28 C
Phnom Penh

ចិន វីវក់នឹងវិបត្តិនៅហុងកុង ដោយចោទ អង់គ្លេសនិងអាមេរិកថាជាអ្នកនៅពីក្រោយបាតុករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស លោក Liu Xiaoming បានបន្តចោទអាមេរិក និងអង់គ្លេស ថាជាអ្នករុញអោយមានស្ថានការណ៍ដ៏អាក្រក់នៅហុងកុង។ Liu Xiaoming បញ្ជាក់ថាទីក្រុងហុងកុង គឺជាទឹកដីរបស់ចិន គឺសូមប្រទេសមួយចំនួនបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រទី១៦ ខែសីហា ថា ប្រតិកម្ម របស់លោក Liu Xiaoming ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍  ទី១៥ ខែសីហា។ អគ្គរដ្ឋទូតចិនរូបនេះបានចោទថាអ្នកនយោបាយលោកខាងលិច និងក្រុមអង្គការមួយចំនួនបានបង្ហាញការគាំទ្រដល់ក្រុមបាតុករដែលបង្កហិង្សា ដោយព្យាយាមលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ហុងកុង ។

លោក Liu Xiaoming បានព្រមានថាបាតុករបង្កហិង្សាទាំងអស់ ត្រូវតែយកមកកាត់ទោសតាមផ្លូវច្បាប់ រីឯបរទេសដទៃត្រូវតែ ប្រុងប្រយ័ត្នចំពោះទង្វើរបស់ខ្លួន។

កាលពីថ្ងៃ ទី១៥ ខែសីហា បណ្ដាញផ្សាយព័ត៌មានបរទេសជាច្រើនបានចុះផ្សាយ និងបញ្ចេញវីឌីអូឃ្លីប អំពីចលនាកងទ័ពចិនដាក់ពង្រាយនៅតាមព្រំដែនហុងកុង។ សេចក្ដីរាយការណ៍របស់ The Global Times  បានបញ្ចេញវីឌីអូឃ្លីបមួយគឺរូបភាពនៃការដាក់ពង្រាយរថពាសដែករថយន្ដដឹកកងទ័ព នៅតាមព្រំដែនជាប់ក្រុងហុងកុង។

ក្នុងវីដេអូនោះក៏បានបង្ហាញរាងយ៉ាងគួរឱ្យខ្លាចដែលសកម្មភាព              នេះកងទ័ពចិន ធ្លាប់វាយបង្រ្កាបយ៉ាងឃោរឃៅទៅលើបាតុករនិស្សិត ទាមទារការកែទម្រង់ការដឹកនាំប្រទេសនៅទីលាន ធៀន អានមេនកាលពីឆ្នាំ១៩៨៩។ វីឌីអូឃ្លីបនេះ បានបង្ហាញទៀតនូវរូបភាពកងកម្លាំងប្រដាប់អាវុធរបស់ ប៉េកាំងបំពាក់ដោយអាវុធគ្រប់ដៃត្រៀមដើម្បីបង្រ្កាបបាតុករ។ យ៉ាងណាក៏ដោយ វីឌីអូឃ្លីបនេះក៏បានបង្ហាញហិង្សាបានផ្ទុះឡើងនៅរយៈពេលប៉ុន្មានថ្ងៃក្រោយនេះនៅទីក្រុងហុងកុង ជុំវិញការប៉ះទង្គិចគ្នារវាងបាតុករនិងប៉ូលីសបង្រ្កាបកុប្បកម្ម ក្រុង ហុងកុង។

ស្របពេលដែលក្រុងប៉េកាំងបង្ហាញទ័ពយ៉ាងអង់អាចដូចនេះ ប្រជាជននៅទីក្រុងហុងកុងក៏បង្ហាញភាពក្លាហានរបស់ពួកគេដែរ។ ក្រុមបាតុករ ប្ដេជ្ញាស្លាប់ដើម្បី ហុងកុង តំបន់ មិនចំណុះរបបកុម្មុយនិស្តចិន ។

ដោយឡែកប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រាប់ទៅមេដឹកនាំចិន ស៊ីជីងភីងថា កុំប្រញាប់ចរចារឿងជម្លោះពាណិជ្ជកម្មនឹងអាមេរិក គឺក្រុងប៉េកាំងត្រូវដោះស្រាយរឿងរបស់ខ្លួនសិនទៅ គឺវិបត្តិនៅទីក្រុងហុងកុង។

លោកត្រាំបានស្នើថាក្រុងប៉េកាំងមិនត្រូវប្រើហិង្សាទៅលើបាតុករក្រុងហុងកុងនោះទេ ហើយថាត្រូវផ្ដល់នុវដំណោះស្រាយដោយអហិង្សាប្រកបដោយមនុស្សធម៌។ មកដល់ពេលនេះគឺជាង២ខែហើយដែល             បាតុករក្រុងហុងកុង ធ្វើបាតុកម្មទាមទារឲ្យលោកស្រី អភិបាលក្រុង ហ្ការីឡាំ ដែលគាំទ្រដោយក្រុងប៉េកាំងចុះចេញពីតំណែង។ បាតុកម្មផ្ទុះដំបូងនៅថ្ងៃ៩មិថុនា ប្រឆាំងនឹងការស្នើច្បាប់របស់លោកស្រី ហ្ការីឡាំដែលធ្វើបត្យាប័ត្រជនសង្ស័យហុងកុងយកទៅជំនុំជម្រះនៅទីក្រុងប៉េកាំង។

តែទោះបីលោកស្រីឡាំបានសម្រេចបោះបង់ចោលសេចក្ដីស្នើច្បាប់នេះក៏ដោយតែទីបំផុតបាតុករបានបន្ថែមការទាមទារមួយទៀតនោះគឺឱ្យស្រ្ដីអភិបាលក្រុងហុងកុងរូបនេះ វេចបង្វិចទៅនៅទីក្រុងប៉េកាំង វិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស