38 C
Phnom Penh

គណៈកម្មការមូលបត្រកម្ពុជា បានក្រើនរំលឹកពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះបុគ្គលនិងក្រុមហ៊ុនបោកប្រាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មការមូលបត្រកម្ពុជា ក្រើនរំលឹកពលរដ្ឋជាថ្មីទៀត ឱ្យឈប់ឱ្យជឿលើការឃោសនាអូសទាញរបស់ក្រុមហ៊ុន និងបុគ្គលមួយចំនួន ដែលបានរកស៊ីបោកប្រាស់ពលរដ្ឋ ក្រោមរូបភាពដាក់ហ៊ុនក្នុងគម្រោងវិនិយោគនានាក្នុងទម្រង់មិនច្បាស់លាស់។

គណៈកម្មការមូលប័ត្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃនេះ ដោយបានលើកឡើងថាកន្លងមកគណៈកម្មការនេះបានរកឃើញថា មានក្រុមហ៊ុន និងបុគ្គលមួយចំនួនបានផ្សព្វផ្សាយ និងទាក់ទាញពលរដ្ឋ ឱ្យដាក់ប្រាក់វិនិយោគ នៅក្នុងគម្រោងវិនិយោគរបស់ពួកគេ ឬដៃគូវិនិយោគរបស់ពួកគេនៅឯបរទេសជាដើម។

គណៈកម្មការដដែលនេះ អះអាងថាករណីប្រភេទនេះឃើញថា ពុំដែលមានការអនុញ្ញាតស្របច្បាប់ និងពុំមានគម្រោងវិនិយោគត្រឹមត្រូវច្បាស់លាស់ ហើយតែងតែឈានទៅដល់ការឆបោក ដែលនាំឱ្យ ពលរដ្ឋទទួលរងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនយ៉ាងច្រើន ។

ស្ថាប័នមួយនេះ ក៏ប្រាប់ពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការវិនិយោគទាំងឡាយណា  ក្រោមរូបភាពជាការចូលហ៊ុនគ្នា ឬទិញចំណែកភាគហ៊ុននៅក្នុងគម្រោងវិនិយោគរួម ឬក្នុងគម្រោងវិនិយោគលើអចលនទ្រព្យ និងអាជីវកម្មជួញដូរទ្រព្យឌីជីថលផង ដោយពួកគេប្រាប់ថាបើពលរដ្ឋដាក់ប្រាក់វិនិយោគ នឹងទទួល បានប្រាក់ចំណេញកប់ក្តោង។

ក្នុងករណីបែបនេះ គណៈកម្មការមូលបត្រកម្ពុជាក៏បាន ជំរុញឱ្យប្រជាពលរដ្ឋរងគ្រោះ ឬចាញ់បោក ត្រូវដាក់ពាក្យប្តឹងទៅតុលាការឬអាជ្ញាធរមានសមត្ថកិច្ចដើម្បីមានវិធានការតាមច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស