្មជននយោបាយ ឬជាអ្នកដែលធ្លាប់រិះគន់រដ្ឋាភិបាលនផងនោះ ដូច្នេះលោកថាសំណុំរឿងរបស់ពួកគេមិនងាយនឹងត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំឡើយ។

លោកថា សកម្មភាពរបស់យុវជនទាំងពីរនេះ គឺមិនមានអ្វីខុសច្បាប់ទាល់តែសោះ នៅពេលពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះ ប៉ុន្តែលោកមើលឃើញរូបភាពនៃការចាប់ខ្លួន ឃុំខ្លួន និងចោទប្រកាន់យុវជនទាំងពីរនេះ ជារូបភាពកំរាមកំហែង និងបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋច្រើនជាង។

មន្ត្រីសង្គមស៊ីវិលដដែល មើលឃើញថាការបន្តឃុំខ្លួនអ្នកទាំងពីរគឺ មិនមានអ្វីចាំបាច់នោះទេ ប៉ុន្តែលោកថាការបន្តឃុំខ្លួននេះ នឹងវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពគ្រួសាររបស់ពួកគេទាំងពីរទៅវិញ។

ការចាប់ និងឃុំខ្លួនយុវជន គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ ត្រូវបានអង្គការជាតិនិងអន្តរជាតិ ពិសេសអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកផង បានសម្តែងការសោកស្តាយជាខ្លាំង។

ពួកគេថែមទាំងជំរុញឱ្យតុលាការរបស់លោក ហ៊ុន សែន ទម្លាក់បទចោទប្រកាន់ទៅលើពួកគេទាំងពីរ និងដោះលែងពួកគេដោយឥតលក្ខខណ្ឌថែមទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស